ជាតិ
ក្រសួងធនធានទឹក ឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ​ ខណៈភ្លៀងមានតិច ឯបាតុភូតក្តៅមានកម្រិតខ្ពស់
23, Apr 2023 , 11:47 am        
រូបភាព
 រូបភាព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រូបភាព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ក្រោយការព្យាករឃើញថា បរិមាណទឹកភ្លៀងឆ្នាំនេះ ទាបជាងរាល់ឆ្នាំចន្លោះពី ២០ទៅ៣០ភាគរយ។ ជាមួយគ្នានេះ ចាប់ពីខែឧសភា រហូតដល់ខែសីហា កម្ពុជា នឹងរងឥទ្ធិពលពីបាតុភូតអែលនីណូ ដែលមានកម្ដៅរហូតដល់៦០ភាគរយ និងបាតុភូតអែនសូ (Neutral) មាន៤០ភាគរយ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា បាតុភូតអែលនីណូ អាចនឹងកើនឡើងដល់៧០ភាគរយ ទៅ៨០ភាគរយ ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina)។

 
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមេសា ចាប់ពីខែឧសភា រហូតដល់ខែសីហា កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ដែលមានកម្ដៅរហូតដល់៦០ភាគរយ និងបាតុភូតអែនសូ (Neutral) មាន៤០ភាគរយ ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina)។ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា បាតុភូតអែលនីណូ អាចនឹងកើនឡើងដល់៧០ភាគរយ ទៅ៨០ភាគរយ និងបាតុភូត (Neutral) ថយមកនៅ ២០ភាគរយ ទៅ៣០ភាគរយ។
 
ក្នុងរដូវវស្សា ២០២៣ ដែលនឹងឈានចូលមកដល់នៅសប្តាហ៍ទី ២ នៃខែឧសភា ដែលយឺតជាងឆ្នាំ២០២២។ ទន្ទឹមនោះ បរិមាណទឹកភ្លៀងអាចមានពីតិចទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយបានល្អ។ ចំណែកចលនាខ្យល់, កម្ដៅ(Thermal Low)និងភ្លៀង ភាគច្រើនធ្លាក់តាមកន្លែង និងដោយផ្ទាល់។
 
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា កម្រិតទឹកភ្លៀងឆ្នាំនេះ មានតិចជាងមធ្យមភាគប្រមាណពី២០ ទៅ៣០ភាគរយ។ នៅដើមរដូវវស្សានេះ ក៏នឹងអាចកើតឡើងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់កួច (Gust wind និង Squall) ញឹកញាប់ផងដែរ។


រូបភាព៖ ហេង ស្រីលីន 
 
នៅពាក់កណ្តាលរដូវវស្សា ដែលគិតចាប់ពីខែសីហា ដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់ក្នុងបរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះបង្គួរ ជាមួយនឹងភ្លៀងធ្លាក់ភាគច្រើន ជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ។ ដូចគ្នានេះដែរ កម្រិតទឹកភ្លៀងទាបជាងមធ្យមភាគប្រមាណពី ២០ទៅ៣០ភាគរយ។ ពាក់កណ្តាលរដូវវស្សានេះដែរ ក៏អាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ (Thunderstorm) ជាបង្ហូរផងដែរ ។
 
ចុងរដូវវស្សា ដែលអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម និងកន្លែងខ្លះអាចមិនទទួលបានភ្លៀង។ នៅចុងរដូវវស្សានេះ ក៏អាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall) ក្នុងកម្រិតជាមធ្យមផងដែរ ពិសេស នៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ។
 
ដោយឡែក កូនរដូវប្រាំងក្នុងខែវស្សាឆ្នាំ២០២៣នេះ កម្ពុជានឹងប្រឈមខ្លាំងនូវកូនរដូវប្រាំង ដែលអាចកើតឡើង នឹងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។ ជាមួយគ្នានេះ ស្ថានភាពព្យុះនៅក្នុងឆ្នាំនេះ អាចនឹងកើតឡើងក្នុងរង្វង់ពី ២៤ទៅ២៦ដង នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចមានព្យុះខ្លះ កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។
 
ផ្អែកតាមការព្យាករណ៍នេះ ក្រសួង ធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕
 

Tag:
 ក្រសួងធនធានទឹក
  ការប្រែប្រួលអាកាសធាតុ
  បាតុភូតអែលនីណូ
  បាតុភូត អែនសូ
© រក្សាសិទ្ធិដោយ thmeythmey.com