ជាតិ
លោក នេត សាវឿន ឱ្យស្នងការតាមខេត្តពង្រឹងវិធានការទប់ស្កាត់អគ្គិភ័យនៅរដូវប្រាំង
14, Apr 2023 , 4:20 pm        
រូបភាព
ករណីអគ្គិភ័យកើតឡើងនាពេលកន្លងមក។
ករណីអគ្គិភ័យកើតឡើងនាពេលកន្លងមក។
បាត់ដំបង៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិឱ្យ មន្ត្រីផ្នែកពន្លត់អគ្គិភ័យ និង​ស្នង​ការតាមបណ្ដាខេត្ត ឱ្យពង្រឹងបន្ថែមលើវិធានការបង្ការ និងពន្លត់អគ្គិភ័យ នា​រដូវ​ប្រាំង​នេះ ដើម្បីជួយការពារអាយុជីវិតពលរដ្ឋ។ នេះបើតាមសេចក្ដីណែនាំ ស្តីពីការបង្កើនវិធាន​ការ​បង្ការ និងពន្លត់អគ្គិភ័យក្នុងរដូវប្រាំង។

 
 
រៀងរាល់ឆ្នាំភយន្តរាយ បណ្ដាលពីគ្រោះថ្នាក់អគ្គិភ័យ នៅតែកើតមានឡើង ពិសេស​នៅរដូវប្រាំង​។ ករណីនេះ បង្កមហន្តរាយធ្ងន់ធ្ងររហូតដល់បាត់បង់​ជីវិតមនុស្ស ខូចខាត​ ផ្ទះសំបែង អគារគ្រប់ប្រភេទ រួមទាំងប៉ះពាល់បរិស្ថាន។ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យឱ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យជំរុញពីរបៀបបង្ការអគ្គិភ័យ។ 
 
ក្នុងសេចក្ដីណែនាំទៅមន្ត្រីពន្លត់អគ្គិភ័យ និងស្នងការខេត្ត បញ្ជាក់ថា ក្រុមបង្ការ និង​ពន្លត់អគ្គិភ័យដែលមានកាតព្វកិច្ចនៅតាមអគារ គ្រឹះស្ថាន និងគោលដៅ គឺត្រូវតម្រូវឱ្យមាន
ប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ។ ចំពោះអ្នកគ្រប់គ្រងអគារ គ្រឹះស្ថាន និងគោលដៅ ត្រូវគាំទ្រ ការបំពាក់ឯកសណ្ឋាន សម្ភារៈ ការហ្វឹកហ្វឺនអំពីជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះសម្រាប់ ជាជំនួយដល់ការពន្លត់ និងសង្គ្រោះបឋមក្នុងហេតុការណ៍អគ្គិភ័យ។ 
 
ជាមួយគ្នាដែរ ត្រូវចាត់តាំងរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ឱ្យបានទៀងទាត់
ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីអគ្គិភ័យ និងវិធានការ បង្ការ អគ្គិភ័យឱ្យបានទូលំទូលាយដល់សាធារណជន​ទូទៅ។ លើសពីនេះ ត្រូវបង្ហាញ​ជាក់ស្ដែង អំ​ពីនីតិវិធី និងវិធីសាស្ត្រនៃការពន្លត់អគ្គិភ័យតាមបែបបុរាណ​ បច្ចេកទេស​នៃការ​ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ។ មន្ត្រីពន្លត់អគ្គិភ័យ និងស្នងការតាមខេត្ត ត្រូវចុះ​ផ្សព្វផ្សាយ ក្រើនរំលឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ និងគោលដៅងាយរងគ្រោះ ដើម្បីឱ្យមាន​ការ​ប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការ និងពន្លត់អគ្គិភ័យ។ ចំពោះ ការតភ្ជាប់ចរន្ត​អគ្គិសនី ប្រើប្រាស់គ្រឿងអេឡិចត្រូនិក ភ្លើងចង្ក្រាន ទៀនធូប រួមទាំងការដុតសំរាម ស្មៅ ដុតព្រៃចាប់សត្វយកឃ្មុំ ដែលបង្កឱ្យមានអគ្គិភ័យកើតឡើង ត្រូវពន្យល់ណែនាំដល់ពលរដ្ឋ​ឱ្យបង្កើនការប្រុងប្រយ័ត្នផងដែរ។ 
 
លោក នេត សាវឿន ក៏បានណែនាំពី វិធីសាស្ត្របែបបុរាណក្នុងការពន្លត់អគ្គិភ័យ តាម​គេហដ្ឋាននីមួយៗ ត្រូវមាន ភួយ បាវ ឬក្រណាត់ជក់ទឹក សម្រាប់ប្រើប្រាស់​ពេលមាន​អគ្គិភ័យកើតឡើង។ រីឯ វិធីសាស្ត្របែបសម័យទំនើប ត្រូវត្រៀមបម្រុងនូវ បំពង់ពន្លត់ អគ្គិភ័យ​​គ្រប់ប្រភេទ បាល់ពន្លត់អគ្គិភ័យ សារធាតុផ្សំពីទឹក កួយពន្លត់អគ្គិភ័យ ម៉ូទ័រ ឬ​ម៉ាស៊ីនបូមទឹកចល័ត។ មន្ត្រីផ្នែកពន្លត់អគ្គិភ័យ និងស្នងការខេត្ត ត្រូវហ្វឹកហ្វឺនកម្លាំង​ជា​ប្រចាំរៀងរាល់សប្តាហ៍ ដើម្បីរំលឹកបច្ចេកទេស និងលើកកម្ពស់សមត្ថភាពស្ទាត់ជំនាញ
ក្នុងការពន្លត់អគ្គិភ័យ និងពង្រឹងកាយសម្បទារឹងមាំ រហ័សរហួន ដើម្បីធានាដល់កិច្ច​ប្រតិបត្តិការ​​ពន្លត់អគ្គិភ័យ និងសង្គ្រោះឱ្យមានស័ក្ដិសិទ្ធភាព​៕

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com