អន្តរជាតិ
លោកម៉ាក្រុង និងបៃឌិន ឯកភាពរក្សាទំនាក់ទំនងជាមួយចិន ដើម្បីជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន
21, Apr 2023 , 9:42 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ខាងឆ្វេង) ជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ខាងឆ្វេង) ជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែមេសា បានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការរក្សាទំនាក់ទំនងជាមួយចិន ដើម្បីជួយដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន ដែលអូសបន្លាយជាង១ឆ្នាំ។ មិនតែប៉ុណ្ណោះ មេដឹកនាំបារាំង ក៏បានជំរុញឱ្យប្រទេសអឺរ៉ុបបន្តបំពាក់អាវុធផងដែរ ដើម្បីបង្ហាញការទទួលខុសត្រូវ។

 
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជជែកតាមទូរសព្ទជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២០​ ខែមេសា ដើម្បីជជែកពីប្រធានបទការរក្សាទំនាក់ទំនងជាមួយចិន ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ 
 
«ចិន មានតួនាទីចូលរួមក្នុងរយៈពេលមធ្យមដើម្បី​ជួយបញ្ចប់សង្រ្គាមដោយផ្អែកលើគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។ ការិយាល័យប្រធានាធិបតីបារាំង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី២០ ខែមេសា ដោយបន្តថា ប្រមុខរដ្ឋទាំងពីរ បានឯកភាពពីភាពចាំបាច់នៃការបន្តរក្សាទំនាក់ទំនងជាមួយចិន លើបញ្ហាអ៊ុយក្រែន។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល លោកម៉ាក្រុង ក៏បានបញ្ជាក់ប្រាប់លោកបៃឌិនពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅចិន និងជំនួបជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិនផង។ 
 
បន្ថែមពីនេះ លោកម៉ាក្រុង បានអំពាវនាវឱ្យរដ្ឋអឺរ៉ុបបន្តបំពាក់អាវុធឡើងវិញ ក្នុងគោលបំណងទទួលខុសត្រូវលើបញ្ហាសន្តិសុខនៅតំបន់អាត្លង់ទិច។ មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រច្បាប់អន្តរជាតិ រួមទាំងសេរីភាពនៃនាវាចរណ៍ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ 
 
កន្លងមក អាម៉េរិកទាំងបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅក្នុងសមុទ្រចិនខាងត្បូង និងបើកឆ្លងច្រកសមុទ្រតៃវ៉ាន់ ក្រោមហេតុផលច្បាប់អន្តរជាតិអនុញ្ញាត និងមូលដ្ឋាននៃសេរីភាពនៃនាវាចរណ៍។ យ៉ាងណាមិញ សកម្មភាពទាំងនោះ តែងត្រូវបានចិនរិះគន់ និងជំរុញឱ្យអាម៉េរិកគោរពអធិបតេយ្យរបស់ខ្លួន។ 
 
ចំណែកសេចក្តីថ្លែងការណ៍របស់សេតវិមានអាម៉េរិកវិញ​ បានអះអាងថា​ ប្រធានាធិបតីទាំងពីរ បានពិភាក្សាពីការឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាការគាំទ្រអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា កិច្ចសន្ទនានេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយ អាម៉េរិកបានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំ៣២៥លានដុល្លារបន្ថែមទៀតទៅអ៊ុយក្រែន។ ជំនួយចុងក្រោយនេះ រួមមានគ្រាប់សម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS, មីនប្រឆាំងរថក្រោះ និងគ្រាប់សម្រាប់អាវុធផ្សេងទៀត៕
 

Tag:
 បារាំង
  អាម៉េរិក
  ចិន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com