FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិក-ម៉ិកស៊ិក នឹងដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះ ​Women World Cup ឆ្នាំ២០២៧
21, Apr 2023 , 8:29 am        
រូបភាព
សហរដ្ឋអាម៉េរិក និងម៉ិកស៊ិក បានជូនដំណឹងទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថាពួកគេនឹងដាក់សំណើរដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ស្រ្តី Women World Cup ឆ្នាំ២០២៧។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់នៃប្រទេសទាំងនៅថ្ងៃទី១៩ ខែមេសា។



សហព័ន្ធបាល់ទាត់អាម៉េរិក (USSF) និងសហព័ន្ធបាល់ទាត់ម៉ិកស៊ិក​ (FMF) មានរយៈពេលរហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីដាក់កិច្ចព្រមព្រៀងដេញថ្លៃរបស់ពួកគេ។
 
អាម៉េរិកពីមុនមកធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត Women World Cup ក្នុងឆ្នាំ ១៩៩៩ នៅពេលដែលពួកគេបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្ត្រីនេះជាលើកទីពីរ​ ក្នុងចំណោមពានរង្វាន់ ៤ ដែលគេបានឈ្នះ ហើយអាម៉េរិកធ្វើម្ចាស់ផ្ទះម្តងទៀតក្នុងឆ្នាំ ២០០៣។  ម៉ិកស៊ិកមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតពីមុនមកឡើយ។
 
«សហរដ្ឋអាម៉េរិកតែងតែនាំមុខគេលើពិភពលោកសម្រាប់ការប្រកួតកីឡាស្ត្រី ហើយយើងនឹងអាចទទួលបានឱកាសដើម្បីអាចធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នៃការប្រកួតកម្មវិធីលំដាប់ពិភពលោកសម្រាប់បាល់ទាត់ស្ត្រីជាមួយនឹងម៉ិកស៊ិក។»។ នេះបើតាមការលើកឡើងរបស់ប្រធាន USSF លោកស្រី Cindy Parlow Cone។
 
ចំណែកប្រធាន FMF លោក Yon De Luisa ក៏បាននិយាយអះអាងដូច្នេះដែរថា៖«ការប្រកួតបាល់ទាត់ស្ត្រីក្នុងប្រទេសម៉ិកស៊ិក បានជួបប្រទះនូវបទពិសោធន៍កំណើនប្រកបដោយនិរន្តរភាពក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមកនេះ ហើយការអភិវឌ្ឍកីឡានេះក្នុងប្រទេសខ្លួន ជាអទិភាពយុទ្ធសាស្ត្រមួយរបស់ FMF ដើម្បីបានសិទ្ធធ្វើម្ចាស់ផ្ទះ World Cup។»។
 
ក្រៅពីការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ស្ត្រីឆ្នាំ២០២៧ ទាំងអាម៉េរិក និងម៉ិកស៊ិក ក៏បានសិទ្ធិរួមគ្នាជាមួយប្រទេសកាណាដា ជាសហម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ ​World Cup 2026 ផ្នែកបុរសផងដែរ។
 
ដោយឡែក សម្រាប់ការរៀបចំការប្រកួត Women World Cup ឆ្នាំ២០២៣ នាពេលដ៏ឆាប់ខាងមុខនេះ ប្រទេស អូស្ត្រាលី និងនូវែលសេឡង់ជាសហម្ចាស់ផ្ទះ៕
 

Tag:
 World Cup
  Women World Cup 2027
© រក្សាសិទ្ធិដោយ thmeythmey.com