អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី ជំរុញឱ្យប្រទេសមួយចំនួនប្រឆាំងទណ្ឌកម្មឯកតោភាគីរបស់លោកខាងលិច
19, Apr 2023 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព AFP
ពីវ៉េណេស៊ុយអេឡា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី១៨ ខែមេសា បានជំរុញឱ្យប្រទេសមួយចំនួន ដែលមានទស្សនៈឬ គោលនយោបាយដូចខ្លួន រួមគ្នាប្រឆាំងសកម្មភាពឯកតោភាគី និងខុសច្បាប់របស់ប្រទេសលោកខាងលិច។

 
ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានចាប់ផ្តើមទស្សនកិច្ចនៅតំបន់អាម៉េរិកឡាទីន នៅថ្ងៃទី១៧ ខែមេសា ដោយទៅដល់ទឹកដីវ៉េណេស៊ុយអេឡា មុនបន្តទៅគុយបា និងនីការ៉ាហ្កា។ ក្នុងជំនួបជាមួយសមភាគីវ៉េណេស៊ុយអេឡា Yvan Gil នៅក្នុងក្រុងការ៉ាកាស ប្រមុខការទូតរុស្ស៊ី បានលើកឡើងពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង រួមទាំងការប្តេជ្ញាប្រឆាំងនឹងសម្ពាធទាំងនោះ។ 
 
«វាពិតជាចាំបាច់ក្នុងការរួមគ្នាដើម្បីប្រឆាំងនឹងការប៉ុនប៉ងការដាក់សម្ពាធជាឯកតោភាគីដោយខុសច្បាប់ និងគំរាមរកប្រយោជន៍ពីសំណាក់លោកខាងលិច»។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងស​ន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីវ៉េណេស៊ុយអេឡា នៅថ្ងៃទី១៨ ខែមេសា ដោយហៅវ៉េណេស៊ុយអេឡា គុយបា និងនីការ៉ាហ្កា ជាប្រទេសជ្រើសយកការដឹកនាំបែបខ្លួនឯង និងមិនរណបប្រទេសដទៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមប្រមុខការទូតរុស្ស៊ី ប្រទេសមានគោលគំនិតដូចរុស្ស៊ី សុទ្ធតែអាចរកទណ្ឌកម្មពីសំណាក់លោកខាងលិច ដែលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួន។ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើនលើវិស័យ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ថាមពល និងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីជាដើម។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក៏បានជួបជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ផង។ តាមរយៈសំណេរលើបណ្តាញសង្គម Twitter ប្រធានាធិបតីនៅអាម៉េរិកឡាទីនរូបនេះ បានសរសេរថា វាជាជំនួបដ៏រីករាយមួយ ដែលជួយពង្រឹងទំនាក់ទំនងទ្វេភាគី។ 
 
វ៉េណេស៊ុយអេឡា ជាដៃគូដ៏សំខាន់មួយសម្រាប់រុស្ស៊ី​​។ កន្លងមក លោក Maduro បានប្រកាសគាំទ្ររដ្ឋាភិបាលក្រុងមូស្គូទាំងមុន និងក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ ចំណែករុស្ស៊ីវិញ ក៏គាំទ្ររដ្ឋាភិបាលក្រុងការ៉ាកាសដែរ ស្របពេលប្រទេសអាម៉េរិកឡាទីនមួយនេះរងទណ្ឌកម្មរបស់អាម៉េរិក។ 
 
នៅប្រទេសបន្ទាប់ លោក ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចនៅគុយបា ដែលកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង មុននឹងបញ្ចប់ទស្សនកិច្ចនៅនីការ៉ាហ្កា ក្នុងថ្ងៃទី២១ ខែមេសាខាងមុខ៕ 
 

Tag:
 រុស្ស៊ី​
  លោកខាងលិច
© រក្សាសិទ្ធិដោយ thmeythmey.com