អន្តរជាតិ
ការចំណាយយោធារបស់ពិភពលោកកើនដល់២,២ទ្រីលានដុល្លារ ខណៈភាពតានតឹងកើនឡើង
25, Apr 2023 , 10:29 am        
រូបភាព
ការចំណាយយោធាសកលសរុបនៅក្នុងឆ្នាំ២០២២ បានកើន៣,៧ភាគរយ បើធៀបនឹងឆ្នាំ២០២១ ពោលគឺមានទំហំ២,២៤ទ្រីលានដុល្លារ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល (SIPRI) ចេញនៅថ្ងៃទី២៤ ខែមេសា។

 
សង្រ្គាម និងភាពតានតឹង បានកើតឡើងនៅក្នុងតំបន់ជាច្រើន។ បញ្ហានេះ បានធ្វើឱ្យប្រទេសមហាអំណាច និងប្រទេសមានជម្លោះ រួមទាំងមានភាពតានតឹង បានបង្កើនការចំណាយលើយោធា និងអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងគំហុក ដើម្បីការពារសន្តិសុខរបស់ខ្លួន។ 
 
តាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល (SIPRI) ចេញនៅថ្ងៃទី២៤ ខែមេសា​ ការចំណាយយោធាក្នុងឆ្នាំ២០២២ បានកើនដល់ ២,២៤ ទ្រីលានដុល្លារ ពោលគឺកើនឡើង ៣,៧ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ប្រទេសដែលចំណាយលើយោធាខ្លាំងជាងគេ គឺអាម៉េរិក ចិន និងរុស្ស៊ី ដោយមានទំហំ ៥៦ភាគរយនៃការចំណាយរបស់ពិភពលោក។ 
 
ការបង្កើនការចំណាយលើយោធានេះ កើតមានស្របពេលសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ ក្នុងរបាយការណ៍ដដែល វិទ្យាស្ថាន SIPRI បានបង្ហាញថា ការចំណាយរបស់រុស្ស៊ី បានកើនដល់ ៩,២ភាគរយ នៅក្នុងឆ្នាំ២០២២ ដោយមានទំហំប្រមាណ៨៦,៤ពាន់លានដុល្លារ ដែលស្មើនឹង ៤,១ភាគរយ នៃទំហំផលិតផលក្នុងស្រុកសរុប។ 
 
ចំណែកអ៊ុយក្រែន បានកើន ៦៤០ភាគរយ ពោលគឺមានទំហំ៤៤ពាន់លានដុល្លារ ស្របពេលរុស្ស៊ីឈ្លានពានប្រទេសខ្លួន។ ចំនួននេះ គឺស្មើនឹង៣៤ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ខណៈពេលសេដ្ឋកិច្ចប្រទេសនៅតំបន់អឺរ៉ុបខាងកើតនេះ មានការខូតខាតយ៉ាងខ្លាំង ដោយសារតែសង្រ្គាម។ 
 
«ខណៈការឈ្លានពានលើអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ពិតប្រាកដណាស់ វាមានការប៉ះពាល់ដល់សេចក្តីសម្រេចលើការចំណាយយោធាក្នុងឆ្នាំ២០២២»។ លោក Lorenzo Scarazzato អ្នកស្រាវជ្រាវរបស់កម្មវិធីផលិតកម្មអាវុធ និងការចំណាយយោធារបស់វិទ្យាស្ថាន SIPRI បានបញ្ជាក់បែបនេះ នៅក្នុងរបាយការណ៍។ 
 
ដោយឡែក អាម៉េរិក នៅតែជាប្រទេសដែលចំណាយលើយោធាច្រើនជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ២០២២ ដោយមានចំនួន៨៧៧ពាន់លានដុល្លារ ដែលស្មើនឹង ៣៩ភាគរយនៃការចំណាយរបស់ពិភពលោក និងច្រើនជាង៣ដងនៃការចំណាយរបស់ចិន។ ការចំណាយលើយោធារបស់អាម៉េរិកមួយផ្នែក ត្រូវបានផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែន ដើម្បីទប់នឹងរុស្ស៊ី ដែលមានទំហំ ១៩,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ 
 
ស្របគ្នានេះ ប្រទេសនៅតំបន់អាស៊ីខាងកើតដូចជា ចិន និងជប៉ុន ក៏បានបង្កើនការចំណាយលើយោធាយ៉ាងខ្លាំងដែរ ដោយសារប្រទេសក្នុងតំបន់ទាំងនោះ មានភាពតានតឹងជាមួយគ្នា​ជុំវិញជម្លោះដែនទឹក ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង រួមទាំងការកើនឡើងឥទ្ធិពលយោធាចិនក្នុងតំបន់ជាដើម។ 
 
ក្នុងឆ្នាំ២០២២ ចិន​ នៅតែជាប្រទេសដែលមានការចំណាយយោធាច្រើនជាងគេនៅលំដាប់ទីពីរ បន្ទាប់ពីអាម៉េរិក ដោយមានទំហំ ២៩២ពាន់លានដុល្លារ។ ការបង្កើនការចំណាយនេះ គឺមានច្រើនជាង ៤,២ភាគរយ បើធៀបនឹងឆ្នាំ២០២១ និង ៦៣ភាគរយ បើធៀបនឹងឆ្នាំ២០១៣។ ចិន បានបង្កើនការចំណាយលើយោធា ក្នុងរយៈពេល២៨ឆ្នាំជាប់ៗគ្នា។ 
 
ទន្ទឹមនេះ ជប៉ុន បានចាយលើវិស័យយោធា ៤៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២  កើនឡើង ៥,៩ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះជាទំហំដ៏ច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៦០៕ 
 

Tag:
 យោធា
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com