កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ហ៊ុន សែន៖ ចំណាយរាប់រយលានដុល្លារនៅស៊ីហ្គេមនឹងអសារបង់ បើអ្នកគាំទ្រគ្មានសណ្តាប់ធ្នាប់
27, Apr 2023 , 3:29 pm        
រូបភាព
សម្តេច ហ៊ុន សែន និងរូបភាពសម្មភាពផ្លោះរបងចូលពហុកីឡដ្ឋានជាតិអូឡាំពិកឆ្នាំ២០១៦ ដែលបានចែកចាយលើបណ្តាញសង្គមកន្លងមក។
សម្តេច ហ៊ុន សែន និងរូបភាពសម្មភាពផ្លោះរបងចូលពហុកីឡដ្ឋានជាតិអូឡាំពិកឆ្នាំ២០១៦ ដែលបានចែកចាយលើបណ្តាញសង្គមកន្លងមក។
ការចំណាយប្រាក់រាប់រយលានដុល្លារ នឹងត្រូវអសារបង់ និងខូចឈ្មោះកម្ពុជា ប្រសិនបើអ្នកគាំទ្រគ្មានសណ្តាប់ធ្នាប់អំឡុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន តាមរយៈសារសំឡេងក្នុងតេឡេក្រាម នៅព្រឹកថ្ងៃទី២៧ ខែមេសា ដោយស្នើអ្នកគាំទ្រកុំសម្រុកចូលកីឡដ្ឋាន ដោយគ្មានសំបុត្រ។



តាមរយៈសារសំឡេងរយៈពេលជាង១០នាទី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យអ្នកគាំទ្រដែលមិនមានសំបុត្រ កុំសម្រុក ឬផ្លោះរបងចូលមើលការប្រកួតបាល់ទាត់ នៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងជំនួបរបស់ក្រុមកម្ពុជា ទល់ទីម័រខាងកើត និងជំនួបក្នុងពូល A ដទៃទៀត។ មុនការស្នើនេះ នៅថ្ងៃទី២៥ ខែមេសា សម្តេច ក៏បានផ្ញើសារណែនាំជូនអភិបាលរាជធានី-ខេត្ត ឱ្យរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាស៊ីហ្គេម ពិសេកីឡាបាល់ទាត់បុរស ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ដោយសារកីឡដ្ឋានមិនអាចផ្ទុកមនុស្សច្រើនតាមតម្រូវការ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។
 
«សូមបងប្អូនអ្នកស្នេហាវិស័យកីឡា រក្សាភាពថ្លៃថ្នូរ នៅពេលចូលរួមការប្រកួតកីឡានីមួយៗ នៅស៊ីហ្គេម»។ នេះជាការស្នើសុំរបស់ប្រមុខរដ្ឋាភិបាល ទៅកាន់អ្នកចូលរួម ដោយបន្ថែមថា ការរក្សាសណ្តាប់ធ្នាប់ គឺដើម្បីចៀសវៀងហេតុការណ៍អាក្រក់ ដូចជាគ្រោះថ្នាក់រត់ជាន់គ្នាក្នុងកីឡដ្ឋាន ដែលបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ធ្លាប់ជួបរួចមកហើយ។
 
សម្តេច ហ៊ុន សែន ក៏បានរម្លឹកពីហេតុការណ៍ផ្លោះរបង ចូលទីលានប្រកួតរបស់អ្នកគាំទ្រកម្ពុជា កាលពីឆ្នាំ២០១៦ នៅពេលក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះក្រុមទីម័រខាងកើតនៅពហុកីឡដ្ឋានអូឡាំពិកផងដែរ។
 
ប្រមុខដឹកនាំ សង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្របន្តធ្វើដូចឆ្នាំ២០១៦ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលមានទេសចរបរទេសរាប់ម៉ឺននាក់ចូលរួម នោះកម្ពុជា នឹងខូចឈ្មោះ ហើយការចំណាយលុយរាប់រយលានដុល្លារ ដើម្បីរៀបចំ ក៏នឹងត្រូវអសារបង់ ដែរ។ ម្ចាស់ផ្ទះកម្ពុជាបានត្រៀមកញ្ចប់ចំណាយរៀបកីឡាតំបន់អាស៊ីអាគ្នេយ៍លើកទី៣២ រួចរាល់ហើយក្នុងចំនួន១២៤លានដុល្លារ និងបន្ថែម៧លានដុល្លារទៀត លើថ្លៃហូចចុក ស្នាក់នៅ និងធ្វើដំណើរ របស់ប្រតិភូកីឡាពីបណ្តាប្រទេសចូលរួម។ សំបុត្រចូលទស្សនា និងផ្សព្វផ្សាយសុទ្ធតែមិនគិតថ្លៃទាំងអស់ ដែលនេះជាលើកដំបូងមិនធ្លាប់មានពីមុនមក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
 
ការចំណាយប្រាក់ដ៏ច្រើន និងទទួលរ៉ាប់រងការចំណាយទាំងអស់នៅស៊ីហ្គេម-ស៊ានប៉ារ៉ាហ្គេម ដោយសារសម្តេច ចង់ផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជា តាមរយៈព្រឹត្តិការណ៍កីឡាដ៏មានប្រជាប្រិយភាព នៅអាស៊ីអាគ្នេយ៍មួយនេះ។
 
ស្របពេលគ្នានេះដែរ សម្តេច ហ៊ុន សែន ក៏សំណូមពរឱ្យអ្នកគាំទ្រតាមកីឡដ្ឋានផ្ទាល់ ឬតាមបណ្តាញសង្គម ត្រូវរក្សាភាពថ្លៃថ្នូរ ដោយ កុំបញ្ចេញឥរិយាបថមិនសមរម្យ ដូចជាជេរប្រមាថក្រុមកីឡាករប្រទេសផ្សេងជាដើម ដើម្បីធានាថាប្រទេសម្ចាស់ផ្ទះរៀបចំបានរលូន។
 
ជំនួបបើកឆាកវិញ្ញាសាបាល់ទាត់បុរសក្នុងពូល A រវាងក្រុមម្ចាស់ផ្ទះកម្ពុជា ទល់ទីម័រខាងកើត ដែលជឿជាក់ថា មានអ្នកទស្សនាច្រើន​ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង៧យប់។ ដោយឡែកពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមផ្លូវការ នឹងធ្វើនៅថ្ងៃទី៥ ខែឩសភា ចាប់ពីម៉ោង៤រសៀលតទៅ៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com