កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Freeទាំងអស់នៅស៊ីហ្គេម៖ សម្តេច ហ៊ុន សែន ជឿថាកម្ពុជាអាចទទួលការតបស្នងវិញ
25, Apr 2023 , 7:37 pm        
រូបភាព
សម្តេច ហ៊ុន សែន បង្ហាញក្តីជឿជាក់ថាប្រទេសតំបន់អាស៊ានមួយចំនួន នឹងផ្តល់ការតមស្នងមកកម្ពុជាវិញ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាទាំងអស់មកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមដោយមិនគិតថ្លៃអ្វីទាំងអស់។


 
ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លើកដំបូង ក្នុងប្រវត្តិសាស្ត្រ កម្ពុជារ៉ាប់រងការចំណាយទាំងអស់ ក្នុងនោះរួមមានមិនយកថ្លៃ ផ្សព្វផ្សាយ សំបុត្រចូលទស្សនា ជាពិសេសថ្លៃហូបចុក ស្នាក់នៅ និងធ្វើដំណើររបស់ប្រតិភូកីឡាចូលរួមទាំង១០ប្រទេស ដែលក្នុងម្នាក់ត្រូវចំណាយ៥០ដុល្លារក្នុងមួយថ្ងៃ។
 
ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមេសា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញក្តីជឿជាក់ថា ការមិនយកថ្លៃការចំណាយពីប្រតិភូកីឡាចូលរួមស៊ីហ្គេមលើកទី៣២នេះ កម្ពុជានឹងទទួលបានការតបស្នងសងគុណវិញពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាក់ជាមិនខាន។
 
«ខ្ញុំមានជំនឿថា ប្រទេសមួយចំនួនក្នុងក្របខណ្ឌដៃគូអាស៊ានរបស់យើងគេនឹងអាចផ្តល់ភាពបដិការចំពោះយើងវិញ។ ខ្ញុំជឿយ៉ាងដូច្នេះ រង់ចាំកាប់ពូថៅមើលទៅ លើកឡែងតែប្រទេសអត់ចិត្ត»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន បន្ទាប់ពីប្រមុខដឹកនាំអះអាងថាការបង់ថ្លៃនៅស៊ីហ្គេមនឹងមិនធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានឡើយ ប៉ុន្តែធ្វើឱ្យមនុស្ស (ទេសចរ) មកកម្ពុជា និងស្គាល់ពីកម្ពុជាកាន់តែច្រើន។
 
នាពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី (វត្តតាំងក្រសាំង) នៅព្រឹកថ្ងៃទី២៤ ខែមេសា ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបន្ថែមប្រាក់ចំណាយចំនួន៧លានដុល្លារទៀត លើការផ្គត់ផ្គង់ការហូចុក ស្នាក់នៅ របស់ប្រតិភូកីឡា ខណៈគម្រោងចំណាយចាស់លើការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងមូលមានចំនួន១២៤លានដុល្លារ។
 
គិតត្រឹមថ្ងៃទី២៥ ខែមេសា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅសល់រយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃបើកពិធីផ្លូវការ ដែលនឹងធ្វើឡើយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com