កីឡាអន្តរជាតិ
អន្តរជាតិ
Sevilla ទម្លាក់ Man Utd ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEL
21, Apr 2023 , 10:37 am        
រូបភាព
Sevilla បានកៅអីឡើងទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រ UEFA Europa League ក្រោយទម្លាក់ Manchester United នៅវគ្គ៨ក្រុមចុងក្រោយក្នុងលទ្ធផលទាំងពីរជើង ៥-២។​ Juventus, AS Roma និង Bayer Leverkusen សុទ្ធតែបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងខ្លួន។



នៅជំនួបជើងទី២ នាកីឡដ្ឋាន Estadio R.Sanchez Pizjuan រាត្រីថ្ងៃទី២០ ខែមេសា ក្រុមម្ចាស់ផ្ទះ Sevilla អាចរកបានដល់ទៅ៣គ្រាប់លើគូប្រជែង Man Utd។ ក្នុងចំណោម៣គ្រាប់ដែលធ្វើបានដោយ Youssef En-Nesyri ២គ្រាប់ និង Loic Bade ១គ្រាប់ មាន២គ្រាប់កើតឡើងដោយការភ្លាត់ស្នៀតរបស់ខ្សែការពារ និងជាប្រធានក្រុម Harry Maguire និងអ្នកចាំទី David De Gea។ 
  


ដោយជើងទីមួយនៅ Old Trafford ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ២-២ ដូច្នេះសរុបទាំងពីរជើង Sevilla ឈ្នះ Man Utd ៥-២។ តាមរយៈលទ្ធផលនេះ Sevilla ដែលជាម្ចាស់ជើងឯក Europa League ច្រើនជាងគេ៦សម័យ បន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួប Juventus។
 
Juventus បានយកឈ្នះ Sporting CP ក្នុងលទ្ធផលទាំងពីរជើង ២-១។ កាលពីជើងទី១ក្រុមអ៊ីតាលីឈ្នះក្រុមព័រទុយហ្កាល់ ១-០ និងជើងទី២ស្មើគ្នា ១-១។


 
ដោយឡែកក្រុមអ៊ីតាលីមួយក្រុមទៀត AS Roma បានទម្លាក់ក្រុមហូឡង់ Feyenoord ដោយលទ្ធផលទាំងពីរជើង ៤-២។ ជំនួបជើងទី២នៅកីឡដ្ឋាន Olimpico ម្ចាស់ផ្ទះ Roma ឈ្នះ ៤-១ ខណៈនៅជើងទី១ Feyenoord ឈ្នះ ១-០។
 
Roma ត្រូវបន្តទៅជួប Bayer Leverkusen នៅវគ្គ១/២ផ្តាច់ព្រ័ត្រ នៅពានរង្វាន់លំដាប់ទីអឺរ៉ុបនេះ។ ក្រុមអាល្លឺម៉ង់ Bayer Leverkusen ឈានមកដល់វគ្គនេះ ក្រោយពួកគេទម្លាកក្រុម Union St.Gilloise របស់បែលហ្ស៊ិក ក្នុងលទ្ធផលទាំងពីរជើង ៥-២។ នៅជើងទីមួយបញ្ចប់ក្នុងលទ្ធផល ១-១ និងជើងទី២ Leverkusen ឈ្នះ Union St.Gilloise ៤-១។
 
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Europa League នឹងចាប់ផ្តើមជំនួបជើងទី១នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣៕
 


Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com