ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែងអុកចត្រង្គ សម្រាប់កងទ័ពលេងឱ្យមានប្រាជ្ញា ក្នុងការប្រើឧបាយកលក្នុងចម្បាំង
14, Apr 2023 , 3:00 pm        
រូបភាព
ល្បែងចត្រង្គ ឬល្បែងអុក ឬល្បែងឈើត្រង់ គឺជាល្បែងមានមកតាំងពីបុរាណកាលមក។ ល្បែងនេះ សម្រាប់កងទ័ពលេងឱ្យមានប្រាជ្ញាវាងវៃ ក្នុងការប្រើឧបាយកលក្នុងចម្បាំង។



មូលហេតុដែលគេហៅថា ល្បែងអុក ដោយសារតែល្បែងនេះ មានគោលដៅសម្លាប់«ខុន» បើកូនចត្រង្គណាមួយ ដើរដល់ក្រឡាដែលអាចស៊ី «ខុន» បាន ។ នៅពេលដែលគេវាយសម្រុកដើម្បីសម្លាប់គូបដិបក្ខនោះ គេតែងបន្លឺពាក្យថា «អុក» ។

ចំពោះពាក្យ «ចត្រង្គ» ក្លាយមកពីភាសាសំក្រឹត និងបាលី  «ចតុរង្គ» ប្រែថា «មានអង្គបួន»។ ល្បែងនេះ មានវិធីលេងដូចជាចម្បាំង ដែលមានសេនាកងទ័ពប្រកបដោយអង្គ ៤ គឺកងទ័ពដំរី កងទ័ពសេះ កងទ័ពរថ និងកងទ័ពថ្មើរជើង។
 
អត្ថប្រយោជន៍ នៃការលេងល្បែងចត្រង្គ គឺជាល្បែងបង្ហាត់ចិត្តឱ្យរឹងមាំ ប្រកាន់យកការទ្រាំតស៊ូ ក្នុងកិច្ចការដែលជាមុខនាទីរបស់ខ្លួន ដែលត្រូវធ្វើ។ គុណប្រយោជន៍នៃការលេងល្បែងនេះ គឺត្រូវបានវីរបុរស ឬវរជន យកតម្រាប់តាមកលឧបាយក្នុងល្បែងចត្រង្គនេះ ទៅប្រើក្នុងសឹកសង្គ្រាម។ នោះក៏ព្រោះអ្នកចម្បាំង ត្រូវតែជាអ្នកចេះធ្វើកលឧបាយច្រើនជាន់ ច្រើនផ្លូវ មានប្រាជ្ញាវាងវៃ មានកលល្បិចច្រើនស្រទាប់ ដែលធ្វើឱ្យគូសត្រូវ វង្វេងស្មារតី ភ្លាត់ស្នៀត ទើបយកជ័យជម្នះបាន ។ វាប្រៀបបានដូចជាអ្នកលេងចត្រង្គ ដែលមានប្រាជ្ញា ចេះប្រើកលឧបាយយកឈ្នះលើគូប្រកួតខ្លួនបាន។
 
«ក្នុងទិដ្ឋភាពជារួម ល្បែងចត្រង្គ ឬល្បែងអុកបង្កប់នូវគំនិតដ៏មានសារៈសំខាន់ជាច្រើន បើយើងប្រៀបធៀបល្បែងនេះ ទៅនឹងក្រុមការងារមួយ ឬប្រទេសមួយ។ ក្នុងនោះកូនចត្រង្គម ឬកូនអុក ដែលមានចំនួន៦ប្រភេទខុសគ្នា (ខុន គោល នាង សេះ ទូក ត្រី) មានមុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវផ្សេងៗគ្នា និងត្រូវប្រតិបត្តិតាមក្បួនច្បាប់រៀងៗខ្លួន ក្នុងការការពារ ទប់ស្កាត់ និងវាយបកគូបដិបក្ខ»។ នេះបើតាមឯកសារចងក្រងដោយសហព័ន្ធអុកចត្រង្គ ដែលត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា យកមកផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
 
ប្រការនេះប្រៀបបានទៅដូចជាសមាជិកក្នុងក្រុមការងារ ឬប្រជាពលរដ្ឋម្នាក់ៗ ត្រូវយល់ពីតួនាទី ភារកិច្ច សិទ្ធិ គោលការណ៍ច្បាប់ ដែលត្រូវប្រតិបត្តិប្រកបដោយភាពស្មោះត្រង់ ការទទួលខុសត្រូវ កិច្ចសហការជាយុទ្ធសាស្រ្ត សាមគ្គី ស្មារតីធ្វើការងារជាក្រុម ជួយការពារគ្នាទៅវិញទៅមក ដើម្បីសម្រេចការងារអ្វីមួយ ក្នុងគោលដៅការពារ និងកសាងប្រទេសជាតិមួយ ឱ្យបានសុខសាន្ត រុងរឿង និងវិបុលភាព។
 
ប្រដាប់សម្រាប់លេងល្បែងនេះ គេហៅថា «កូនចត្រង្គ» ។ កូនចត្រង្គ មាន៣២គ្រាប់ សម្រាប់ដើរលើក្ដារបួនជ្រុង ដែលមាន៦៤ក្រឡា នោះ គឺគេហៅថា ក្ដារអុក។ ចំពោះកូនអុកទាំង៣២គ្រាប់នេះ ត្រូវចែកឱ្យ១៦គ្រាប់ដូចគ្នា សម្រាប់អ្នកលេង។ ដោយក្នុងនោះ ២គ្រាប់ ជា «ខុន» គេទុកជាស្ដេចសោយរាជ្យ មានរូបសណ្ឋានដូចសន្លឹកសីមា, កូន២ ទៀត គេហៅថា «នាង» ទុកជាព្រះអគ្គមហេសី មានរូបសណ្ឋានដូចតួចេតិយ, កូន៤គ្រាប់ ជា«គោល» មានសណ្ឋានដូចស្លឹកសីមា តែមានទំហំតូចជាងគ្រាប់ខុន ដែលគេទុកជាសេនាបតី ឬមេទ័ព, កូន៤ទៀត ជា «ទូក» ដែលមានសណ្ឋានថូ ឬសសីមា ។ ចំណែកកូន១៦គ្រាប់ ជា«ត្រី» ដែលមានសណ្ឋានមូលសំប៉ែត ប៉ុនប្រាក់កាក់ ដោយមានសញ្ញាឱ្យដឹងថា ជាពោះ និងខ្នង ។

គ្រាប់«ត្រី» ទាំងនេះ គេចាត់ទុកជាសេនារេហ៍ពល។
 
ល្បែងអុកនេះ គេលេងជាលក្ខណៈប្រកួតដោយចែកពីរក្រុម ដែលអាចមួយនាក់ ទល់មួយនាក់ ឬមួយក្រុមនិងមួយក្រុម ដែលមានគ្នាចាប់ពី២ ឬ៣នាក់ឡើងទៅក៏បាន។ អ្នកលេងទាំងពីរក្រុម ត្រូវយកកូនទាំង៣២គ្រាប់នេះ ទៅចែកគ្នា ម្ខាង១៦គ្រាប់ ដោយមានព័ណ៌ខ្មៅ និងព័ណ៌ស ដើម្បីងាយស្រួលលេង និងចំណាំ ។ ម្ខាងត្រូវមាន ខុន១ , នាង១ , គោល២, សេះ២ , ទូក២ និងត្រី៨គ្រាប់។

Tag:
 (អុកចត្រង្គ
  សង្ក្រាន្ត
  ចូលឆ្នាំខ្មែរ)
© រក្សាសិទ្ធិដោយ thmeythmey.com