កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ហ៊ុន សែន៖ បន្ថែម៧លានដុល្លារទៀត លើការចំណាយធ្វើម្ចាស់ផ្ទះស៊ីហ្គេម
24, Apr 2023 , 9:10 am        
រូបភាព
សម្តេច ហ៊ុន សែន បានប្រកាសបន្ថែមប្រាក់ចំណាយលើការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ចំនួន៧លានដុល្លារទៀត លើគម្រោងចំណាយចាស់ដែលមានចំនួន១២៤លានដុល្លារ។


នាពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី (វត្តតាំងក្រសាំង) នៅព្រឹកថ្ងៃទី២៤ ខែមេសា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការមិនយកថ្លៃចំណាយរបស់របស់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រជែងមេដាយនៅស៊ីហ្គេមកម្ពុជា។

ដើម្បីសម្រួលមិនយកថ្លៃហូបចុក ស្នាក់នៅ និងធ្វើដំណើរ ក្នុងម្នាក់៥០ដុល្លារក្នុងមួយថ្ងៃ សម្តេច ហ៊ុន សែន បានប្រកាសបន្ថែមទឹកប្រាក់៧លានដុល្លារបន្ថែមទៀត។ ដើមឡើយ គម្រោងចំណាយរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានចំនួន១២៤លានដុល្លារ ដូច្នេះបន្ថែម៧លានទៀត កើនដល់១៣១លានដុល្លារ លើការចំណាយសរុប។

«យើងចំណាយ៧លានដុល្លារបន្ថែមទៀត ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនីបរទេសដែលមកប្រកួតនៅកម្ពុជា។ ជាធម្មតាគេយកយើង៥០ដុល្លារម្នាក់ក្នុង១ថ្ងៃ ពេលកីឡាកររបស់យើងទៅប្រកួតនៅគេ ប៉ុន្តែយើងអត់ឱ្យបង់ថ្លៃទេ គឺទទួលចិញ្ចឹមគេតែម្តង។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា មុនបន្ថែមថា សម្រាប់អ្នកគាំទ្រមកពីក្រៅប្រទេស ត្រូវរ៉ាប់រងថ្លៃសណ្ឋាគា ហូបចុក និងធ្វើដំណើរដោយខ្លួនឯង។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕



© រក្សាសិទ្ធិដោយ thmeythmey.com