អន្តរជាតិ
តើប្រទេសណាខ្លះហើយដែលបានជម្លៀសប្រជាពលរដ្ឋចេញពីស៊ូដង់?
25, Apr 2023 , 8:29 pm        
រូបភាព
ជម្លោះរវាងកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា Rapid Support Force (RSF) ដែលផ្ទុះ​កាល​ពី​ថ្ងៃ​ទី​១៥ ខែមេសា បានធ្វើឱ្យប្រទេសជាច្រើនជម្លៀសពលរដ្ឋខ្លួនរាប់ពាន់នាក់ រួមទាំងអ្នកការទូត និង​បុគ្គលិកជំនួយផង។ ជម្លោះនេះក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់៤២៧នាក់ និងបាន​ប្រែក្លាយ​តំបន់លំនៅដ្ឋានមួយចំនួនទៅជាតំបន់សង្គ្រាមទៀតផង។

 
ខណៈភាគីជម្លោះទាំងពីរបាន​ព្រមព្រៀង​បទ​ឈប់​បាញ់​រយៈពេល​៧២​ម៉ោង ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២៥ ខែមេសា ប្រទេសជាច្រើនបានចាប់ផ្តើមប្រតិបត្តិការជម្លៀសបុគ្គលិកទូតរបស់ពួកគេ និងពលរដ្ឋចេញពីប្រទេសនេះ។ ប្រទេសខ្លះជ្រើសរើសផ្លូវអាកាសដើម្បីជម្លៀស ខណៈប្រទេសខ្លះប្រើកំពង់ផែស៊ូដង់ ជាប់សមុទ្រក្រហមដែលមានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រពីរដ្ឋធានីភាគឦសានខាទុំ។
 
កងកម្លាំងពិសេសរបស់អាមេរិកបានជម្លៀសបុគ្គលិករដ្ឋអាមេរិកទាំងអស់ និងអ្នកនៅក្នុង​បន្ទុក​របស់​ពួកគេ រួមជាមួយនិងអ្នកការទូតមួយចំនួនមកពីប្រទេសផ្សេងទៀតចេញពីស្ថានទូតដោយ​ប្រើ​ឧទ្ធម្ភាគចក្រដែលបានហោះចេញពីមូលដ្ឋានមួយក្នុងជីប៊ូទី។ ប្រតិបត្តិការនេះបានជម្លៀសមនុស្ស​តិច​ជាង១០០នាក់។
 
ឯរដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកលោកស្រី Hadja Lahbib បានបង្ហោះសារលើបណ្ដាញសង្គម Twitter ថា បែលហ្ស៊ិកកំពុងធ្វើប្រតិបត្តិការដោយសហការជាមួយបារាំង និងហូឡង់ ដើម្បីជម្លៀស​ជនជាតិ​អឺរ៉ុ​ប​ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ 
 
ជាមួយគ្នានេះ យន្តហោះកងទ័ពអាកាសអាល្លឺម៉ង់មួយគ្រឿងដែលមានមនុស្សចំនួន១០១នាក់​ដែលត្រូវជម្លៀស​ស៊ូដង់ ហើយបានទៅដល់ទីក្រុងប៊ែរឡាំងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា។ គិតត្រឹម​ថ្ងៃទី​២៣ ខែមេសា យោធា​អាល្លឺម៉ង់​បាន​ដឹក​មនុស្ស​ចំនួន៣១៣នាក់​ចេញ​ពី​ស៊ូដង់។
 
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីតាលីបញ្ជាក់ពីជនជាតិអ៊ីតាលីប្រហែល១៤០នាក់ រួមទាំង​មនុស្ស​ប្រហែល៦០នាក់មកពីប្រទេសផ្សេងទៀតដែលត្រូវបានជម្លៀសចេញពីស៊ូដង់។ ជប៉ុនវិញក៏បានដឹកពលរដ្ឋខ្លួនដែលចង់ចាកចេញពីស៊ូដង់ ប្រមាណ៤០នាក់ផងដែនៅថ្ងៃទី២៤ ខែមេសា ខណៈមនុស្ស៨នាក់ ចាកចេញដោយមានជំនួយពីបារាំង និងប្រទេសខ្លះទៀត។
 
ព្រមគ្នានេះ ​​ហ្ស៊កដានីបានបញ្ជូនយន្តហោះយោធាចំនួនបួនគ្រឿងដើម្បីជម្លៀសប្រជាជនប្រហែល​២៦០នាក់។ ក្រៅពីនេះ កូវ៉ែត ហូឡង់ អង់គ្លេស កូរ៉េខាងត្បូង ស៊្វីស អារ៉ាប៊ីសាអូឌីត និងស៊ុយអែត សុទ្ធតែបានជម្លៀសពលរដ្ឋខ្លួនដូចគ្នា៕
 

Tag:
 ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com