កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
លោក Conor Nestor៖ ខ្ញុំ ចូលចិត្តពិធីបុណ្យចូលឆ្នាំខ្មែរ និងមានកម្ពុជាក្នុងបេះដូង
14, Apr 2023 , 8:00 pm        
រូបភាព
លោក Conor Nestor មើកការហ្វឹកហាត់របស់កីឡាករព្រះខ័នរាជ ស្វាយរៀង រូបពី Cambodian Premier League
លោក Conor Nestor មើកការហ្វឹកហាត់របស់កីឡាករព្រះខ័នរាជ ស្វាយរៀង រូបពី Cambodian Premier League
លោក Conor Nestor អតីតគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង នឹងចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ មុនមានភារៈកិច្ចចាកចេញទៅក្រៅប្រទេស ដើម្បីដឹកនាំក្រុមថ្មីនៅទឹកដីឥណ្ឌា។ លោក Nestor ដែលមានភរិយាកម្ពុជា បង្ហាញការពេញចិត្តការរៀបចំពិធីចូលឆ្នាំខ្មែរ និងរួមចំណែកក្នុងវប្បធម៌កម្ពុជា។

 
ជាមួយក្លិបព្រះខ័នរាជ ស្វាយរៀង អស់រយៈពេល ៥រដូវកាល ក្នុងតំណែងជាគ្រូបង្វឹក លោក Conor Nestor បានចូលរួម ចែករំលែកជាច្រើនក្នុងវិស័យបាល់ទាត់នៅកម្ពុជា ដែលនៅក្នុងនោះមានគម្រោងអភិវឌ្ឍយុវជន និងថ្នាលរបស់ក្លិប ហើយក៏មានគម្រោង នៃការលើកកម្ពស់ស្ដ្រី នៅក្នុងវិស័យបាល់ទាត់ផងដែរ។ ហើយជារៀងរាល់ឆ្នាំ នៃពិធីចូលឆ្នាំខ្មែរ គ្រូជនជាតិអៀរឡង់នេះ ក៏បានចូលរួមផងដែរ។


លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជ ស្វាយរៀង រូបពី Cambodian Premier League

លោក Conor Nestor បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា រូបលោក ពិតជាសប្បាយចិត្ត ដែលបានចូលរួមក្នុងពិធីចូលឆ្នាំខ្មែរ ហើយនេះ ក៏ជាការទទួលយកបទពិសោធន៍ និងស្គាល់នៅវប្បធម៌របស់កម្ពុជា។ អតីតគ្រូបង្វឹកព្រះខ័នរាជ ស្វាយរៀងរូបនេះ បាននិយាយដូច្នេះថា៖« ខ្ញុំ ចូលចិត្តពិធីចូលឆ្នាំខ្មែរ នៅពេលប្រជាជនមកជួបជុំគ្នា។ អំឡុងពេលនោះ ខ្ញុំធ្លាប់បានទៅសៀមរាប និងភ្នំពេញ ហើយក៏ធ្លាប់បានទៅភ្នំជីសូ។ ធ្លាប់ ចំណាញពេលចូលឆ្នាំខ្មែរ នៅទីនោះ។ ខ្ញុំ បានឃើញប្រជាជនមកជួបជុំគ្នា ហើយប្រារព្ធបុណ្យចូលឆ្នាំ។ ខ្ញុំ សប្បាយចិត្ត ដែលរួមចំណែកក្នុងវប្បធម៌កម្ពុជា។»។
 
លើសពីនេះទៅទៀត គ្រូបង្វឹកវ័យ ៣៨ឆ្នាំនេះ បានបន្ថែមទៀត រូបលោក គឺនៅតែមានកម្ពុជា ក្នុងបេះដូងជានិច្ច ព្រោះមានអនុស្សាវរីយ៍ជាច្រើនបានសាងនៅទីនេះ ជាពិសេសទៀត គឺការចូលរួម ដែលមានរយៈ៥ឆ្នាំកន្លះ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង។
 
គួរបញ្ជាក់ថា គ្រូជនជាតិអៀរឡង់រូបនេះ គ្រោងនឹងទៅលេងប្រទេសកំណើតខ្លួន នាសប្ដាហ៍បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ មុនពេលបន្ដទៅប្រទេសឥណ្ឌា ដែលជាកន្លែងបន្ដអាជីពជាមួយក្លិបនៅទីនោះ។ លោក Conor Nestor ចូលមកដឹកនាំក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ។ នៅឆ្នាំ២០១៩ លោកបានជួយឱ្យក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់ Metfone Cambodian League ហើយលោកបានជួយឱ្យក្រុមមានឈ្មោះលេងក្នុងពានរង្វាន់ AFC CUP វគ្គPlay-off នៅឆ្នាំ២០២០ ផងដែរ៕

Tag:
 (បុណ្យចូលឆ្នាំ
  សង្ក្រាន្ដ
  Conor Nestor)
© រក្សាសិទ្ធិដោយ thmeythmey.com