ជាតិ
បណ្ឌិតនរវិទ្យា អាំង ជូលាន ពន្យល់ពីជំនឿអាប នៅប្រទេសក្នុងតំបន់អាស៊ាន
23, Apr 2023 , 9:19 am        
រូបភាព
លោកបណ្ឌិតនរវិទ្យា អាំង ជូលាន ចូលរួមក្នុងកម្មវិធី« សិល្បៈ ខ្មែរពីតំបន់អង្គរ» នៅខេត្តសៀមរាប។ រូបភាពពី៖ លោក សែម វណ្ណា
លោកបណ្ឌិតនរវិទ្យា អាំង ជូលាន ចូលរួមក្នុងកម្មវិធី« សិល្បៈ ខ្មែរពីតំបន់អង្គរ» នៅខេត្តសៀមរាប។ រូបភាពពី៖ លោក សែម វណ្ណា
ភ្នំពេញ៖ ក្រៅពី ពិធីបុណ្យអ្នកតា ពិធីនេសាទត្រីនៅក្នុងតំបន់អង្គរ អាហារនៅតំបន់អង្គរ មានជំនឿអរិយធម៌ជាច្រើន ដែលដូនតាខ្មែរតែងគោរព និងមានជំនឿលើពពួកព្រាយ អាប អ្នកតាជាដើម។ លោកបណ្ឌិតនរវិទ្យា អាំង ជូលាន លើកឡើងថា ក្រៅពីប្រជាជនខ្មែរ ជឿលើជំនឿអាប ក្នុងនោះប្រជាជននៃប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងប្រទេសហ្វីលីពីនជាដើម ក៏មានជំនឿអាបដូចគ្នា។



លោកបណ្ឌិតនរវិទ្យា បកស្រាយថា ជំនឿពីដូនតាខ្មែរ មានច្រើនស្រទាប់ ដោយបានចាក់ឫសក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់។ ចំពោះ វប្បធម៌ដ៏ចំណាស់នេះ បានចាក់ឫស តាំងពីមុនខ្មែរទទួលឥទ្ធិពលពីឥណ្ឌាមក ពោលមុនពេលប្រជាជនខ្មែរគោរព ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា។

លោកបណ្ឌិតនរវិទ្យា អាំង ជូលាន លើកឡើងថា ជំនឿពីដូនតា គឺមិនអាចរកកំណើតពីវប្បធម៌ ថាខ្មែរជឿអ្នកតា តាំងពីពេលណាមកនោះទេ។ ប្រសិនបើថា ខ្មែរ ជឿព្រាយ ជឿអ្នកតា ជឿអាប គឺមិនអាចឆ្លើយបានទេ។ ចំណែក ប្រជាជននៅក្នុងតំបន់អាស៊ី មានជំនឿប្រហាក់ប្រហែលគ្នា ដោយសារជំនឿមិនមានឈ្មោះជាក់លាក់។



ជាក់ស្តែង ស្រទាប់ជំនឿដែលចាស់ជាង គេនិយមហៅថាជំនឿជីវចល។ រីឯ ជំនឿអាប ជាទូទៅក្នុងជំនឿខ្មែរជាស្រី្តចាស់ អាចនិយាយបានថាជាពាក់កណ្តាលអមនុស្ស ព្រោះរាល់សកម្មភាពគឺមិនសូវចូលក្នុងចំណោមមនុស្សម្នាដទៃ។ ការហូបចុក ក៏ខុសពីមនុស្សធម្មតា ពោលពូជអម្បូរប្រភេទនេះច្រើនបរិភោគរបស់កង្វក់មិនល្អ។ ចំពោះ ចំណីដែលអាចត្រូវការ និងឆ្ងាញ់ គឺឈាមជ័រនៃស្រ្តីដែលឆ្លងទន្លេ។ ឈាមដែលហូរតាមរនាប ស្រកចុះមកក្រោមផ្ទះ គឺជាចំណីរបស់អាប។ ដូចេ្នះហើយទើបប្រជាជនខ្មែរនៅតាមជនបទខ្លះ មានទម្លាប់មួយ គឺ រាល់ពេលស្រ្តីឆ្លងទន្លេ តែងដាក់បន្លា នៅជុំវិញកន្លែងសម្រាល។

លោកបណ្ឌិតនរវិទ្យា ពន្យល់ដូច្នេះ៖ «ជំនឿអាបមិនមែនតែប្រទេសខ្មែរនោះឡើយ ប៉ុន្តែក៏មានប្រជាជននៅក្នុងតំបន់អាស៊ីដទៃដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងប្រទេសហ្វីលីពីនជាដើម។ ការស្រាវជ្រាវបង្ហាញថា ជំនឿទាំងនេះគឺមានតាំងពីយូរណាស់មកហើយ។ បើទោះបច្ចុប្បន្ន ជំនឿថ្មីចូលមកកាន់តែច្រើន ប៉ុន្តែជំនឿដែលមានតាំងពីយូរលង់ក៏មិនបានបាត់បង់នោះដែរ។»

សូមបញ្ជាក់ថា ក្នុងវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា «អាប» ជាឈ្មោះសិល្បវិទ្យាទុរាចារមួយយ៉ាងរបស់មនុស្សស្រីមានពិធីចងបិសាចឱ្យកាន់កាប់ សម្រាប់ប្រើធ្វើគេឱ្យឈឺចាប់ចុកសៀត។ គេច្រើននិយាយថា អាបប្រពៃណី ខ្មោចអាបដែលគេបោះបង់លែងថែរក្សាទៅហើយ។ ប្រសិនបើក្នុងគ្រួសារមានស្រ្តីជាប់ពាក់ព័ន្ធ នឹងអ្នកដែលចេះមន្តអាគមស្រ្តីពូជអាប គេតែងហៅថាស្រី្តដែលជាប់ពូជអាប ជាដើម៕ 

Tag:
 ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com