កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក មូន ម៉ារ៉ា៖ អត្តពលិកកម្ពុជានឹងឈ្នះមេដាយកីឡាប៊ីយ៉ា​ ដោយសារភាពកក់ក្តៅក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម
22, Apr 2023 , 8:39 am        
រូបភាព
លោក មូន ម៉ារ៉ា នៅខាងស្ដាំដៃ ដឹកនាំកីឡាករ ទៅប្រកួតនៅឆាកអន្ដរជាតិ រូបពីសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា
លោក មូន ម៉ារ៉ា នៅខាងស្ដាំដៃ ដឹកនាំកីឡាករ ទៅប្រកួតនៅឆាកអន្ដរជាតិ រូបពីសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា
លោក មូន ម៉ារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ជឿជាក់ថាអត្ដពលិកកម្ពុជា នឹងអាចដណ្ដើមបានមេដាយលើវិញ្ញាសាកីឡាប៊ីយ៉ា។ ជឿជាក់ ព្រោះលោកម៉ារ៉ាយល់ថា ការប្រកួតក្នុងប្រទេសខ្លួន កីឡាករកីឡាការិនី មានភាពកក់ក្ដៅ មានអ្នកគាំទ្រច្រើន និងមានស្មារតីជឿជាក់ខ្ពស់ជាងការប្រកួតនៅក្រៅប្រទេស។



អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ដូច្នេះថា រូបលោក មានជំនឿចិត្តលើអត្ដពលិកជម្រើសជាតិកម្ពុជា ក្នុងការដណ្ដើមយកមេដាយជូនជាតិ និងសហព័ន្ធ។ លោក មូន ម៉ារ៉ា មានទំនុកចិត្តបែបនេះ ព្រោះកីឡាករ-កីឡាការិនីកម្ពុជា ចាប់ផ្ដើមទទួលបានបទពិសោធន៍ប្រកួត និងយល់ដឹងពីការប្រកួតលើឆាកអន្ដរជាតិកាន់តែច្រើនឡើងៗ។ ជាពិសេសទៀតនោះ អត្ដពលិកទាំងនោះ មានឆន្ទៈ និងស្មារតីខ្ពស់សម្រាប់ប្រកួត។ អ្វី ដែលសំខាន់ ការប្រកួតនេះ គឺធ្វើនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យពួកគេ មានភាពកក់ក្ដៅ ព្រោះសាំទៅនិងមជ្ឈដ្ឋានរស់នៅ ដូចជារបបអាហារ អាកាសធាតុ និងកម្លាំងចិត្តចេញពីប្រជាជនកម្ពុជា។
 
លោក មូន ម៉ារ៉ា បានប្រាប់ដូច្នេះថា៖«ខ្ញុំ ជឿជាក់ថាយើងនឹងបានមេដាយ ព្រោះយើងមានកីឡាករិនី ដែលមានបទពិសោធន៍ និងជាកីឡាការិនីផ្នែកវិញ្ញាសា ការ៉ុម ដែលហ្វឹកហាត់នៅប្រទេសកូរ៉េ ហើយមានការប្រកួតច្រើន មានទាំងថ្នាក់អាស៊ី និងព្រឹត្តិការណ៍ធំៗ ក្នុងព្រឹត្តិការណ៍អន្ដរជាតិទាំងនោះ។ ក្រៅពីនេះ យើង មានកីឡាករ ដែលបានឆ្លងកាត់ការប្រកួតអន្ដរជាតិផ្សេងៗ ទាំងក្នុងស្រុក និងក្រៅស្រុក។ ម្យ៉ាងវិញទៀត ខ្ញុំជឿថាពួកគាត់ នឹងធ្វើបានល្អ នៅពេលដែលខ្លួនឯងជាម្ចាស់ផ្ទះ ព្រោះពាក្យថាម្ចាស់ផ្ទះ ខ្លួនឯងគឺកក់ក្ដៅ ទាំងទឹកដី ទាំងអាកាសធាតុ ទាំងអ្នកគាំទ្រ ទាំងអាហារ អ៊ីចឹងយើងសាំ។ ការចេញទៅក្រៅប្រទេសវាមានអារម្មណ៍ថា ភ័យបន្ដិច។ អ៊ីចឹងក្នុងនាមជាម្ចាស់ផ្ទះ ខ្ញុំជឿថាពួកគាត់ធ្វើបានល្អច្រើន។»។


លោក មូន ម៉ារ៉ា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម អត្ដពលិកកម្ពុជា ធ្វើមិនបានល្អទេ លើវិញ្ញាសាកីឡាប៊ីយារ ប៉ុន្ដែ អគ្គលេខាធិការរូបនេះ ចាត់ទុកថា អត្ដពលិក គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស បានយល់ដឹងច្រើនពីការប្រកួតអន្ដរជាតិ និងព្រឹត្តិការណ៍ធំៗ។ ជាពិសេសទៀតនោះ សហព័ន្ធកីឡាប៊ីយារកម្ពុជា បានសម្លឹងឃើញនៅចំណុចខ្លាំង និងចំណុចខ្វះខាត សម្រាប់កែតម្រូវ និងបំពេញបន្ថែម ដើម្បីធ្វើឲ្យបានល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។
 
លោក មូន ម៉ារ៉ា បញ្ជាក់ថា ចំណុចខ្សោយរបស់អត្ដពលិកកម្ពុជា អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម គឺទាក់ទងទៅការតាំងស្មារតីប្រកួត និងកង្វះខាតបទពិសោធន៍លើឆាកអន្ដរជាតិ។ ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម នៅកម្ពុជា សហព័ន្ធ ក៏បានបញ្ជូនកីឡាករទៅហ្វឹកហាត់នៅបរទេសផងដែរ។
 
«នៅប្រទេសវៀតណាម ពួកគាត់ ធ្វើមិនបានល្អទេ ដោយសារនៅមានកម្រិតមួយ ដែលទាក់ទងស្មារតី ទៅនិងការប្រកួតធំ គាត់នៅខ្វះបទពិសោធន៍។ អ៊ីចឹងការចូលរួមលើកទី១ របស់យើង នៅប្រទេសវៀតណាម ជាបទពិសោធន៍សម្រាប់យើង ថាតើយើងគួរ កែតម្រូវបែបណា។ អ៊ីចឹងយើង ចាប់ផ្ដើមណែនាំកីឡាករ ឲ្យដឹងការប្រកួតថាលក្ខណៈអន្ដរជាតិ ត្រូវធ្វើរបៀបមិច ស្មារតីរបៀបមិច មិនមែនតែកីឡាករប៉ុណ្ណោះទេ សូម្បីតែគ្រូបង្វឹកកីឡាករទាំងអស់ ប្រឹងប្រែងស្វែងយល់ អំពីបទពិសោធន៍ ហើយពង្រីកសមត្ថភាពខ្លួនឯង ជាមួយស្មារតីទៀតផង។»។ លោក អគ្គលេខាធិការរូបនេះ បានប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងចាប់បើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ហើយបញ្ចប់ទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានដាក់ ៣៦ប្រភេទកីឡា និង១ប្រភេទ ជាកីឡាសម្ដែង (Teqball) ដែលសរុប ៥៨៤វិញ្ញាសា។ ក្នុងវិញ្ញាសាសរុបនោះ សហព័ន្ធកីឡាប៊ីយារកម្ពុជា ដាក់១០វិញ្ញសា ដោយរំពឹកថា អត្ដពលិក អាចរកបានមេដាយ១ៗ គ្រប់វិញ្ញាសា៕
 

Tag:
 មូន ម៉ារ៉ា
  ប៊ីយ៉ា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com