អន្តរជាតិ
អង្គការ WHO ព្រមានថាការប្រែប្រួលអាកាសធាតុនាំឱ្យមានកំណើនជំងឺបង្កដោយមូស
17, Apr 2023 , 9:39 pm        
រូបភាព
ដោយ: VOA
ការសិក្សាស្រាវជ្រាវមួយរកឃើញថាមានជំងឺបណ្តាលមកពីមូសក្នុងតំបន់អាកាសធាតុត្រូពិកនិងអនុតំបន់អាកាសធាតុត្រូពិក បានកើនឡើងច្រើនកាលពីប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ របាយការណ៍នេះនិយាយថាករណីជំងឺគ្រុនឈាមបានកើនពីកន្លះលាននាក់ក្នុងឆ្នាំ២០០០ទៅដល់៥,២លាននាក់ក្នុងឆ្នាំ២០១៩។

 
ហើយនិន្នាការនេះនៅមានតទៅទៀត។ ទិន្នន័យថ្មីបំផុតបង្ហាញថានៅពេលនេះប្រមាណពាក់កណ្តាលនៃចំនួនប្រជារាស្ត្រនៅទូទាំងពិភពលោកប្រឈមនឹងហានិភ័យ
ឆ្លងជំងឺគ្រុនឈាម ដែលជាជំងឺបណ្តាលមកពីវីរុសចម្លងពីមូសទៅមនុស្ស ដោយមានអ្នកជំងឺនេះប្រមាណពី១០០ទៅ៤០០លាននាក់ជារៀងរាល់ឆ្នាំ។
 
លោក Raman Velayudhan ប្រធានកម្មវិធីសាកលនៃអង្គការ WHO សម្រាប់គ្រប់គ្រងជំងឺតំបន់ត្រូពិក បាននិយាយថា៖ «នៅពេលនេះ មានប្រទេសប្រមាណ១២៩ប្រឈមនឹងហានិភ័យមានជំងឺគ្រុនឈាម ហើយការរាលដាលជំងឺនេះមាននៅក្នុងប្រទេសជាង១០០»។
 
ការប្រែប្រួលអាកាសធាតុនាំឱ្យមានកំណើនភ្លៀង កំណើនសីតុណ្ហភាពនិងការកើនសំណើមដែលជាស្ថានការណ៍នាំឱ្យមូសកើតច្រើនជាងមុន។ មានការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា ទោះជាធាតុអាកាសស្ងួតក៏អាចឱ្យមូសកើតបានច្រើនដែរ។ អ្នកស្រាវជ្រាវនិយាយថាអាកាសស្ងួតនាំឱ្យមូសស្រេកទឹកហើយនៅពេលវាខ្វះសារធាតុទឹកក្នុងខ្លួនវា វាក៏ចង់ជញ្ជក់ឈាមមនុស្សញឹកញយជាងមុនដែរ។
 
លោក Velayudhan បានថ្លែងថា៖ «ការណ៍នេះនាំឱ្យមានការបារម្ភពិតប្រាកដពីព្រោះវាបង្ហាញថាការប្រែប្រួលធាតុអាកាសដើរតួនាទីដ៏សំខាន់មួយក្នុងការបង្កលក្ខណៈឲ្យមានមូសច្រើនជាងមុនក្នុងប៉ែកខាងត្បូងពិភពលោក។ ហើយនៅពេលមនុស្សធ្វើដំណើរ វីរុសក៏ទៅជាមួយមនុស្សដែរ។ ហើយវាទំនងជាមានតទៅទៀតសម្រាប់តំបន់ឯទៀតៗនៃពិភពលោក‍»។
 
មន្ត្រីអង្គការ WHO កត់សម្គាល់ថាករណីជំងឺគ្រុនឈាមបានកើនច្រើនជាងមុននៅប្រទេសកម្ពុជា វៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ីនិងប្រទេសសិង្ហបុរី។
 
ក្នុងករណីភាគច្រើន ជំងឺគ្រុនឈាមមិនមែនជាជំងឺធ្ងន់ធ្ងរទេ។ នៅពេលមនុស្សភាគច្រើនគ្មានរោគសញ្ញា មនុស្សខ្លះគ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺរាងកាយ ចង្អោរនិងមានកន្ទួល។ មនុស្សភាគច្រើននឹងជាឡើងវិញក្នុងពេលពីរឬបីអាទិត្យ ប៉ុន្តែជំងឺគ្រុនឈាមអាចឱ្យមនុស្សស្លាប់បានសម្រាប់ពួកជនដែលមានករណីធ្ងន់ធ្ងរ។
 
សម្រាប់វីរុសជំងឺ Chikungunya វាចម្លងតាមរយៈមូសខ្លា ហើយគេរកឃើញជំងឺនេះក្នុងទ្វីបសឹងតែទាំងអស់។ រហូតមកដល់ពេលនេះ មានប្រទេសប្រមាណ១១៥បានរាយការណ៍ថាមានជំងឺនេះ។ ជំងឺនេះអាចបណ្តាលឱ្យមានពិការភាពធ្ងន់ធ្ងរសម្រាប់មនុស្សខ្លះនិងនាំឱ្យមានផលប៉ះពាល់ខ្លាំងលើជីវភាពពួកគេ។
 
ដូចជាជំងឺគ្រុនឈាមនិងជំងឺ chikungunya ដែរ វីរុសជំងឺ Zika ចម្លងដោយមូសខ្លា ដែលភាគច្រើនខាំមនុស្សតែក្នុងពេលថ្ងៃ។ តែយ៉ាងណាក៏ដោយក៏មិនដូចវីរុសពីរនោះទេ ជំងឺ Zika ក៏អាចឆ្លងបានតាមរយៈការរួមភេទរវាងមនុស្សនិងមនុស្ស អាចឆ្លងពីម្តាយទៅកូននៅពេលម្តាយមានផ្ទៃពោះ។
 
លោកស្រី Diana Rojas Alvarez មេដឹកនាំខាងបច្ចេកវិទ្យារបស់អង្គការ WHO សម្រាប់ការគ្រប់គ្រងជំងឺ Zika និងជំងឺ chikungunya បាននិយាយថាមានប្រទេសនិងដែនដី៨៩បានរាយការណ៍អំពីករណីការឆ្លងវីរុសជំងឺ Zika។ 
 
កាលពីឆ្នាំទៅ អង្គការ WHO បានចាប់ផ្តើមកម្មវិធីផ្តើមគំនិតសាកលអំពីវីរុសArbovirus ដើម្បីដោះស្រាយការលេចឡើងជាថ្មីនៃវីរុសArbovirus ដែលអាចនាំឱ្យមានការរាតត្បាតជំងឺនេះបាន។ ផែនការនេះផ្តោតលើការប្រុងប្រៀបជាមុន ការរកឱ្យឃើញជំងឺនេះជាដំបូងនិងអំពីការឆ្លើយតបនឹងការរាលដាលជំងឺនេះព្រមទាំងការអភិវឌ្ឍឱសថនិងវ៉ាក់សាំងថ្មី‍ៗផងដែរ។ 
 
នៅពេលដែលមានការអនុវត្តយុទ្ធសាស្ត្រទាំងនេះ ក្រុមមន្ត្រីសុខាភិបាលសុំដល់សហគមន៍ឱ្យកម្ចាត់កន្លែងមូសបង្កើតកូននៅក្នុងនិងនៅជុំវិញផ្ទះនិងប្រើថ្នាំដេញមូសប្រឆាំងនឹងជំងឺទាំងនេះដែលអាចឱ្យមនុស្សស្លាប់បាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com