ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ពិធីបុណ្យចូលឆ្នាំខ្មែរ មានតាំងពីសម័យអង្គរ
14, Apr 2023 , 10:40 pm        
រូបភាព
ពិធីបុណ្យចូលឆ្នាំខ្មែរមានតាំងពីសម័យអង្គរ
ពិធីបុណ្យចូលឆ្នាំខ្មែរមានតាំងពីសម័យអង្គរ
ដោយ:
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានប្រារព្ធឡើងចាប់តាំងពីសម័យអង្គរនៃការគ្រប់គ្រង របស់ព្រះបាទជ័យវរ្ម័នទី៧។ កាលពីសម័យនោះ ចូលឆ្នាំត្រូវបានរៀបចំនៅខែកត្តិក ដោយរួមបញ្ចូលទាំងកម្មវិធីពិព័រណ៍ផលិតផលកសិកម្ម និងពីធីបុណ្យអុំទូកផង។ នេះបើតាមលោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ ។

 
សូមលោក អ្នកនាងតាមដានបទសម្ភាសរវាងអ្នកសារព័ត៌មានThmeThmey និងលោក សំបូរ មាណ្ណារ៉ា ជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរដូចតទៅ៖

 
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរបានប្រាប់សារព័ត៌មានថ្មីៗថា ពិធីបុណ្យចូលឆ្នាំខ្មែរ មានតាំងពីសម័យអង្គរមក តាមរយៈវត្ថុតាង ដែលត្រូវបានបង្ហាញលើជញ្ជាំងប្រាសាទ។ បើតាមលោក មាណ្ណារ៉ា ការប្រារព្ធពិធីបុណ្យចូលឆ្នាំកាលពីសម័យមុន ត្រូវបានធ្វើឡើងក្នុងខែកត្តិក  ប៉ុន្ដែក្រោយៗមកក៏បានប្តូរមកធ្វើនៅខែចែត្រវិញ។ 
 
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែររូបនេះ ពន្យល់ថា៖  « កាលមុនចូលឆ្នាំនិងអុំទូកត្រូវបានធ្វើរួមគ្នា លុះក្រោយមកដោយសារនៅអំឡុងខែវិច្ឆិកា ប្រជាកសិករមិនទាន់ប្រមូលផលរួចរាល់ និងនៅរវល់ការងារស្រែចម្ការច្រើន ដូច្នេះគេក៏បានលើកមកធ្វើនៅក្នុងខែចែត្រវិញ។ ចំពោះអុំទូកមិនត្រូវបានប្តូរទេ ព្រោះបើប្តូរ(មកខែចែត្រ) មិនមានទឹកគ្រប់គ្រាន់»។
  
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ (រូបផ្ដល់ឱ្យ)
 
ជាមួយគ្នានោះ  លោកបន្តថា ពិធីចូលឆ្នាំខ្មែរកាលពីសម័យមុន មានបញ្ជូលនូវកិច្ចពិធីជាច្រើន និងពិពរណ៍ផលិតផលកសិកម្មជាដើម។ រីឯ ការលេងល្បែងប្រជាប្រិយខ្មែរវិញ ត្រូវបានពលរដ្ឋនាំគ្នាលេង ១ខែ ឬ ៣ខែមុន ដើម្បីអបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់។ 
 
បន្ថែមលើនេះ លោកសាស្រ្តាចារ្យ បានពន្យល់ទៀតថា ពិធីបុណ្យចូលឆ្នាំត្រូវបានគេប្រារព្ធធ្វើជារឿយៗ ប៉ុន្ដែអាចខុសគ្នាតាមសម័យកាល ឬរបបគ្រប់គ្រងនាគ្រានោះ។ ចំណែកឯកម្មវិធីបន្ទាប់បន្សំ ឬល្បែងប្រជាប្រិយ ត្រូវបានលេងតៗគ្នាតាមការនិយម។ 
 
តែយ៉ាងណាលោក មាណ្ណារ៉ា បានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ ល្បែងប្រជាប្រិយខ្មែរមួយចំនួនធំ ត្រូវបានប្រជាពលរដ្ឋខ្មែរបោះបង់ ។ ចំណែកឯល្បែងខ្លះទៀត ត្រូវបានលើកយកមកបង្ហាញនៅតាមភូមិស្រុកមួយចំនួនប៉ុណ្ណោះ។  
  
ការតុបតែងផ្ទះនៅថ្ងៃចូលឆ្នាំខ្មែរ របស់ពលរដ្ឋ នៅរាជធានីភ្នំពេញ។ រូបភាព៖ អ្នកស្រី សេង ចាន់ពិសី។

លោក សង្កត់ធ្ងន់បែបនេះ៖ « ខ្មែរយើងមានល្បែង របាំច្រើនប្រភេទ ច្រើនទម្រង់ណាស់។ កាលពីមុនពេលខ្ញុំនៅកុមារឃើញមានអ្នកលេងល្បែងប្រជាប្រិយច្រើន ប៉ុន្ដែបច្ចុប្បន្ន នេះកម្រឃើញ។ កុំថាឡើយនាំគ្នាលេងមុន១ខែ សូម្បីតែដល់ថ្ងៃចូលឆ្នាំហើយ ក៏គ្មានអ្នកអើពើ។ ដូច្នេះឪពុកម្ដាយ អ្នកគ្រប់គ្រងកម្មវិធីនានា រួមទាំងវត្តអារាមគួរចាប់ផ្ដើមរៀបចំផែនការ និងទីតាំង ឱ្យសកម្មភាពនៃការលេងល្បែងប្រជាប្រិយរបស់ខ្មែរនិយមឡើងវិញ»។ 
 
លោកបានបន្ថែមថា បើធៀបគ្នារវាងចូលឆ្នាំកាលពីសម័យមុន និងសម័យបច្ចុប្បន្ននោះ ល្បែងប្រជាប្រិញខ្មែរ បានបាត់បង់លើសពាក់កណ្ដាលឯណោះ។ តែយ៉ាងណាលោកសាស្ត្រាចារ្យ ជឿជាក់ថា ការចូលរួមលើកយកល្បែងប្រជាប្រិយខ្មែរមកលេងឡើងវិញជាបន្តបន្ទាប់នេះ នឹងអាចធ្វើឱ្យពលរដ្ឋខ្មែរ ជាពិសេសយុជនស្វែងយល់ ចូលរួម លេង និងបន្តអភិរក្សវប្បធម៌របស់ជាតិ។ 
 
បើតាមលោក មាណ្ណារ៉ា ក្នុងពិធីចូលឆ្នាំខ្មែរ មានល្បែងជាច្រើន ដែលអាចយកមកលេងបាន ដោយមិនចាំបាច់ចម្លងតាមប្រទេសដទៃ  ដែលធ្វើឱ្យតម្លៃរបស់ជាតិខ្មែរធ្លាក់ចុះឡើយ។ លោក ក៏ជំរុញឱ្យយុវជនស្គាល់ពីល្បែង និងតម្លៃវប្បធម៌ខ្លួនឱ្យច្រើន និងច្បាស់ ដើម្បីចូលរួមការពារ កុំឱ្យបាត់បង់៕

Tag:
 ចូលឆ្នាំខ្មែរ
  សម័យអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com