ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កន្លែងស្នាក់នៅក្នុងខេត្តសៀមរាប មណ្ឌលគិរី និងតំបន់ឆ្នេរ មានភ្ញៀវកក់​សឹង​១០០​ភាគ​រយ
14, Apr 2023 , 12:00 pm        
រូបភាព
ភ្ញៀវទេសចរដើរទស្សនប្រាសាទក្នុងខេត្តសៀមរាបថ្ងៃទី១៣មេសា ឆ្នាំ២០២៣។
ភ្ញៀវទេសចរដើរទស្សនប្រាសាទក្នុងខេត្តសៀមរាបថ្ងៃទី១៣មេសា ឆ្នាំ២០២៣។
បាត់ដំបង៖ សណ្ឋាគារផ្ទះសំណាក់ រួមទាំងសេវាស្នាក់នៅទេសចរណ៍​នៅតាមគោលដៅ​ទេសចរណ៍​សំខាន់ មានខេត្តសៀមរាប មណ្ឌលគិរី ព្រះសីហនុ រួមទាំងតំបន់ឆ្នេរ ទទួលបាន​ការកក់ស្ទើរ​ពេញ​១០០ភាគរយទៅហើយនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
 
មុនឈានដល់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំ ក្រសួងទេសចរណ៍ កត់សម្គាល់ឃើញថាភ្ញៀវទេសចរបាននាំគ្នាដើរកម្សន្តជាបន្តបន្ទាប់ នៅតាមបណ្ដាទីតាំងទេសចរណ៍នីមួយៗ។
 
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី៣ ដល់៩មេសា កម្ពុជា​មានភ្ញៀវទេសចរ​ រហូតដល់៣៧ម៉ឺននាក់បានចេញដើរកម្សាន្ត។ តំបន់គោលដៅ ដែលមានភ្ញៀវដើរកម្សាន្តច្រើនជាងគេ ខេត្តសៀមរាបព្រះសីហនុ និងព្រះវិហារ។ 
 
លុះដល់ចុងសប្ដាហ៍នេះ តំបន់គោលដៅ ពិសេសខេត្តសៀមរាប មណ្ឌលគិរីនិងតំបន់ឆ្នេរ មាន​ការកក់កន្លែងស្នាក់នៅ ស្ទើរពេលទាំងអស់១០០ភាគរយសម្រាប់ត្រៀមស្នាក់នៅ​នាថ្ងៃឈប់សម្រាក់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
 
ជាមួយគ្នាដែរ ក្រសួង ក្រើនរំលឹកឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តផ្សព្វផ្សាយសារាចរ​ណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ពិសេសការកំណត់តម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម។ 
 
ឆ្នាំនេះ រដ្ឋបានរៀបចំកម្មវិធីអង្គសង្រ្កាន្តនៅខេត្តសៀមរាបនិងកម្មវិធីប្រពៃណីជាច្រើន​ទៀត ដើម្បីបង្កើតឱកាសសប្បាយរីករាយដល់ប្រជាជនខណៈបណ្តារាជធានី-ខេត្ត​ទាំងអស់​ក៏បានត្រៀមខ្លួនជាច្រើន ក្នុងការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួន។
 
សូមជម្រាបដែរថា បណ្តាស្ថាប័ន អង្គភាព គ្រឹះស្ថានសិក្សា និងក្រុមហ៊ុនឯកជនមួយចំនួន កាលពីដើមសប្ដាហ៍នេះ ក៏ប្រារព្ធកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីជាមួយ ការតុបតែង ការលេង​ល្បែង​ប្រជាប្រិយ និងការជួបជុំកម្សាន្តសប្បាយជាមួយបុគ្គលិកផងដែរ៕  

Tag:
 ចូលឆ្នាំខ្មែរ
  ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com