អន្តរជាតិ
ប្រមុខ UN និងសមាជិកក្រុមប្រឹក្សាសន្តិសុខរិះគន់ការឈ្លានពានអ៊ុយក្រែន ឯរុស្ស៊ីព្រមាន​ហានិភ័យ​ជម្លោះ​សកល​
25, Apr 2023 , 11:59 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស និងតំណាងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានរិះគន់ចំៗចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលជាការវាយប្រហារលើធម្មនុញ្ញរបស់ UN ។ ប៉ុន្តែនាកិច្ចប្រជុំនាថ្ងៃទី២៤ ខែមេសា រដ្ឋ​មន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ព្រមានវិញថាពិភពលោកស្ថិត ក្នុងកម្រិតអាចមានគ្រោះថ្នា​ក់​ជាងអំឡុងសង្គ្រាមត្រជាក់ទៅទៀត។

 
អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្ដីពីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាពតាមរយៈ​ការ​ការពារ​គោលការណ៍ធម្មនុញ្ញ UN ដែលរៀបចំដោយរុស្ស៊ីដែលជាប្រធានក្រុមប្រឹក្សាសម្រាប់ខែមេសា លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែលអង្គុយក្បែរប្រមុខការទូតរុស្ស៊ី បានរិះគន់​ការលុកលុយរបស់ក្រុងមូស្គូ​នៅ​អ៊ុយក្រែនដែលបានបង្កឱ្យមានការរងទុក្ខវេទនា ការបំផ្លិចបំផ្លាញ និងរុញច្រានឱ្យមានបញ្ហា​សេដ្ឋកិច្ច​សកលបន្ថែមទៀត។
 
«ភាព​តានតឹង​រវាង​មហា​អំណាច​ធំៗ​មាន​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ដូច្នេះហានិភ័យនៃជម្លោះអាច​មានតាមរយៈការគណនាខុស»។ លោក ហ្គូតេរ៉េស បានថ្លែងបែបនេះផងដែរចំពោះមុខសមាជិក​ក្រុម​ប្រឹក្សាសន្តិសុខ។
 
ដូចសព្វដងសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀតមានអាមេរិក បារាំង និងអង់គ្លេស ក៏បានបន្តថ្កោល​ទោសរុស្ស៊ីចំពោះសង្រ្គាមនៅអ៊ុយក្រែន។ តំណាងអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield និយាយថា រុស្ស៊ីបានលុកលុយប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន ហើយបានវា​យ​ប្រហារចំបេះដូងធម្មនុញ្ញ UN ហើយសង្គ្រាមឈ្លានពាន និងដណ្ដើមយកទឹកដី​មិនអាច​ទទួល​យក​បាន​នោះទេ។
 
លោកស្រី Thomas-Greenfield ក៏បានចោទរុស្ស៊ីថាបានរំលោភច្បាប់អន្តរជាតិដោយការឃុំខ្លួន​ជន​ជាតិអាមេរិកដោយមិនមានមូលហេតុ ហើយបានអំពាវនាវឱ្យដោះលែងអ្នកសារព័ត៌មាន​កាសែត Wall Street Journal លោក Evan Gershkovich និងអតីតទាហានជើងទឹកឈ្មោះ Paul Whelan ផងដែរ​។
 
ចំណែកតំណាងសហភាពអឺរ៉ុប Olof Skoog ថ្លែងក្នុងកិច្ចប្រជុំដដែលថា ការណ៍ដែលរុស្ស៊ីរៀបចំកិច្ចប្រជុំនេះ មានគោលដៅបង្ហាញថា​ខ្លួនជាអ្នកការពារធម្មនុញ្ញ UN និងពហុភាគីនិយម។ លោកបន្តថា បើគិតគូរពីពហុភាគីនិយម រុស្ស៊ីត្រូវតែបង្ហាញទង្វើផង។ 
 
ចោមរោមដោយការរិះគន់ជុំទិស រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ និយាយថា ពិភព​លោក​កំពុង​ឈានដល់កម្រិតគ្រោះថ្នាក់ដែលលើសពីកម្រិតអំឡុងសង្គ្រាមត្រជាក់ទៅទៀត។ បន្ថែមពីនេះ ស្ថានភាពកាន់តែអាក្រក់ទៅតាមរយៈការបាត់បង់ទំនុកចិត្តលើពហុភាគីនិយម។
 
ប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំ ប្រមុខការទូតរុស្ស៊ីរូបនេះក៏ឆ្លៀតលើកឡើងពីវិបត្តិដែលប្រឈមមុខប្រព័ន្ធអង្គការសហប្រជាជាតិ ដែលលោកចោទចំៗមុខអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិចតែម្ដង។ បើតាមលោក ឡាវរ៉ូវ រឿងរ៉ាវទាំងអស់ មិនមែនសុទ្ធតែពាក់ព័ន្ធអ៊ុយក្រែនឡើយ៕
 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com