អន្តរជាតិ
ជនសង្ស័យចោលគ្រឿងបំផ្ទុះនៅទីតាំងនាយករដ្ឋមន្រ្តីជប៉ុនថ្លែងសុន្ទរកថា ត្រូវបញ្ជូនទៅរដ្ឋអាជ្ញា
17, Apr 2023 , 2:39 pm        
រូបភាព
រូបភាព Kyodo
រូបភាព Kyodo
ប៉ូលិសជប៉ុន នៅក្រុង Wakayama បានបញ្ជូនជនសង្ស័យវ័យ ២៤ឆ្នាំ ដែលបានចោលគ្រឿងបំផ្ទុះនៅទីតាំងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ថ្លែងសុន្ទរកថា ក្នុងក្រុងភាគខាងលិចជប៉ុន ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា នៅព្រឹកថ្ងៃទី១៧ ខែមេសា។

 
នៅថ្ងៃទី ១៥ ខែមេសា ជនសង្ស័យវ័យ ២៤ឆ្នាំមួយរូប បានចោលឧបករណ៍បំផ្ទុះទៅក្នុងទីតាំងមួយកន្លែង ដែលនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ រៀបនឹងថ្លែងសុន្ទរកថា នៅកំពង់ផែនេសាទមួយ ក្នុងក្រុង Wakayama។ ជនសង្ស័យ ដែលមានឈ្មោះ Kimura Ryuji ត្រូវបានចាប់ខ្លួននៅកន្លែង។ 
 
មកទល់ពេលនេះ អ្នកស៊ើបអង្កេតជប៉ុន បានអះអាងថា លោក Kimura នៅតែបន្តរក្សាភាពស្ងៀមស្ងាត់។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។ 
 
នៅព្រឹកថ្ងៃទី១៧ ខែមេសា ជនសង្ស័យវ័យ ២៤ឆ្នាំត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ដើម្បីសួរចម្លើយ ក៏ដូចជាស៊ើបអង្កេតបន្ថែម។
 
តាមការបញ្ជាក់របស់ប៉ូលិសជប៉ុន ឧបករណ៍បំផ្ទុះនោះ ជាគ្រាប់បែកបំផ្ទុះ ដែលធ្វើពីដែក។ ក្រុមអ្នកស៊ើបអង្កេតជប៉ុន សង្ស័យថា លោក Kimura ធ្វើគ្រាប់បែកនោះ ដោយខ្លួនឯង ដោយសារពួកគេបានរកឃើញរំសេវ និងបំពង់ដែកនៅផ្ទះជនសង្ស័យ។ ក្រោយហេតុការណ៍ខាងលើ ប្រមុខរដ្ឋាភិបាលជប៉ុន បានរិះគន់យ៉ាងខ្លាំង៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com