អន្តរជាតិ
ឥណ្ឌាប្រាប់ចិនថា ត្រូវការសន្តិភាពនៅតាមព្រំដែនដើម្បីស្ដារទំនាក់ទំនងឱ្យប្រសើឡើងវិញ
28, Apr 2023 , 11:34 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានប្រាប់សមភាគីចិននាជំនួបថ្ងៃទី២៧ ខែមេសាថា ទំនាក់ទំនងទ្វេភាគី ដែលប្រសើរឡើង គឺអាស្រ័យលើសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន។

 
បញ្ហាតាមព្រំដែន នៅតែជាបន្លាក្នុងទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​អាស៊ី​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពីរ។ ទំនាក់ទំនងនេះ ធ្លាក់ដល់ចំណុច​យ៉ាប់យ៉ឺនខ្លាំង​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០២០ នៅពេលដែល​ទាហាន​ចិន និង​ឥណ្ឌា​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​ព្រំដែនជម្លោះ​ហិមាល័យ ហើយបាន​បណ្ដាល​ឱ្យ​មនុស្ស២៤នាក់​ស្លាប់។ ទោះស្ថានការណ៍បានស្ងប់ស្ងាត់ខ្លះបន្ទាប់ពីការចរចាផ្នែកយោធា និងការទូត ការប្រឈមមុខនៅតែបន្តមានតាមតំបន់ផ្សេងៗតាមបណ្តោយព្រំដែន៣,៨០០គីឡូម៉ែត្រ​។
 
នាជំនួបនៅរដ្ឋធានីញូវដែលីនៅថ្ងៃទី២៧ ខែមេសា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh ប្រាប់​រដ្ឋមន្ត្រីការពារជាតិចិន Li Shangfu នៅរដ្ឋធានីញូវដែលី ថា ការអភិវឌ្ឍទំនាក់ទំនងរវាងឥណ្ឌា និងចិន ផ្តោតលើការស្ដារ និងពង្រឹងឡើងវិញចំពោះសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន។
 
«លោកបានរំលឹកឡើងវិញថា ការរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ បានបំផ្លាញមូលដ្ឋាន​នៃ​ទំនាក់ទំនងទ្វេភាគី និងបានកាត់ផ្តាច់ទំនាក់ទំនងនៅតំបន់ព្រំដែនដែលគួរត្រូវបានដោះស្រាយ​តាម​រយៈការកាត់បន្ថយភាពតានតឹង»។ លោក Singh បញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសរបស់ឥណ្ឌា។
 
ឯភាគីចិនមិនទាន់បានចេញការអធិប្បាយមួយណាឡើយចំពោះកិច្ចសន្ទនាខាងលើ។ ប៉ុន្តែបើតាម ប្រភពឥណ្ឌាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ចិនបានជំរុញឱ្យមានការចូលរួម និង​កិច្ច​សហប្រតិបត្តិការរវាងយោធាទាំងពីរ តែត្រូវបានឥណ្ឌាតបថា អាចកើតឡើងបាន​លុះត្រាតែ​មាន​ភាព​ស្ងប់ស្ងាត់នៅតាមព្រំដែន។
 
រដ្ឋមន្ត្រីទាំងពីរបានជួបគ្នានៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងញូវដេលីដែលធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា។ នេះក៏ជាជំនួបលើកទីមួយ​រវាង​ភាគី​ទាំងពីរផងដែរបើគិតចាប់តាំងពីខែកញ្ញាឆ្នាំ២០២០៕
 
 

Tag:
 ឥណ្ឌា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com