អន្តរជាតិ
ធនាគារពិភពលោក៖ ការចំណាកស្រុកជាសកលមានការកើនឡើង ដែលត្រូវគ្រប់គ្រងឱ្យបានល្អ
26, Apr 2023 , 3:39 pm        
រូបភាព
ការហក់ឡើងនៃចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័សក្នុងបណ្ដាប្រទេសអ្នកមាន និងប្រទេស​មានចំណូលមធ្យម នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងនោះពឹងផ្អែកកាន់តែខ្លាំង​ឡើងលើ​ការធ្វើ​ចំណាក​ស្រុកពីប្រទេសក្រីក្រ។ ធនាគារពិភពលោកបានប្រកាសបែបនេះនាថ្ងៃទី២៥ ខែមេសា ជាមួយការអំពាវ​នាវឱ្យប្រទេសនានាមានការគ្រប់គ្រោលគោលនយោបាយលើជនចំណាកស្រុកឱ្យបាន​ប្រសើរ​ជាង​មុន​ផងដែរ។

 
របាយការណ៍អភិវឌ្ឍន៍ពិភពលោកចុងក្រោយរបស់ធនាគារពិភពលោកបង្ហាញថា​ មនុស្សប្រហែល​១៨៤​លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅក្នុងប្រទេសផ្សេងៗពីប្រទេសដើមកំណើតខ្លួន ហើយក្នុងនោះ៤៣ភាគរយកំពុងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ បន្ថែមពីនេះ ប្រហែល៣៧លាននាក់នៃចំនួនជនចំណាកស្រុកសរុបខាងលើ ជាជនភៀសខ្លួនថែមទៀត។
 
ស្របពេលជាមួយគ្នាផងដែរ ប្រទេសមួយចំនួនប្រឈមមុខនឹងការថយចុះយ៉ាងឆាប់រហ័សនៃចំនួន​មនុស្សពេញវ័យ និងក្នុងវ័យធ្វើការរួមមានដូចជាអេស្ប៉ាញដែលត្រូវបានព្យាករណ៍នឹង​ធ្លាក់ចុះ​ជាង​មួយ​ភាគបីនៅឆ្នាំ ២១០០ ហើយអ្នកដែលមានអាយុលើសពី៦៥ឆ្នាំកើនឡើងដល់ជិត៤០ភាគរយ ខណៈ​បច្ចុប្បន្នមានត្រឹម២០ភាគរយ។
 
យោងតាមរបាយការណ៍ដដែលនេះ ប្រទេសមួយចំនួនមានម៉ិកស៊ិក ថៃ ទុយនីស៊ី និងតួកគី នឹង​ត្រូវ​ការ​ពលករបរទេសបន្ថែមទៀតក្នុងពេលឆាប់ៗនេះដែរដោយសារចំនួនប្រជាជនរបស់ពួកគេ​លែងមា​ន​កើន​ឡើង។ យ៉ាងណាមិញ តម្រូវការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពគឺចាំបាច់បំផុត ស្របពេល​ចលនា​ចំណាក​ស្រុកឆ្លងព្រំដែនកាន់តែស្មុគស្មាញ។
 
«ការធ្វើចំណាកស្រុកអាចជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ភាពរុងរឿង និងការអភិវឌ្ឍ។ នៅពេល​គ្រប់គ្រងបានត្រឹមត្រូវ វាផ្តល់អត្ថប្រយោជន៍សម្រាប់មនុស្សទាំងអស់ ទាំងនៅក្នុងប្រទេសដើមកំណើត និងប្រទេសគោលដៅ។ នាយកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារពិភព លោក Axel van Trotsenburg និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។
 
ជាចំណុចសំខាន់ ទិន្នន័យនេះឆ្លុះបញ្ចាំងពីអនុសាសន៍សម្រាប់អ្នកធ្វើគោលនយោបាយដើម្បី​ផ្គូផ្គង​ជំនាញជនចំណាកស្រុកឱ្យកាន់តែប្រសើរឡើងជាមួយនឹងតម្រូវការនៅក្នុងប្រទេសគោលដៅ ឬ​ប្រទេសដែលពួកគេគ្រោងចាកចេញទៅធ្វើការ។ ការការពារជនភៀសខ្លួន និងកាត់បន្ថយតម្រូវការ​សម្រាប់ការធ្វើដំណើរដែលមានគ្រោះថ្នាក់ គួរត្រូវបានយកចិត្តទុកដាក់ផងដែរ។
 
ធនាគារពិភពលោកបញ្ជាក់ដែរថា នៅពេលដែលការផ្គូផ្គងជំនាញមានភាពទន់ខ្សោយ ការចំណាយ​លើ​ការ​ទទួលជនភៀសខ្លួន គួរតែត្រូវបានចែករំលែកជាពហុភាគី ឬជាមួយភាគីដែលពាក់ព័ន្ធ។ ម្យ៉ាងទៀត ប្រទេសដើម គួរតែបញ្ចូលការធ្វើចំណាកស្រុកការងារជាផ្នែកមួយនៃយុ​ទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់ពួកគេ កាត់បន្ថយតម្លៃនៃការផ្ទេរប្រាក់ទៅគ្រួសារនៅស្រុកកំណើតវិញ សម្រួលដល់ការ​ផ្ទេរចំណេះដឹង​ពី​ជនបរទេស និងកសាងជំនាញដែលត្រូវការជាសកល។
 
ចំណែកឯប្រទេសគោលដៅ គួរតែលើកទឹកចិត្តឱ្យមានការធ្វើចំណាកស្រុកចំពោះប្រជាជនដែល​ជំនាញរបស់ពួកគេមានតម្រូវការខ្ពស់ និងត្រូវបន្ថែមកញ្ចប់ហិរញ្ញប្បទានថ្មីដែលបានមកពី​ការអ​ភិវឌ្ឍ​ពហុភាគីដើម្បីជួយប្រទេសនានាយកចិត្តទុកដាក់ចំពោះជនចំណាកស្រុក​៕
 
 

Tag:
 ធនាគារពិភពលោក
  ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com