ជាតិ
លោក ជួន ភិរម្យ ប្រើពេល១១ថ្ងៃ ឡើងដល់ជួរភ្នំហិមាល័យ ដើម្បីបង្ហាញទង់ជាតិខ្មែរ
23, Apr 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ លោក ជួន ភិរម្យ ជាអ្នកដើរផ្សងព្រេងតាមព្រៃភ្នំជា ២០ឆ្នាំ បានសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងការឡើងភ្នំហិមាល័យ។ លោក ភិរម្យ បានចំណាយរយៈពេល ១១ថ្ងៃ ដើម្បីទៅដល់ជួរភ្នំហិមាល័យ ដែលហៅថា តំបន់ Everest Base Camp (EBC) ដែលមានរយៈចម្ងាយផ្លូវ ១២០គីឡូម៉ែត្រ និងកម្ពស់ ៥៣៦៤ម៉ែត្រ។


 
ជួរភ្នំហិមាល័យលាតសន្ធឹងប្រមាណជា ២៩០០គីឡូម៉ែត្រឆ្លងកាត់ប្រទេសឥណ្ឌា ប៉ាគីស្ថាន ចិន និងណេប៉ាល់ ជាមួយនឹងអរិយធម៌ ថែមទាំងប្រវត្តិសាស្រ្តរបស់មនុស្សយ៉ាងយូរ។ កំពូលភ្នំអេវើរ៉េស មានកម្ពស់រហូតទៅដល់ ៨៨៤៨ម៉ែត្រពីនាវ៉ូទឹកសមុទ្រ ជាមួយនឹងកំពូលប៉ុន្មានទៀតមានកម្ពស់មិនក្រោម ៨០០០ពាន់ម៉ែត្រនោះឡើយ។ ប៉ុន្តែកាលពីប៉ុន្មានលានឆ្នាំមុន ភ្នំអេវើរ៉េសមិនទាន់មានវត្តមានជាភ្នំនោះទេ។
 
នៅវេលាម៉ោង ៣កន្លះរសៀល ថ្ងៃទី១៤ ខែមេសា លោក ជួន ភិរម្យ និងសមាជិកឡើងភ្នំដែលជាមិត្តភក្តិរបស់លោក ជនជាតិម៉ាឡេស៊ី បានទៅដល់តំបន់ Everest Base Camp (EBC) ដោយជោគជ័យ ព្រមទាំងបានផ្តិតយកទិដ្ឋភាពជុំវិញភ្នំ អមជាមួយទង់ជាតិប្រទេសកម្ពុជាផងដែរ។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 តាមទូរស័ព្ទដៃថា លោក ភិរម្យ លើកឡើងថា មូលហេតុនៃការឡើងភ្នំនេះ ដោយសារចង់បង្ហាញពីភាពជោគជ័យរបស់ខ្មែរ ដែលមានអ្នកទៅដល់តំបន់នោះ។ លោក ចង់បង្ហាញថា ជនជាតិខ្មែរក៏មានសមត្ថភាព យកទង់ជាតិខ្មែរដែលជាអត្តសញ្ញាណទៅបង្ហាញនៅទីនោះផងដែរ។ វាក៏ជាការសុបិនរបស់អ្នកឡើងភ្នំចាស់វស្សារូបនេះ ជាយូរមកហើយ។ ទោះបីមិនអាចទៅដល់កំពូលក៏ដោយ ប៉ុន្តែនៅជើងភ្នំ លោកនិងសមាជិកក៏ជួបបញ្ហាច្រើនដែរ។

លោក ជួន ភិរម្យ លើកទងជាតិនៅតំបន់ជួរភ្នំហិមាល័យ។ រូបភាពពី៖ លោក ជួន ភិរម្យ
 
តំបន់នេះមានគ្រោះថ្នាក់ ដូចជាការពុលភ្នំអំឡុងពេលឡើងភ្នំ ព្រោះខ្វះអុកស៊ីសែនដើម្បីដកដង្ហើម។ ចំពោះ លោក ភិរម្យ វិញ ដំណើរឆ្ពោះទៅកាន់តំបន់នោះ គឺមានអ្នកនាំផ្លូវមួយរូប សម្រាប់ណែនាំមុនពេលឡើងភ្នំ ក៏ដូចជាពន្យល់ពីភូមិសាស្រ្ត ដើម្បីឱ្យទៅដល់ដោយជោគជ័យ។ អ្វីដែលលោក ភិរម្យ បារម្ភបំផុតគឺ ការពុលភ្នំតែម្តង ដូច្នេះត្រូវមានធានារ៉ាប់រង ចៀសវាងមានគ្រោះថ្នាក់ណាមួយ។ អ្នកឡើងភ្នំចាស់វស្សារូបនេះ បន្តថា ប្រសិនមិនបានត្រៀមលក្ខណៈឱ្យបានត្រឹមត្រូវនោះទេ ប្រាកដជាប៉ះពាល់ដល់អាយុជីវិត។
 
«មិនខុសគ្នាប៉ុន្មាននោះទេ ដោយសារផ្លូវសម្រាប់ឡើង គឺស្រដៀងគ្នាទៅនឹងការឡើងភ្នំនៅប្រទេសខ្មែរ។ អ្នកឡើងភ្នំនៅខ្មែរ ភាគច្រើនបោះតង់ ដោយឡែកនៅតាមផ្លូវនៃជួរភ្នំហិមាល័យ គឺមានកន្លែងស្នាក់នៅ ដែលភាគច្រើនគេបង្កើតជាសហគមន៍ ដែអាចឱ្យអ្នកឡើងភ្នំ ស្នាក់នៅបាន»។ នេះជាការរៀបរាប់របស់លោក ភិរម្យ ដោយបន្តថា អ្វីដែលខុសគ្នា នោះ គឺអាកាសធាតុមានភាពត្រជាក់ខ្លាំង ចាប់ពី-១០ រហូតដល់-៣0 អង្សារសេ។
 
សម្រាប់សម្ភារដែលលោក ត្រៀមដើម្បីឡើងភ្នំនេះ មានដូចជាស្បែកជើងអាចការពារភាពត្រជាក់ ខោអាវក្រាស់ៗ មួក ស្រោមដៃ។ សម្លៀកបំពាក់ ត្រូវផ្លាស់ប្តូរតាមអាកាសធាតុ និងទីតាំង ដោយស្ថិតលើតំបន់ដែលត្រជាក់ខ្លាំង។
 
លោក ជួន ភិរម្យ ប្រាប់អ្នកសារព័ត៌មាន Thmey Thmey 25 តាមទូរស័ព្ទ មុនពេលមាតុភូមិនិវត្តន៍ ដូច្នេះ៖ «តំបន់ Everest Base Camp គឺជាចំណុចចាប់ផ្តើម ដើម្បីឡើងទៅកំពូល។ ប៉ុន្តែសម្រាប់ខ្ញុំគឺមិនទាន់អាចឡើងទៅដល់នៅឡើយ ដោយសារយើងត្រូវការបទពិសោធខ្លាំងជាងនេះ ក៏ដូចជាត្រូវចំណាយថវិកាច្រើនផងដែរ។ ជាដំបូង យើងស្រមៃត្រឹម Everest Base Camp សិន» ។
 
បើតាមបុរសវ័យ ៤៣ឆ្នាំរូបនេះ ភ្នំអេវើរ៉េស គឺមានទេសភាពស្អាត លើសពីនេះអ្នកក៏អាចមើលឃើញពីភ្នំធំៗដទៃទៀត ជាពិសេស គឺឃើញអ្នកដែលឡើងភ្នំជាច្រើននាក់ទៀត។ ចំពោះបទពិសោធថ្មីបំផុតសម្រាប់លោក គឺមានសហគមន៍គ្រប់គ្រងសំរាម រៀបចំសម្ភារ ការធ្វើដំណើរវែងឆ្ងាយ និងការតមសាច់ ប្តូរមកបរិភោគបន្លែ។
 
បន្ថែមពីនោះ លោក ជួន ភិរម្យ ក៏បានលើកទឹកចិត្ត ដល់អ្នកស្រឡាញ់ការឡើងភ្នំនៅប្រទេសកម្ពុជា ត្រូវស្វែងរកបទពិសោធឱ្យបានច្រើន។ ជាបន្ទាប់នោះ អ្នកដែលចង់ផ្លាស់ប្តូរបទពិសោធ អាចមកសាកល្បងឡើងភ្នំ នៅក្រៅប្រទេស ជាក់ស្តែងដូចជា ដំណើរផ្សេងព្រេងមកភ្នំអេវើរ៉េស ជាដើម៕
 

លោក ជួន ភិរម្យ បានបំពេញបំណងរបស់ខ្លួន បន្ទាប់ពីឡើងមកដល់ EBC។ រូបភាពពី៖ លោក ជួន ភិរម្យ

 

Tag:
 លោក ជួន ភិរម្យ
  ទេសចរណ៍
  ជួរភ្នំហិមាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com