អន្តរជាតិ
សិង្ហបុរី កាត់ទោសប្រហារជីវិតបុរសម្នាក់ពីបទជួញដូរកញ្ឆា
26, Apr 2023 , 7:29 pm        
រូបភាព
សិង្ហបុរី នៅថ្ងៃទី២៦ ខែមេសា បានកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទ​ជួញ​ដូរគ្រឿងញៀនបើទោះបីជាមានការអង្វរពីសាច់ញាតិ និងសកម្មជនសិទ្ធិមនុស្សឱ្យមានការ​លើក​លែង​ទោសក៏ដោយ។

 
លោក Tangaraju Suppiah វ័យ ៤៦ ឆ្នាំត្រូវបានកាត់ទោសពីបទជួញដូរកញ្ឆាទម្ងន់លើសពី១ គីឡូ​ក្រាមកាលពីឆ្នាំ២០១៣ មក។ សិង្ហបុរី​ត្រូវបានស្គាល់ជាយូរមកហើ​យស​ម្រាប់​ការ​អនុវ​ត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​លើបញ្ហាគ្រឿងញៀននេះ។
 
សកម្មជនសិទ្ធិមនុស្ស លោកស្រី Kokila Annamalai ដែលតំណាងឱ្យក្រុមគ្រួសារជនល្មើស និង បញ្ជាក់ថា លោក Suppiah ត្រូវបានប្រហារជីវិតដោយការព្យួរក បន្ទាប់ពីប្រធានាធិបតីសិង្ហបុរីបាន​ច្រានចោលការអង្វរសុំការលើកលែងទោសនៅមុនថ្ងៃ ប្រហារជីវិត។
 
មុនការប្រហារជីវិត សិង្ហបុរី ក៏បានបដិសេធការទទូចឱ្យមានការលើកលែងទោសដែរ។ មហាសេដ្ឋី​អង់គ្លេស Richard Branson ដែលតែងចេញមុខប្រឆាំងទោសប្រហារជីវិត បាននិយាយថា សាល​ក្រម​ប្រឆាំងនឹងលោក Suppiah មិនអនុលោមឡើយសម្រាប់ការកាត់ទោសព្រហ្មទណ្ឌ ដោយសារ​លោក​មិននៅជិតគ្រឿងញៀននោះឡើយនៅពេលដែលត្រូវបានចាប់ខ្លួន។ 
 
ជាការឆ្លើយតបរឿងនេះ រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា លោក Branson កំពុងជ្រៀតជ្រែក​រឿង​មិនពិត និងមិនគោរពប្រព័ន្ធយុត្តិធម៌របស់ប្រទេស ហើយបន្ថែមថា តុលាការរបស់សិង្ហបុរី​បាន​ចំណាយ​ពេលជាងបីឆ្នាំដើម្បីពិនិត្យករណីនេះ។
 
ឯការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានអំពាវនាវឱ្យសិង្ហបុរី​កុំបន្តការ​ប្រហារជីវិតនេះផងដែរ និងជំរុញឱ្យផ្អាកជាផ្លូវការលើការប្រហារជីវិតចំពោះបទល្មើ​ស​ពាក់ព័ន្ធ​គ្រឿង​ញៀន។
 
គួរបញ្ជាក់ថា សិង្ហបុរីបានប្រហារជីវិតមនុស្ស១១នាក់កាលពីឆ្នាំមុន ក្រោមហេតុផលថា ទោស​ប្រហារ​ជីវិត ជាវិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងគ្រឿងញៀន ខណៈប្រជាជនភាគច្រើនគាំទ្រ​គោលនយោបាយនេះ៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com