អន្តរជាតិ
ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងហក់ឡើងយ៉ាងខ្លាំងក្នុងខែមីនា
22, Apr 2023 , 1:59 pm        
រូបភាព
រូបភាព China Daily
រូបភាព China Daily
ទិន្នន័យគយចិនបានបង្ហាញនៅថ្ងៃទី២១ ខែមេសាថា ការនាំចេញសរុបរបស់ចិនទៅកាន់ កូរ៉េខាងជើង ក្នុងខែមីនាបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ នេះជាការកើនឡើងសម្រាប់ខែទីពីរជាប់ៗគ្នា ជាមួយនឹងមុខទំនិញនាំចេញសំខាន់ៗរួមមានអង្ករ។

 
ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានបង្ហាញថា ការនាំចេញក្រៅប្រទេស របស់ចិនទៅកាន់កូរ៉េខាងជើង បានកើនឡើង ១៤១,៧ ភាគរយ បើធៀបនឹង ខែមីនាឆ្នាំមុន  បន្ទាប់ពីការកើនឡើង ១៦១,៥ ភាគរយក្នុងខែមករាដល់ខែកុម្ភៈ។ នេះបើយោង តាមរដ្ឋបាលគយចិនទូទៅ។
 
ក្នុងចំណោមនោះ អង្ករជាទំនិញនាំចូលច្រើនជាងគេ ដោយគិតជាតម្លៃសរុប ២២ លានដុល្លារ។ ប្រទេសនេះក៏បាននាំចូលប្រហែល ៨ លានដុល្លារនៃសក់សិប្បនិម្មិត និង ៧ លានដុល្លារ ជាថ្នាំជក់។ ក្រសួងការបរទេសចិនបាននិយាយកាលពីមីនាថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងបានឈានចូលដំណាក់កាលប្រវត្តិសាស្ត្រថ្មីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបាន បន្តអភិវឌ្ឍក្រោមការដឹកនាំជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
 
អគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅកូរ៉េខាងជើង លោក Wang Yajun បានទៅដល់កូរ៉េខាងជើងនៅថ្ងៃទី២៧ ខែមីនា។
គួរបញ្ជាក់ថា ទោះបីជាខណៈពេលដែលកូរ៉េខាងជើងមានការសាកល្បងមីស៊ីលរបស់ខ្លួនជាច្រើនលើកច្រើនសារ  និងទទួលបានការថ្កោលទោស និងការរិះគន់ពីអាមេរិក ព្រមទាំងលោកខាងលិចក្ដីក៏ចិនមិនដែរមានជំហរប្រឆាំងនឹងកូរ៉េខាងជើងនោះដែរ។ ផ្ទុយទៅវិញ ជារឿយៗ ក្រុងប៉េកាំងបានបន្ទោសសមយុទ្ធយោធាអាមេរិក និងសម្ព័ន្ធមិត្តក្នុងការបង្ករឿង និងអសន្តិសុខក្នុងតំបន់៕
 

Tag:
 ចិន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com