ជាតិ
សេដ្ឋកិច្ច
កញ្ញា ស៊ឹង សុផា សហគ្រិន​មួយរូបដែលរួមចំណែក​ជំរុញវត្តមាន «ម្រេចខ្មែរ» លើទីផ្សារអន្តរជាតិ
24, Apr 2023 , 3:13 pm        
រូបភាព
 ស៊ឹង សុផា នាយិការបស់Sela Pepper
ស៊ឹង សុផា នាយិការបស់Sela Pepper
ម្រេចកំពតជាម៉ាកទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) ត្រូវបានទទួល​ស្គាល់ដោយ​សហភាពអឺរ៉ុប រីឯ ម្រេចខ្មែរឯទៀត ជាពិសេសផលិតផលពីក្រុមហ៊ុនក្រុមហ៊ុន សិលា ផិបភើរ ខេមបូឌា (Sela Pepper Cambodia)  ក៏កំពុងវាយលុកទីផ្សារនៅ​ប្រទេសប៉ូឡូញ អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ យ៉ាងខ្លាំង ផងដែរ​។ ជោគជ័យទាំងនេះហើយ ដែលនាំ​កញ្ញា ស៊ឹង សុផា នាយិកា​ក្រុមហ៊ុនសិលា ផិបភើរ បន្ត​ពង្រីកសក្តានុពល​ទីផ្សារ​របស់ខ្លួនទៅ​កាន់សហរដ្ឋអាម៉េរិក ស្វីស អូស្ត្រាលី និង​ចិន បន្ថែមទៀត។

 
៨ឆ្នាំហើយ​ដែល កញ្ញា ស៊ឹង សុផា ប្រឡូកក្នុង​វិស័យ​កសិកម្ម​លើការដាំដុះ និង​នាំ​ម្រេច​ខ្មែរទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន ឈាន​ដល់​វ័យ​៣២​ឆ្នាំ សហគ្រិនស្ត្រី​ឆ្នើម​​រូបនេះ បន្ត​ដាក់​គោល​ដៅ​ខ្ពស់ក្នុង​ការ​លើកកម្ពស់​គុណភាព​ម្រេច​ខ្មែរ និងពង្រីក​ទីផ្សារ​កាន់តែ​ទូលាយ​បន្ថែមទៀត​នៅ​លើ​ឆាកអន្តរជាតិ តាមរយៈក្រុមហ៊ុនសិលា ផិបភើរ​ របស់ខ្លួន។

ជាកូនពៅ​ក្នុងគ្រួសារមួយដែលមាន​ជីវភាព​សមល្មម​នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប កញ្ញា សុផា បាន​បញ្ចប់​ការសិក្សា​លើ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម​ពី​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ ហើយ​ព្រោះតែជំនក់ចិត្តលើកិច្ចការងារសហគមន៍​ និងការប្តេជ្ញាចិត្តខ្ពស់ រួមនឹងឱកាសដែលទទួលបានជំនួយពីវិនិយោគិនបរទេសផងនោះ សុផា ក៏សម្រេចចាកចេញការងារពីវិស័យអចលនវត្ថុ ងាកមកចាប់យកក្តីស្រមៃខ្លួននៅក្នុងវិស័យកសិកម្មវិញ មកទល់សព្វថ្ងៃ។ 
 




ម្រេចខ្មែរដាំដោយកសិករប្រមាណ៦០០គ្រួសារត្រូវបានដាក់លក់ទីផ្សារអន្តរជាតិ 
 

Sela Pepper ជា​ក្រុមហ៊ុន​ម្រេច​ដំបូង​គេ​ដែល​បាន​សង់​រោងចក្រ​ផលិត​ម្រេច និង​មាន​ឧបករណ៍​ទំនើបៗ​ជាច្រើន​រួមមាន ម៉ាស៊ីនសម្ងួត សម្លាប់​មេរោគ កិន វេចខ្ចប់ និង​មាន​បន្ទប់ពិសោធន៍​ ផងដែរ​។ បច្ចុប្បន្ន ​ក្រុមហ៊ុន​ កំពុង​​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយកសិករប្រមាណ៦០០​គ្រួសារ​ក្នុងសហគមន៍ចំនួន៦ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ និងសហគមន៍ម្រេចសរីរាង្គមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី។​
 
មួយឆ្នាំៗ ក្រុមហ៊ុនរបស់ កញ្ញា សុផា អាចប្រមូលទិញម្រេចពីប្រជាសហគមន៍ទាំងនោះបានជាង១០០តោន។ បរិមាណនេះ មើលទៅអាចស្ថិតក្នុងទំហំតិចតួចក៏ពិតមែន ប៉ុន្តែវត្តមាននៃ Sela Pepper បានជួយបង្កើតការងារឱ្យកសិករ សិស្ស-និស្សិត។ លើសពីនេះទៅទៀតគឺ Sela Pepper ជួយកសាងកេរិ៍្តឈ្មោះ និងកិតិ្តយសកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ទាំងនេះហើយ ជាកត្តាជំរុញដែលធ្វើឱ្យកញ្ញា ស៊ឹង​ សុផា បន្តប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការធ្វើជំនួញលើវិស័យកសិ-ឧស្សាហកម្ម ដែលមិនគិតតែលើប្រាក់ចំណេញឡើយ។ 
 


សព្វថ្ងៃម្រេចប្រមាណ២០មុខដែលជាផលិតផលសម្រេចរបស់ Sela Pepper ក្រៅពីមានដាក់លក់នៅលើទីផ្សារទំនើបក្នុងស្រុកហើយនោះ ក៏វត្តមានប្រមាណ១០០០កន្លែងនៅលើទីផ្សារបរទេសដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ ផងដែរ។ ទីផ្សារអន្តរជាតិរបស់Sela Pepper មាននៅសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ និងអាល្លឺម៉ង់ ជាដើម។ ម្រេចដែលត្រូវបាននាំចេញទាំងនោះ គឺមានទាំងម្រេចស ម្រេចក្រហម ម្រេចខ្មៅ សុទ្ធសឹងមានគុណភាពនិងសុវត្ថិភាពចំណីអាហារ ដោយគោរពទៅតាមស្តង់ដារអរន្តជាតិ។
 
នាយិការូបនេះ បានថ្លែងមកកាន់សារព័ត៌មានឌីជីថល​ថ្មីៗ (ThmeyThmey) ដោយភាពក្លាហានយ៉ាងដូច្នេះ ៖ «ខ្ញុំហ៊ាននិយាយបានថា ខ្ញុំជាមនុស្ស ឬ ជាក្រុមហ៊ុនដំបូងគេ ដែលបានបង្ហាញនូវអ្វីដែលយើងបានខិតខំប្រឹងប្រែងធ្វើទៅកាន់ពិភពលោកឱ្យស្គាល់កម្ពុជា ​តាមរយៈផលិតផលរបស់ Sela Pepper ហើយយើងទទួលបានផលពីការខិតខំនេះលើសពីការរំពឹងទុកទៅទៀត»។ 
 
ផលិតផលរបស់ Sela Pepper ត្រូវបានដាក់តាំងពិពរណ៍នៅប្រទេសប៉ូឡូញ។ រូបថត៖ Sela 

ពង្រីកទីផ្សារម្រេចខ្មែរ ទៅ​ស្វីស អូស្រា្តលី ចិន ...
 
បន្ទាប់ពីជាប់គាំងទីផ្សារអន្តរជាតិអស់រយៈពេលជិត៣ឆ្នាំកន្លងមក ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ Sela Pepper ចាប់ផ្តើមវាយសម្រុកយកទីផ្សារទាំងអស់មកវិញ ដោយក្នុងនោះ​ក៏ទីផ្សារអាម៉េរិក ផងដែរ។ ឆ្នាំ២០២៣នេះ ក្រៅតែពីមានការបញ្ជាទិញម្រេចពីទីផ្សារ​បរទេសឡើងវិញ Sela Pepper បានបង្កើនការផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង និងប្រទេសប៉ូឡូញ។ 
 


« ទាំងនេះជាអ្វីដែលយើងត្រូវខិតខំប្រឹងប្រែងបន្តធ្វើ និងជំរុញឱ្យមានការបញ្ជាទិញកាន់តែច្រើនទៀត បើទោះយើងមានអតិថិជនស្រាប់នៅក្នុងដៃក៏ដោយ ព្រោះអ្វីដែលយើងចង់ឃើញ គឺផលិតផលខ្មែរយើងអាចចាប់យកទីផ្សារអន្តរជាតិបានកាន់ច្រើន»។ នេះជាការលើកឡើងរបស់កញ្ញា សុផា ដោយបន្តរៀបរាប់ថា៖ «ទីផ្សារថ្មី ក៏យើងកំពុងស្វះស្វែងធ្វើដែរ គឺនៅប្រទេសអូស្រ្តាលី និងស្វីស។ យើងបានផ្ញើផលិតផលគំរូឱ្យគេរួចហើយ​ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈយើងក៏ត្រៀមដាក់ផលិតផលិតយើងនៅលើទីផ្សារអនឡាញដ៏ធំរបស់ចិន ផងដែរ។ នោះគឺ Alibaba!»។​
 
ដើម្បីជំរុញការនាំចេញ​«ម្រេច»កម្ពុជា ឱ្យពិភពលោកស្គាល់តែច្បាស់ពីរសជាតិ និងគុណភាពនោះ Sela Pepper​ នឹងដាក់លក់ផលិតផលនេះនៅលើវេបសាយ Alibaba។  ការដាក់លក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា-ចិន ឯកភាពគ្នាលើលក្ខខណ្ឌបច្ចេក​ទេសភូតគាមអនាម័យ នៅដើមឆ្នាំ២០២៣។


ការចូលទីផ្សារប្រទេសចិនក្នុងឆ្នាំទីមួយតាមរយៈAlibabaនេះ កញ្ញា សុផា មិនរំពឹងថា មានការបញ្ជាទិញច្រើនកុងតឺន័រនោះទេ ប៉ុន្តែ អ្វីដែលកញ្ញារំពឹងខ្ពស់នោះ គឺម៉ាកឈ្មោះផលិតផលម្រេចកម្ពុជា មានវត្តមាននៅលើវេបអនឡាញដ៏ធំមួយក្នុងពិភពលោកនេះ​។
 
« អ្វីដែលយើងរំពឹងខ្លាំងមែនទែននោះ គឺនៅឆ្នាំ២០២៤។ មានន័យថា ការងារដែលយើងវិនិយោគនៅឆ្នាំ២០២៣ វានឹងឱ្យផលយើងនៅឆ្នាំ២០២៤ ដោយសង្ឃឹមថា ផលិតផលម្រេច Sela Pepper នឹងត្រូវបាននាំចេញទៅប្រទេសចិន គឺពេញកុងតឺន័រជារៀងរាល់ខែ»។ កញ្ញា សុផា បានបង្ហាញសុទិដ្ឋនិយមខ្ពស់បែបនេះ ដោយសារមើលឃើញពីការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសផលិតផលម្រេចខ្មែរ ត្រូវបានបរទេសស្គាល់កាន់តែទូលំទូលាយជាច្រើនជាមុនពីគុណភាព និងរសជាតិ៕
 
 

Tag:
 សហគ្រិន
 ​ កសិកម្ម
  ម្រេច
  កញ្ញា ស៊ឹង សុផា
© រក្សាសិទ្ធិដោយ thmeythmey.com