ជាតិ
សង្រ្កាន្តឆ្នាំថ្មី
តើប្រជាជនខ្មែរ គួរឬមិនគួរលេងល្បែងជះទឹក និងប៉ាតម្សៅ នៅតាមដងផ្លូវ ក្នុងរដូវចូលឆ្នាំថ្មី?
14, Apr 2023 , 2:00 pm        
រូបភាព
ភ្នំពេញ៖ ការលេងល្បែងជះទឹក និងប៉ាតម្សៅ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមដងផ្លូវ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ប្រការវិជ្ជមាន ល្បែងទាំងពីរនេះ ផ្ដល់ភាពសប្បាយរីករាយ ផ្ដល់ភាពស្និទ្ធស្នាល និងបង្ហាញការយោគយល់គ្នាជាដើម។ ប៉ុន្តែចំណុចអវិជ្ជមានវិញ គឺអាចនាំឱ្យបាត់បង់ទ្រព្យ ឬគ្រឿងអលង្ការ ប្រឡាក់សម្លៀកបំពាក់ប្រពៃណី ដោយការប៉ាតម្សៅ និងអាចរងនូវការបន្លំ ឬប្រមាថដោយចេតនា។ អាចមានគ្រោះថ្នាក់ចរាចរណ៍ ឬអាចដួលដោយការគប់ទឹក។ ពិសេសគឺការខ្ជះខ្ជាយទឹកស្អាត សម្រាប់ប្រើប្រាស់ ខណៈពិភពលោកកំពុងជួបវិបត្តិខ្វះទឹកស្អាត។

 
ល្បែងជះទឹកត្រូវបានប្រជាជនខ្មែរ ពេញនិយមលេង ស្ទើរតែគ្រប់ខេត្តក្រុង។ តាមការសង្កេតជាក់ស្តែង តាំងពីអំឡុងដើមឆ្នាំ២០០០ គេឃើញនៅតាមវត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ពុទ្ធបរិស័ទបានលេងល្បែងជះទឹកដាក់គ្នា ក្រោយពីពួកគេបានស្រង់ទឹកព្រះពុទ្ធរូបរួចរាល់។ កាលអំឡុងឆ្នាំនោះ ប្រជាជនខ្មែរភាគច្រើន លេងល្បែងជះទឹកដាក់គ្នា តែនៅក្នុងវត្តអារាម ហើយលេងតែនៅថ្ងៃទី៣ ឬនៅថ្ងៃចុងបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប៉ុណ្ណោះ។ 
 

 
ក្រោយៗមកទៀត ល្បែងនេះរីកសាយភាយ ចេញពីវត្តចូលដល់ក្នុងភូមិ ក្នុងសហគមន៍ និងបានហូរចូលដល់ក្នុងសាលារៀន។ មានក្មេងៗជាពិសេសយុវជន បាននាំគ្នាដាក់ធុង ឬប៉ោតទឹកនៅមុខផ្ទះ រង់ចាំអ្នកធ្វើដំណើរ តាមម៉ូតូ កង់ ឬដើរឆ្លងកាត់ ដើម្បីពួកគេជះទឹកដាក់ជនទាំងនោះ។ ហើយវា បានបន្តមកដល់ពេលបច្ចុប្បន្ន។
 
ល្បែងកម្សាន្តទាំងអស់ បង្កើតឡើងដើម្បីបង្កភាពសប្បាយរីយរាយ និងបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។ ប៉ុន្តែពួកវាក៏អាចក្លាយជា ដើមហេតុនៃសេចក្ដីទុក្ខបានដែរ នៅពេលដែលអ្នកលេងមិនបានប្រុងប្រយ័ត្ន ឬលេងខុសទីតាំង  ដូចពាក្យចាស់បានពោលថា ៖ ប្រយ័ត្នសប្បាយ ក្លាយជាទុក្ខ។ ដូច្នេះគ្រប់ល្បែងកម្សាន្តទាំងអស់ តែងមានផលវិជ្ជមាន និងអវិជ្ជមាន។
 
ផ្ដើមចេញពីផលវិជ្ជមាន នៃការលេងល្បែងជះទឹក នៅតាមដងផ្លូវសាធារណៈ។ ល្បែងនេះនឹងជួយឱ្យអ្នកលេង ទទួលបានភាពត្រជាក់រាងកាយស្រួលខ្លួន។ បង្កើតអារម្មណ៍សប្បាយរីករាយ។ បង្កើនភាពស្និទ្ធស្នាល រវាងភូមិក្បែរគ្នា និងការយោគយល់គ្នា ពេលមានការប៉ះពារដោយអចេតនាជាដើម។
 
ចំណែកការប៉ាតម្សៅវិញ អាចឱ្យពួកគេមានអារម្មណ៍ល្អ ព្រោះមានក្លិនក្រអូបជាប់រាងកាយ។ អាចឱ្យពួកគេនឹករលឹកដល់អនុស្សាវរីយ៍ នៃភាពសប្បាយរីករាយនារដូវចូលឆ្នាំ រាល់ពេលពួកគេធំក្លិនម្សៅទាំងនោះ នៅគ្រប់ទីកន្លែង។ ជារូបភាពបង្ហាញការអធ្យាស្រ័យឱ្យគ្នា ក្នុងលក្ខខណ្ឌមានការលើសលស់ ដោយការប៉ះពាល់សាច់ជាដើម។ 
 
ចំពោះផលអវិជ្ជមានវិញ ការលេងល្បែងជះទឹកនៅតាមផ្លូវសាធារណៈ អាចនឹងមានគ្រោះថ្នាក់ជាច្រើន។ ប្រសិនបើផ្លូវមានចរាចរមមាញឹក អាចមានគ្រោះថ្នាក់ចរាចរណ៍ ដោយការគេចទឹក ឬដោយការទប់ជំហរមិនបាន (រេដៃចង្កូត)។ ទឹកអាចចូលភ្នែក ពិបាកមើលផ្លូវ។ អាចប្រឡាក់ខូចសម្លៀកបំពាក់ ប្រសិនទឹកនោះមានដាក់ពណ៌។ មានរូបភាពមិនសូវគាប់ភ្នែក ចំពោះនារីដែលស្លៀកពាក់ស្ដើង។ អាចមានការថ្នាំងថ្នាក់ ឬខឹងគ្នា នៅពេលពួកគេជះទឹកដាក់អ្នកដែលមិនចង់លេង។ 
 
អ្វីដែលសំខាន់បំផុត ការលេងល្បែងជះទឹក ជាការខ្ជះខ្ជាយទឹក ដែលពិភពលោក កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីធនធានទឹក ដែលចេញផ្សាយនៅក្នុងទិវាទឹកអន្តរជាតិ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យ៉ាងហោចណាស់មនុស្ស ២៣០០លាននាក់ នៅទូទាំងពិភពលោក កំពុងរស់នៅតាមប្រទេស ដែលមានសម្ពាធដ៏លំបាក ដោយសារតែបញ្ហាគ្មានទឹកប្រើប្រាស់។ 
 
ហើយមនុស្សចំនួន២ពាន់លាននាក់ គឺគ្មានទឹកស្អាតប្រើសប្រាស់ និងបរិភោគប្រចាំថ្ងៃឡើយ។ យោងតាមការរាយការណ៍ចុងក្រោយ របស់អ្នកជំនាញអាកាសធាតុ នៃអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា យ៉ាងហោចណាស់ មនុស្សពាក់កណ្ដាល ដែលរស់នៅលើផែនដី បានរងនូវបញ្ហាខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ ក្នុងរយៈពេលណាមួយ ជារៀងរាល់ឆ្នាំ។ មនុស្សពី២០ ទៅ២៥ភាគរយ នៅលើភពផែនដី នឹងគ្មានទឹកស្អាតបរិភោគទេ នៅពេលខាងមុខ។
 
ពិតណាស់ថា មូលហេតុដែលបណ្ដាលឱ្យពិភពលោកខ្វះទឹកស្អាតប្រើប្រាស់ មានកត្តាច្រើនចូលរួមចំណែក។ ទោះជាយ៉ាងណាក៏ដោយ ការលេងជះទឹកក៏ អាចជាដើមហេតុ នៃការខ្ជះខ្ជាយ ឬបំផ្លាញទឹកស្អាត ដោយឥតប្រយោជន៍ដែរ។ 
 
មកពិចារណាអំពី ផលអវិជ្ជមានចំពោះការលេងប៉ាតម្សៅវិញ។ ល្បែងនេះ អាចបង្កជាអំពើចោរកម្មបាន។ យើងមិនអាចដឹងបានឡើយ ថាអ្នកលេងទាំងនោះ សុទ្ធតែជាមនុស្សល្អ ឬមានមនុស្សអាក្រក់លាយឡំជាមួយ។ នៅពេលប៉ាតម្សៅ ពួកគេអាចបន្លំលួចផ្ដាច់ខ្សែក ឬក្រវិល ឬបន្លំដោះចិញ្ជៀនក៏ថាបាន។ ហើយអ្នកដែលប្រឈមខ្លាំងជាងគេ គឺនារី។ បញ្ហាមួយទៀត គឺការបន្លំដោយចេតនា ទៅប៉ះពាល់សាច់ ឬផ្នែកផ្សេងៗនៃរាងកាយនារី។ នារីអាចទទួលរងការប្រមាថ ពីជនឆ្លៀតឱកាសមួយចំនួន ដោយមិនដឹងខ្លួន ក្រោមពាក្យថា បើលេងកុំប្រកាន់ បើប្រកាន់កុំលេង ហើយក៏ក្រោមពាក្យថា អចេតនា។
 
សរុបជារួមមក គ្រប់ល្បែងទាំងអស់ មិនមានកំហុសឡើងយ ប៉ុន្តែមនុស្សទេដែលធ្វើឱ្យល្បែងទាំងនោះ ក្លាយជាដើមចមនៃអំពើអាក្រក់។ លោកអ្នកមានសិទ្ធិជ្រើសរើសលេង ឬមិនលេងល្បែងទាំងពីរ អាស្រ័យលើការពិចារណារបស់ខ្លួនដោយល្អិតល្អន់ និងដោយស្មារតីទទួលខុសត្រូវផ្ទាល់ខ្លួន៕

Tag:
 ប្រពៃណី
  ល្បែង
  ចូលឆ្នាំ
  ទឹក
  ម្សៅ
  ប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com