កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែបម្រើល្អបំផុតចំនួន ៥នាក់ក្នុងរដូវកាល ២០២២-២៣ ដែលមានវ័យលើស ៣០ឆ្នាំ
23, Apr 2023 , 9:59 am        
រូបភាព
ខ្សែបម្រើប្រៀបបានជាម៉ាស៊ីនដ៏សំខាន់បំផុត ក្នុងការបង្កើតចលនានៅក្នុងក្រុមបាល់ទាត់ ដោយជាតំបន់ស្នូលទីតាំងដ៏សំខាន់ ដើម្បីគ្រប់គ្រងការប្រកួតសម្រាប់ក្រុម តភ្ជាប់ពីខ្សែការពារទៅកាន់តំបន់ប្រយុទ្ធ។ ខ្សែបម្រើភាគច្រើន ជាអ្នកមានទំនួសខុសត្រូវខ្ពស់ សម្រាប់ការលេងបាល់ក្នុងក្រុមទាំងមូល ព្រមទាំងការបង្កើតឱកាសវាយសម្រុកលើគូប្រកួត។


 
ពីមួយឆ្នាំទៅមួយឆ្នាំ ខ្សែបម្រើតែងតែមានបច្ចេកទេសនៃការលេងខុសៗគ្នា ហើយបច្ចេកទេសទាំងអស់នោះ ក៏បានក្លាយទៅជាកម្លាំងជំរុញ និងថាមពលដល់ក្រុមទាំងមូល។ ខ្សែបម្រើនាពេលបច្ចុប្បន្នអាចលេងទាំងនៅតំបន់ការពារបានផងដែរ បន្ថែមពីលើតួនាទីរបស់ពួកគេ ដូចទៅនឹងភាពល្អឥតខ្ចោះនៃការគ្រប់គ្រងបាល់ និងការប៉ះបាល់របស់គេអ៊ីចឹង។
 
ភាគច្រើននៃក្រុមខ្លាំងៗ នៅលើពិភពលោក គឺបានពឹងផ្អែកខ្លាំងទៅលើកីឡាករ ស្ថិតនៅតំបន់បម្រើកណ្តាលរបស់ពួកគេ ដើម្បីអាចមានប្រៀបយកឈ្នះក្នុងការប្រកួត ព្រមទាំងគ្រប់គ្រងការប្រកួតជាដើម។ 
 
ក្លិបខ្លះមានភាគរយឈ្នះការប្រកួតភាគច្រើន កើតចេញពីការមានខ្សែបម្រើល្អៗទាំងនេះ មាននៅក្នុងក្រុមរបស់ពួកគេ ដើម្បីបង្កើតឱកាសដល់ខ្សែប្រយុទ្ធឆ្នើមៗ ក្នុងការរកគ្រាប់បាល់ និងរកជ័យជម្នះ។
 
ខាងក្រោមនេះជាកីឡាករខ្សែបម្រើល្អបំផុតទាំង ៥ ដែលមានវ័យលើសពី ៣០ឆ្នាំ៖
 
១. Kevin de Bruyne ក្លិប Manchester City វ័យ ៣១ឆ្នាំ


 
ជាខ្សែបម្រើដ៏ឆ្នើមបំផុតនាពេលបច្ចុប្បន្នប្រចាំតំបន់អឺរ៉ុប និងប្រចាំនៅ Premier League។ De Bruyne ទើបតែបំបែកកំណត់ត្រាជាកីឡាករទី៥ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ១០០គ្រាប់នៅ Premier League ក្នុងនាមជាកីឡាករក្រុម Manchester City។ 
 
បច្ចុប្បន្ននៅ Man City ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកបានក្លាយជាដៃគូបញ្ជូនបាល់យ៉ាងល្អ ទៅកាន់ Erling Haaland ដែលជាកីឡាករពូកែ ក្នុងការស៊ុតរកគ្រាប់បាល់បំផុតប្រចាំក្រុម។
 
២. Casemiro ក្លិប Manchester United វ័យ ៣១ឆ្នាំ


 
Casemiro ក៏បានក្លាយជាកីឡាករម្នាក់ដែលមានតម្លៃខ្លួនថ្លៃ ក្នុងទីផ្សារដោះដូររដូវកាលនេះ ក្នុងតំបន់អឺរ៉ុបផងដែរ។ ការមកដល់របស់គេ បានជួយកែប្រែទម្រង់លេងក្រុម Man United ខ្លាំង សឹងមិនគួរឱ្យជឿបានក្រោមការដឹកនាំរបស់លោក Erik ten Hag។
 
ក្លិបបិសាចក្រហមនៅក្នុងការប្រកួត ដែលមាន Casemiro នោះតែងមានភាគរយក្នុងការឈ្នះលើសចាប់ពី ៥០ភាគរយឡើង ។ ប៉ុន្តែផ្ទុយទៅវិញនៅពេលដែលគ្មានកីឡាករសញ្ជាតិប្រេស៊ីល ក្លិបហាក់ថមថយភាគរយនៃជ័យជម្នះពួកគេ ទៅតាមនោះ។
 
៣. Ilkay Gundogan ក្លិប Manchester City វ័យ ៣២ឆ្នាំ


 
Gundogan ជាខ្សែបម្រើម្នាក់ដែលមានភាពមាំទាំនៅតំបន់ដែលរូបគេលេង ចាប់តាំងពីចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១៦ មក។ ក្នុងនាមជាខ្សែបម្រើនៅ Man City កីឡាករសញ្ជាតិអាល្លឺម៉ង់ លេងក្នុងតួនាទីដ៏សំខាន់ប្រចាំក្លិប Man City នៅ Premier League នឹងជួយក្លិបឈ្នះពានលីគចំនួន ៤ដង។ លើសពីខ្សែបម្រើ Gundogan ក៏ពូកែក្នុងការស្វែងរកគ្រាប់បាល់សម្រាប់ក្រុមផងដែរ រួមទាំងការការពារក្រុមពីការប្រយុទ្ធរបស់គូសត្រូវ។
 
៤. Luka Modric ក្លិប Real Madrid វ័យ ៣៨ឆ្នាំ


 
Modric បានក្លាយជាវិរបុរសរបស់ក្លិប Real Madrid ទៅហើយ ក្នុងនាមជាខ្សែបម្រើការពារដ៏រឹងមាំមួយរូប ទាំងការការពារ ការគ្រប់គ្រងបាល់ គ្រប់គ្រងទម្រង់លេងក្រុម ការបញ្ជូនបាល់ ការប៉ះបាល់ជាដើម។ កីឡាករសញ្ជាតិក្រូអាស៊ីក៏បានឈ្នះពានរង្វាន់ Ballon d’Or ១ផងដែរ ក្នុងអាជីពដ៏អស្ចារ្យរបស់គេ។
 
៥. Granit Xhaka ក្លិប Arsenal វ័យ ៣០ឆ្នាំ


 
Xhaka ដើរតួរយ៉ាងសំខាន់នៅក្នុងក្រុម Arsenal នាពេលបច្ចុប្បន្ន និងក្នុងនាមជាប្រធានក្រុមរងម្នាក់ផងដែរ។ បើទោះបីជាកាលពីប៉ុន្មានឆ្នាំមុន មិនសូវទទួលជោគជ័យ ប៉ុន្តែមកដល់ពេលនេះ រូបគេធ្វើបានល្អខ្លាំងក្នុងការរក្សាទម្រង់លេងដ៏ខ្លាំងនៃក្រុមកាំភ្លើងធំ ដើម្បីប្រជែងពានរង្វាន់ Premier League៕

Tag:
 Top5
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com