កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ហ៊ុន សែន ប្រាប់ឱ្យអភិបាលរាជធានី-ខេត្ត បញ្ចាំងស្លាយប្រកួតស៊ីហ្គេម
25, Apr 2023 , 2:22 pm        
រូបភាព
សម្តេច ហ៊ុន សែន បានណែនាំឱ្យអភិបាលរាជធានី ខេត្ត ទាំងអស់ដាក់បញ្ចាំងស្លាយការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាពិសេសកីឡាបាល់ទាត់ផ្នែកបុរសដែលមានអ្នកចង់ទស្សនាច្រើន។



តាមរយៈសារសំឡេងរយៈពេល២នាទីក្នុងប្រព័ន្ធតេឡេក្រាម សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា រៀបរាប់ថាដោយសារទីតាំងប្រកួតមួយចំនួន មិនអាចផ្ទុកទស្សនិកជន តាមតម្រូវការ ស្របពេលមានអ្នកចង់ទស្សនាច្រើន ពិសេសបាល់ទាត់ ដូច្នេះសូមឱ្យអភិបាលភ្នំពេញ និងខេត្តទាំងអស់រៀបចំការដាក់បញ្ចាំងស្លាយ នៅតាមទីសមរម្ យដើម្បីពលរដ្ឋបានមើលការផ្សាយបន្តផ្ទាល់ប្រកួតស៊ីហ្គេម។
 
ការណែនាំរបស់សម្តេច ហ៊ុន សែន ធ្វើឡើងក្រោយពេលសម្តេច ទទួលបានការសំណូមពរពីពលរដ្ឋ ដើម្បីឱ្យមានការដាក់បញ្ចាំងស្លាយបន្តផ្ទាល់ ចេញពីពហុកីឡដ្ឋាន ទាំងនៅស្តាតអូឡាំពិក និងមរតកតេជោ។ ការសំណូមពរពីពលរដ្ឋនេះដែរ ស្របពេលសំបុត្រឥតគិតថ្លៃ ដើម្បីចូលរួមទស្សនាជំនួបបើកឆាក រវាងក្រុមបាល់ទាត់កម្ពុជា ទល់ទីម័រខាងកើតដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែមេសា បានចែកជូនអស់ទៅហើយ ត្រឹមរយៈពេល២ថ្ងៃ ខណៈដែលអ្នកគាំទ្រជាច្រើននៅមិនទាន់បានសំបុត្រ។
 
ក្រោយការណែនាំរបស់ប្រមុខរដ្ឋាភិបាលតែប៉ុន្មាននាទីប៉ុណ្ណោះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានបង្ហោះពីការរៀបចំចាក់បញ្ចាំងស្លាយការប្រកួតស៊ីហ្គេមតែម្តង។ នៅក្នុងសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួន អភិបាលខេត្តកំពង់ស្ពឺសរសេរថា៖« សូមគោរពអញ្ជើញពុកម៉ែមីងបងប្អូនកូនក្មួយទាំងអស់ ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣តទៅ និងព្រឹត្តិការណ៍បើក និងបិទSEA Games នៅសួនសម្ដេចព្រះសង្ឃរាជជួនណាត»។
 
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមការប្រកួតផ្លូវការ ពីថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងទី១៧ ខែឧសភា៕
 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com