កីឡាជាតិ
ជាតិ
ណាហ្គាវើលដ៍ ទទួល វិសាខា, គិរីវង់សុខសែនជ័យ ស្វាគមន៍ ភ្នំពេញក្រោន នាជំនួបជើងទី១
22, Apr 2023 , 2:39 pm        
រូបភាព
លោក Simon McMenemy គ្រូបង្វឹកវិសាខា
លោក Simon McMenemy គ្រូបង្វឹកវិសាខា
ណាហ្គាវើលដ៍ នឹងបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមភ្ញៀវ វិសាខា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ៦:៣០ យប់ ក្នុងការប្រកួតពានរង្វាន់ខេមប៊ូឌាលីគខាប់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បាននិយាយប្រាប់ថា ទម្រង់ប្រកួតរបស់ក្រុមវិសាខា មានការកែប្រែជាខ្លាំង ដែលមិនអាចស្មានដឹងព្រោះក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គឺលោក Simon McMenemy។


 
យោងតាមវីឌីអូសម្ភាសរបស់ក្លិបណាហ្គាវើលដ៍ លោក ឃឹម បុរី បាននិយាយដូច្នេះថា ទម្រង់លេងរបស់វិសាខា គឺមិនដូចជាការប្រកួតរាល់លើក នៅក្នុងរដូវកាលមុននោះទេ ព្រោះតែបានផ្លាស់ប្ដូគ្រូបង្វឹកថ្មី។ ដោយឡែក គ្រូបង្វឹករូបនេះក៏មានជំនឿចិត្តក្នុងការប្រកួតខ្លាំងដែរ ដោយជើងទីមួយនេះ គឺជាការប្រកួតក្នុងទឹកដីកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែល ជាមូលដ្ឋានរបស់ក្រុមណាហ្គាវើលដ៍។ អ្វី ដែលធ្វើឲ្យ លោក ឃឹម បុរី មានជំនឿចិត្តបន្ថែមនោះ គឺអ្នកគាំទ្រ ដែលធ្វើឲ្យកីឡាករ មានកម្លាំងចិត្ត និងឆន្ទៈប្រកួតកាន់តែខ្លាំង។

លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ រូបពី Cambodian Premier League
 
«ការផ្លាស់ប្ដូគ្រូរបស់ក្លិបវិសាខា គឺបានផ្លាស់ប្ដូទម្រង់លេងទាំងស្រុង។ ការផ្លាស់ប្ដូរបស់ក្រុមវិសាខា គឺជាចំណុចមួយ ដែលយើងត្រូវសិក្សាពីក្រុមនេះ។ រឿងនេះ ពិតជាមានសារសំខាន់មែនទែន។ ការមករបស់គ្រូថ្មី វិសាខា ផ្លាស់ប្ដូយ៉ាងខ្លាំងសម្រាប់ក្រុម។»។ គ្រូបង្វឹកវ័យ ៣៤ឆ្នាំរូបនេះ បានប្រាប់ដូច្នេះ។
 
សម្រាប់ការប្រកួតក្នុងទឹកដីខេត្តកំពង់ស្ពឺនេះ លោក ឃឹម បុរី ក៏បានសំណូមពរឲ្យអ្នកគាំទ្រ ចូលរួមទស្សនាឲ្យបានច្រើន ដើម្បីឲ្យកូនក្រុមខ្លួន មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការប្រជែងវគ្គ ៤ក្រុមចុងក្រោយនេះ។
 
ក្នុងការប្រកួតវគ្គជាមួយគ្នានេះដែរ ក្លិបគិរីវង់សុខសែនជ័យ ត្រូវស្វាគមន៍ក្រុមការពារតំណែងជើងឯក ឆ្នាំ២០២២ ភ្នំពេញក្រោន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅកីឡដ្ឋានគិរីវង់សុខសែន វេលាម៉ោង ៣:៤៥ រសៀល។ ចំណែកជើងទី២ វិសាខា នឹងត្រូវទទួលណាហ្គាវើលដ៍ នៅថ្ងៃទី២៧ ខែមិថុនា ចំណែក ភ្នំពេញក្រោន ស្វាគមន៍ គិរីវង់សុខសែនជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  Cambodian League Cup
  ខេមប៊ូឌាលីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com