ជាតិ
យុវជន ហួន សុក្ររង្សី ទទួលបានពានរង្វាន់គណិតវិទ្យាពីកម្មវិធីTIMO
25, Apr 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ បេក្ខភាពចំនួន ៣រូបតំណាងឱ្យកម្ពុជា ទទួលបានពានរង្វាន់លំដាប់ពិន្ទុខ្ពស់ជាងគេ ផ្នែកគណិតវិទ្យាក្នុងកម្មវិធី Thailand International Mathematical Olympiad (TIMO)។ ក្នុងចំណោមម្ចាស់ជ័យលាភី ៣រូបនោះ យុវជន ហួន សុក្ររង្សី ជាម្ចាស់ពានរង្វាន់លំដាប់ពិន្ទុខ្ពស់មួយរូប ផ្នែកគណិតវិទ្យា (World Star Trophy) និងទទួលបានមេដាយប្រាក់(TIMO Final Round Silver) ពីកម្មវិធីនេះផងដែរ។



សូមលោក អ្នកនាងទស្សនាកិច្ចសម្ភាសដូចតទៅ៖



យុវជន ហួន​ សុក្រង្សី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង។ មុននឹង រង្សី ទទួលបានពានរង្វាន់ពីកម្មវិធី TIMO យុវសិស្សរូបនេះ ត្រូវចូលរួមប្រកួតចំនួន ២លើក នៅកម្ពុជា។ ការប្រកួតលើកទី១ តម្រូវឱ្យបេក្ខជនដាក់ពាក្យចូលរួមប្រកួតក្នុងវគ្គជម្រុះ ជាមួយនិងសិស្សមកពីបណ្តាសាលាផ្សេងទូទាំងប្រទេស។ ចំណែក ដំណាក់កាលទី២ (TIMO Heat Round Bronze) តម្រូវឱ្យបេក្ខជន ប្រឡងយក ៤០ពិន្ទុ ទើបអាចទៅប្រកួតបន្តនៅប្រទេសថៃបាន។ 

សុក្ររង្សី ឡើងទទួលពានរង្វាន់​ពីការប្រកួតគណិតវិទ្យា ក្នុងកម្មវិធីTIMO។ រូបភាពពី៖ យុវជន ហួន សុក្រ រង្សី
 
បេក្ខជនទាំង ១៩ប្រទេស ត្រូវមកជួបជុំគ្នា ដើម្បីប្រកួតក្នុងប្រទេសថៃ ។ បេក្ខជន​តំណាងឱ្យកម្ពុជា ដែលបានទៅចូលរួមប្រកួតផ្ទាល់នៅប្រទេសថៃ មានចំនួន ១៣នាក់ ។ បន្ថែមពីនោះក៏មានបេក្ខជន ប្រកួតតាមប្រព័ន្ធអនឡាញផ្សេងទៀតដែរ។
 
យុវជនមានវ័យ១៧ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថ្មីថា វិញ្ញាសានៃការប្រកួត គឺមានចំនួន៣០លំហាត់ ដោយបែងចែកជា ៥ផ្នែក មានដូចជា ផ្នែកគិត ពិជគណិត ធរណីមាត្រ​ ទ្រឹស្តីចំនួន និងផ្នែកប្រូបាប។ ចំពោះ វិញ្ញាសាប្រកួតនៅប្រទេសថៃ​ គឺមានការលំបាក និងច្រើនជាងមុន ប៉ុន្តែរក្សារយៈពេល ២ម៉ោងដដែល។

យុវជន ហួន សុក្ររង្សី ពាក់មេដាយប្រាក់ ដែលទទួលបានពីកម្មវិធី TIMO។ រូបភាពពី៖ កញ្ញា ផាត ដាណេ
 
ជាការប្រកួតលើកទី១ នៅក្រៅប្រទេស រង្សី លើកឡើងថា ៖« នេះជាថ្នាក់ដែលខ្ញុំរៀនថ្នាក់ទី១២ ទើបចង់សាកសមត្ថភាព។ ប្រសិនបើមានឱកាសទៅប្រកួតនៅថៃ ខ្ញុំក៏ចង់សាកសមត្ថភាពជាមួយសិស្សមកពីប្រទេសដទៃទៀត។ ហើយខ្ញុំគិតថា ប្រសិនបើមានបេក្ខជនខ្មែរ ទៅប្រកួតច្រើន ច្បាស់ណាស់ថានឹងមានអ្នកជាប់ច្រើន មិនចាញ់ប្រទេសដទៃឡើយ។»
ស្ថិតក្នុងចំណោមសិស្សពូកែមួយរូប​ ហួន សុក្ររង្សី នឹងចូលរួមប្រកួតសាកស​មត្ថភាពជាបន្តបន្ទាប់ទៀត ដើម្បីតំណាងឱ្យកម្ពុជា សាលា ក៏ដូចជាខ្លួនឯង។ បន្ថែមពីលើនេះ សុក្ររង្សី ក៏ចង់បង្ហាញថា ប្រទេសកម្ពុជាក៏សម្បូរធនធាន ដែលពោលពេញដោយសមត្ថភាព និងឱ្យប្រទេសដទៃដឹងថា កម្ពុជាក៏អាចធ្វើបាន។
 
អាចលើកមុខមាត់ប្រទេស សាលា​និងគ្រួសារ យុវជន ហួន សុក្ររង្សី មានមោទកភាពចំពោះខ្លួនឯង ដោយមិននឹកស្មានថា អាចឈានដល់ដំណាក់កាលនេះ។ រង្សី សប្បាយចិត្ត នូវអ្វីដែលខ្លួនបានប្រឹងប្រែង និងទទួលបានផ្លែផ្កានេះ។ សម្រាប់ក្តីរំពឹងបន្ទាប់ គឺការប្រឡងយកនិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣-២០២៤ខាងមុខនេះ។
កន្លងមក ហួន សុក្ររង្សី ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីដូចជា កម្មវិធី AMC បានមេដាយមាស, កម្មវិធី Math Kangaroo បានមេដាយមាស, កម្មវិធី Copernicus បានមេដាយសំរិទ្ធ,កម្មវិធី AMO ទទួលបានមេដាយកិត្តិយល, កម្មវិធី SEAMO បានមេដាយកិត្តិយលផងដែរ៕
 
យុវជន ហួន សុក្ររង្សី ត្រៀមប្រកួត ក្នុងកម្មវិធី TIMO នៅប្រទេសថៃ។ រូបភាពី​៖ វិទ្យាល័យ ហ៊ុន សែន​ បុរី ១០០ខ្នង
 

Tag:
 ThmeyThmey
  យុវជន ហួន សុក្ររង្សី
  ពានរង្វាន់គណិតវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com