ជាតិ
សង្រ្កាន្តឆ្នាំថ្មី
បណ្តាទូតបរទេស រីករាយជាមួយទិដ្ឋភាពវប្បធម៌ខ្មែរ នាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
14, Apr 2023 , 3:44 pm        
រូបភាព
ដោយ គី ចំណា និង តេង យ៉ាលីរ៉ូហ្ស៊ី

នាថ្ងៃទីមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូត រាជទូត និងតំណាងទូតនៃបណ្តាប្រទេសមួយចំនួន ដូចជាជប៉ុន ឥណ្ឌា បារាំង សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាដើម សុទ្ធតែបានទៅទស្សនាទីតាំងកម្សាន្ត «ភូមិខ្ញុំ» នាបរិវេណប្រាសាទបាយ័ន។


ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក លោក W. Patrick Murphy បានថ្លែងប្រាប់សារព័ត៌មាន Cambodianess ថា កម្ពុជា មានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យ។ លោកបន្ថែមថា អាម៉េរិកជាដៃគូដ៏សំខាន់មួយជាមួយពលរដ្ឋខ្មែរលើកិច្ចការការពារ និងថែរក្សាវប្បធម៌។
 
«វាជាឱកាសដ៏ថ្លៃថ្លាក្នុងការស្វាគមន៍ឆ្នាំថ្មី ដែលជាឆ្នាំនៃក្តីសង្ឃឹម សន្តិភាព សុខភាព និងវិបុលភាព»។ នេះជាការបញ្ជាក់របស់លោក W. Patrick Murphy។
 
សម្រាប់លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសឯណោះវិញ នេះជាលើកដំបូងបំផុតហើយដែលលោកអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា។ 
 
«ពិតជាអស្ចារ្យខ្លាំងណាស់ដែលខ្ញុំមានវត្តមាននៅទីនេះ។ នេះជាការអបអរយ៉ាងអធិកអធម ហើយខ្ញុំរីករាយណាស់ ដែលខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានចូលរួមអបអរសាទរ»។ លោក Dominic Williams បានលើកឡើងយ៉ាងដូច្នេះ។
 
 
មិនខុសគ្នានោះឡើយ លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មើលឃើញថា កម្ពុជា និងឥណ្ឌា មានវប្បធម៌ និងប្រពៃណីរួមគ្នាមួយចំនួន ហើយពលរដ្ឋផ្តល់តម្លៃលើទំនៀមទម្លាប់រៀងៗខ្លួន។
 
ចំណែកឯលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដំណើរទៅទស្សនាភូមិកីឡាស៊ីហ្គេម ដែលភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com