សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនគឺជាទីផ្សារនាំចេញផ្លែឈើធំបំផុតរបស់ថៃ
26, Apr 2023 , 8:59 am        
រូបភាព
ផ្លែឈើ​ថៃ​កំពុង​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់​ចិន។ រូបថត៖ CNS ។
ផ្លែឈើ​ថៃ​កំពុង​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់​ចិន។ រូបថត៖ CNS ។
បច្ចុប្បន្នចិន គឺជាទីផ្សារនាំចេញផ្លែឈើដ៏ធំបំផុតរបស់ប្រទេសថៃ។ ក្នុងឆ្នាំ២០២២ ថៃបាននាំចេញផ្លែឈើជាង២,១លានតោនទៅកាន់ចិន។

 
ទំហំទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ពី​​ថៃ​ទៅចិនបាន​កើន​ឡើង​ជិត​៤,៩​ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ផ្លែឈើភាគច្រើនដែលថៃនាំចេញទៅកាន់ប្រទេសចិនស្ថិតក្នុងទម្រង់ជាផ្លៃឈើស្រស់ ស្ងួត និងកែច្នៃផ្សេងៗ។ ក្នុងនោះគេសង្កេតឃើញការដឹកជញ្ជូនតាមផ្លូវគោក៥១ភាគរយ តាមផ្លូវសមុទ្រ ៤៨ភាគរយនិងតាមផ្លូវអាកាសប្រមាណ១ភាគរយនៃផ្លៃឈើសរុប។
 
ផ្លែឈើថៃដែលពេញនិយមបំផុតក្នុងចំណោមអ្នកប្រើប្រាស់ចិនមានដូចជា ចេក ដូងខ្ចី ទុរេន ផ្លែស្រកានាគ និងផ្លែមៀន។ ជាពិសេសប្រហែល ៩៥ភាគរយនៃការនាំចូលទុរេនរបស់ចិនកាលពីឆ្នាំមុនគឺមកពីថៃ។
 
បើតាមក្រសួងពាណិជ្ជកម្មថៃ ចិននៅតែមានតម្រូវការខ្ពស់សម្រាប់ផ្លែឈើពីជុំវិញពិភពលោក  ហើយនេះគឺជាទីផ្សារដ៏ធំមួយព្រមទាំងជា​ឱកាស​ល្អ​សម្រាប់​កសិករ និង​ពាណិជ្ជករ​ថៃ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ផ្លែឈើ​ថៃ​សម្រាប់​ការ​នាំ​ចេញ។
 
បច្ចុប្បន្ននេះ ថៃក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរក្នុងស្រុក និងបរទេសជាច្រើន ដើម្បីជំរុញការនាំចេញផ្លែឈើរបស់ប្រទេសទៅកាន់ប្រទេសចិនបន្ថែមទៀត ដោយផ្តោតលើគុណភាព និងល្បឿននៃការដឹកជញ្ជូន។
 
គួរជម្រាបថា កាលពីឆ្នាំ ២០២២ ចំនួន ៣០ភាគរយនៃការនាំចូលផ្លែឈើសរុបរបស់ចិនគឺមកពីប្រទេសថៃដែលមានតម្លៃសរុប ១៤,៦ពាន់លានដុល្លារ ដែលធ្វើអោយប្រទេសថៃក្លាយជាអ្នកផ្គត់ផ្គង់ផ្លែឈើឈានមុខគេសម្រាប់ប្រទេសចិន។ បច្ចុប្បន្ន​នេះ ថៃ​ក៏​កំពុង​ជំរុញ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ទៅ​ប្រទេស​ចិន​តាមរយៈ​ផ្លូវ​ដែកឡាវ-ចិនផងដែរ៕
 

Tag:
 ចិន
  ថៃ
  ផ្លែឈើ
© រក្សាសិទ្ធិដោយ thmeythmey.com