ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន កុសល ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ
22, Apr 2023 , 4:11 pm        
រូបភាព
លោក ហ៊ុន កុសល មុនពេល​ឃុំខ្លួន។ រូបភាពពីហ្វេសប៊ុករបស់លោក
លោក ហ៊ុន កុសល មុនពេល​ឃុំខ្លួន។ រូបភាពពីហ្វេសប៊ុករបស់លោក
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងលោក ហ៊ុន កុសល ឱ្យនៅក្រៅឃុំ ក្រោយជាប់ពន្ធនាគារព្រៃស រយៈពេល១ខែ។ នេះបើតាមលិខិតបង្គាប់ឱ្យដោះលែងរបស់លោក យី សុខវួច ចៅក្រមស៊ើបសួរ នៅថ្ងៃទី២២ មេសា។


 
លោក យី សុខវួច ចៅក្រមស៊ើបសួរបានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងលោក ហ៊ុន កុសល ដែលត្រូវបានគេដឹងថាជាសកម្មជនស្និទ្ធនឹងលោក កឹម សុខា  ដែលបានឃុំជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ គិតចាប់ពីថ្ងៃឃុំខ្លួនដល់ថ្ងៃដោះលែង មានរយៈពេល១ខែហើយ ដែលលោក ហ៊ុន កុសល ជាប់ពន្ធនាគារ ក្រោមបទចោទ២ គឺបទប្រមាថព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។
 
កាលពីថ្ងៃទី២១ មីនា ជាថ្ងៃព្រះរាជពិធីសុំភ្លើងអគ្គិកីឡា លោក ហ៊ុន កុសល បង្ហោះលើហ្វេសប៊ុកដូច្នេះ៖«ឃើញពួកគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្តាក្សត្រ និងព្រះរាជបល្ល័ង្គដែលប្រជារាស្រ្តខ្មែរមិនអាចខ្វះបាន»។
 
សូមបញ្ជាក់ថា នៅថ្ងៃទី២២ មេសានេះ លោក យឹម ស៊ីណន ដែលបានឃុំខ្លួននៅថ្ងៃជាមួយលោក ហ៊ុន កុសល ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមការស្នើសុំរបស់សម្ដេច ហ៊ុន សែន៕ 
 

Tag:
 នយោបាយ
  តុលាការ
  ក្រៅឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com