កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធស្លាបវ័យក្មេងចំនួន ៥រូបមានតម្លៃខ្លួនថ្លៃបំផុត
16, Apr 2023 , 3:19 pm        
រូបភាព
ខ្សែប្រយុទ្ធស្លាប ក៏ជាកីឡាករដ៏សំខាន់បំផុតនៅក្នុងវិស័យបាល់ទាត់ ព្រមទាំងជាតួនាទីដែលទទួលបានតម្លៃខ្លួនថ្លៃបំផុតផងដែរ នៅក្នុងទីផ្សារដោះដូរកីឡាករ នៃពិភពបាល់ទាត់។ 
ភាពប៉ិនប្រសប់នៃការលេងបាល់ ញ៉ាក់បាល់ តិចនិចក្នុងការគ្រប់គ្រងបាល់ ការបង្កើតឱកាសទៅមិត្តរួមក្រុម កែប្រែស្ថានការណ៍នៃការប្រកួត សុទ្ធតែជាអ្វីដែលកីឡាករខ្សែប្រយុទ្ធស្លាបតែងមាន​ ដើម្បីយកឈ្នះលើគូប្រកួត។ បន្ថែមពីនេះ ភាពប៉ិនប្រសប់នៃការកាត់បាល់ចូលទៅកាន់តំបន់គ្រោះថ្នាក់ប្រអប់ទីគូប្រកួត  និងការអូសបាល់ពីចំហៀង ទៅស៊ុតបញ្ចូលទីដោយខ្លួនឯង ក៏ជាលក្ខណៈពិសេសដែរ។

ជាលទ្ធផលខ្សែប្រយុទ្ធស្លាបភាគច្រើន ក៏ជាប្រភេទកីឡាករដែលមានតម្លៃថ្លៃខ្លាំងបំផុតផងដែរ នៅក្នុងទីផ្សារដោះដូរ ក្នុងពិភពបាល់ទាត់។
បើតាមការកត់ត្រារបស់គេហទំព័រ Transfermarkt.com ខាងក្រោមនេះជាកីឡាករខ្សែប្រយុទ្ធស្លាបចំនួន ៥រូបដែលមានតម្លៃខ្លួនថ្លៃបំផុត៖
 
១. Vinicius Junior ក្លិប ​Real Madrid តម្លៃ ១២០លានអឺរ៉ូ
 
បច្ចុប្បន្ន Vinicius Jr ក៏ជាកីឡាករខ្សែប្រយុទ្ធដ៏ល្អមួយរូបនាការប្រកួតនានា សម្រាប់ Real Madrid ដោយរូបគេលេងនៅតំបន់ដ៏សំខាន់ប្រចាំក្រុមយក្សអេស្ប៉ាញ និងជាយក្សប្រចាំអឺរ៉ុប។ កីឡាកររូបនេះសម្បូរទៅដោយភាពប៉ិនប្រសប់នៃការញ៉ាក់បាល់ ការស៊ុត ការបញ្ជូនបាល់ជាដើម ហើយតម្លៃខ្លួនរបស់គេមកដល់ពេលនេះមានតម្លៃ ១២០លានអឺរ៉ូ។
 
២. Bukayo Saka ក្លិប Arsenal តម្លៃ ១១០លានអឺរ៉ូ
  


Saka នៅក្រុមកាំភ្លើងធំបានអភិវឌ្ឍខ្លួន ពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតបានក្លាយជាកីឡាករជាកម្លាំងសំខាន់បំផុត នៅក្នុងក្រុមរបស់លោក Mikel Arteta នាពេលបច្ចុប្បន្ន។ ការញាក់បាល់ ការគ្រប់គ្រងបាល់ដ៏មានគុណភាពខ្ពស់ក្នុងការយកឈ្នះលើខ្សែការពារនោះ ​Saka បានក្លាយជាកីឡាករដ៏គ្រោះថ្នាក់មួយ សម្រាប់ក្រុមដទៃទៀតនៅពេលដែលលេងប៉ះ Arsenal។ តម្លៃខ្លួនរបស់គេក្នុងពេលបច្ចុប្បន្នមានតម្លៃ ១១០លានអឺរ៉ូ។
 
៣. Phil Foden ក្លិប​ Manchester City តម្លៃ ១១០លានអឺរ៉ូ



Foden គឺជាកីឡាករដែលពោរពេញទៅដោយបច្ចេកទេស ក្នុងការគ្រប់គ្រងបាល់ និងជាកីឡាករពូកែក្នុងផ្លាស់ប្តូរទីតាំងបានយ៉ាងល្អ។ បច្ចុប្បន្នរូបគេជាកម្លាំងសំខាន់នៅក្រុម ​Man City ជាមួយតិចនិចការគ្រប់គ្រងបាល់ ការញាក់ និងការបង្កើតឱកាសជាមួយនឹងល្បឿនដ៏លឿនរបស់គេ។ ភាពប៉ិនប្រសប់ទាំងនេះបានធ្វើឱ្យគេក្លាយជាកីឡាករខ្សែប្រយុទ្ធស្លាប ដែលមានតម្លៃខ្លួន ១១០អឺរ៉ូនាពេលបច្ចុប្បន្ន។
 
៤. Khvicha Kvaratskhelia ក្លិប SSC Napoli តម្លៃ ៨៥លានអឺរ៉ូ
  


Khvicha បានកសាងកេរ្តិ៍ឈ្មោះរបស់គេ នៅក្នុងរដូវកាល ២០២២-២៣ នេះ ដើម្បីក្លាយជាតារាបាល់ទាត់មួយ ដែលទទួលបានការចាប់អារម្មណ៍នៅលើពិភពបាល់ទាត់។ មិនខុសពីបំណង រូបគេបានជួយក្រុម Napoli ខ្លាំងនៅក្នុងរដូវកាលដ៏ពិសេសមួយនេះ ក្នុងកំពូលអ៊ីតាលី ដោយក្រុមកំពុងនាំមុខដាច់នៅកំពូលតារាង និងប្រជែងនៅក្នុង​Champions League ថែមទៀត។ ជាមួយបច្ចេកទេសនៃការញាក់បាល់ តិចនិចក្នុងការបញ្ជូនបាល់ និងការស៊ុតដ៏មានប្រសិទ្ធិភាព កីឡាករវ័យ ២២ឆ្នាំរូបនេះ មានតម្លៃខ្លួន ៨៥លានអឺរ៉ូ។
 
៥. ​Rodrygo ក្លិប Real Madrid តម្លៃ ៨០លានអឺរ៉ូ
  


​ខណៈដែល Karim Benzema និង Vinicius jr កំពុងតែជាកីឡាករដ៏សំខាន់ប្រចាំ Real Madrid ប៉ុន្តែ Rodrygo បានកសាងផ្លូវសម្រាប់ខ្លួនគេ ដើម្បីក្លាយជាតារាបាល់ទាត់នាពេលអនាគតផងដែរ ជាមួយទេពកោសល្យនៃការលេងបាល់ ការញាក់ ការគ្រប់គ្រងបាល់ និងការស៊ុត។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល ក៏ជាកីឡាករម្នាក់ ដែលនិយមការញាក់បែបជនជាតិប្រេស៊ីលផងដែរ នៅក្នុងការប្រកួត ។ រូបគេក៏ជាកម្លាំងដ៏សំខាន់សម្រាប់ Real Madrid ក្នុងការកែប្រែស្ថានកាលប្រកួតនាពេលកន្លងមក។ បច្ចុប្បន្នរូបគេមានតម្លៃខ្លួន ៨០លានអឺរ៉ូ៕
 

Tag:
 Top5
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com