ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សម្ដេច ហ៊ុន សែន ស្នើឱ្យ Guinness World Record គិតជាភាគរយនៃប្រជាជនប្រទេស ដែលបំបែកកំណត់ត្រា
14, Apr 2023 , 9:08 am        
រូបភាព
ពីពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ មេសានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ Guinness World Record គួរតែគិតគូរលើចំនួនបំបែកកំណត់ត្រា ដោយគិតជាភាគរយនៃតួលេខប្រជាជនប្រទេសនោះទាំងមូល។


ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការគិតជាភាគរយនៃចំនួនប្រជាជននេះ គឺវាបង្ហាញពីភាពស្មើគ្នា រវាងប្រទេសមានចំនួនប្រជាជនច្រើន និងប្រទេសមានប្រជាជនតិច។ ក្នុងន័យនេះសម្ដេច បានពន្យល់ថា កម្ពុជា បានបំបែកកំណត់ត្រាបេះដូងច្រើនជាងគេលើពិភពលោក ដោយបត់បេះដូងក្រដាសបានជិត៤លាន ។ ដូច្នេះប្រទេសដែលមានប្រជាជនច្រើន ដូចអាម៉េរិក និងឥណ្ឌូណេស៊ី អាចមានលទ្ធភាពបំបែកកំណត់ត្រានេះបាន។ ប៉ុន្តែបើចង់ឱ្យមានភាពស្មើគ្នានោះ ទាល់តែ Gunness World Record ពិនិត្យមើលលើការបំបែកកំណត់ត្រានោះ ថាតើការបត់បេះដូងនេះ បានប៉ុន្មានភាគរយនៃចំនួនប្រជាជនសរុប? ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា បេះដូងដែលកម្ពុជា បត់បានជិត៤លាននេះ ស្មើជាង២០ភាគរយ បើធៀបនឹងចំនួនប្រជាជនជាង១៦លាននាក់។

កម្ពុជា បានបំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» របស់ Guinness World Records។ កម្ពុជា បត់បេះដូងក្រដាស ជាង៣,៩១៧,៨០៥បេះដូង ដែលបានបំបែកកំណត់ចាស់របស់ប្រទេសអង់គ្លេស។ លោកស្រី Tomomi Sekioka តំណាងGuinness World Records បានប្រគល់លិខិតទទួលស្គាល់មកកាន់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១១ មេសានេះ។
 
បើតាមលោក ហ៊ុន ម៉ានី ការបត់បេះដូងនេះ ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនក្នុងស្រុកនានា នូវទឹក១២៥០០០ដុល្លារផងដែរ។ ថវិកាទាំងនេះ លោក ហ៊ុន ម៉ានី ប្រកាសផ្ដល់ជូនអត្តពលិកជនពិការទាំងអស់ ដែលនឹងត្រូវចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ខាងមុខ។ 
 
គួរបញ្ជាក់ថា ម្ចាស់កំណត់ត្រាបេះដូងក្រដាស (Largest display of origami hearts) កាន់កាប់ដោយគម្រោង Paper Hearts Project ក្រុង Chatham ចក្រភពអង់គ្លេស។ គម្រោងនេះ សម្រេចបានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ក្រុមនិស្សិតផ្នែកវិទ្យាសាស្ត្រកីឡា និងលំហាត់ប្រាណ នៃសាកលវិទ្យាល័យ Kent។ 
 
បើតាម Guinness World Records អ្នកចូលរួមបត់បេះដូង គឺពលរដ្ឋរាប់ពាន់នាក់ពីសហគមន៍ជាង៤០នៅតំបន់ Medway និង Kent។ ចំនួនក្រដាសដែលបត់ជាបេះដូងមានចំនួន៥៣ ៧០៤។

Tag:
 (ហ៊ុន សែន
  សង្ក្រាន្ត)
© រក្សាសិទ្ធិដោយ thmeythmey.com