អន្តរជាតិ
តៃវ៉ាន់​​ថា យន្តហោះ​ដ្រូនមានមុខងារប្រយុទ្ធ​​ចិន បង្ហាញវត្តមានជុំវិញដែនកោះខ្លួន
28, Apr 2023 , 3:13 pm        
រូបភាព
ដ្រូន TB-001 របស់ចិន។ រូបភាពយកពី Chinese Military Drone
ដ្រូន TB-001 របស់ចិន។ រូបភាពយកពី Chinese Military Drone
ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៨​ ខែមេសា បានរាយការណ៍ថា យន្តហោះ​ដ្រូនមានមុខងារសម្រាប់​ប្រយុទ្ធប្រភេទថ្មី និងអាចផ្ទុកអាវុធធុនធ្ងន់ បានហោះហើរជុំវិញកោះតៃវ៉ាន់នៅពេលថ្មីៗនេះ។

 
ចិន ដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បានបង្កើនសម្ពាធយោធាលើកោះនេះយ៉ាងខ្លាំង និងព្យាយាមបង្ខំឱ្យរដ្ឋាភិបាលក្រុងតៃប៉ិ ទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ទន្ទឹមនេះ ចិននៅក្នុងខែមេសានេះ បានរៀបចំធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen​ បានធ្វើដំណើរទស្សនកិច្ចនៅអាម៉េរិកនិងបានជួបជាមួយប្រធានសភាអាម៉េរិកលោក Kevin McCarthy ។
 
តាមការលើកឡើងរបស់ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃទី២៨ ខែមេសា យោធាចិន នៅក្នុងរយៈ​ពេល២៤ ម៉ោងចុងក្រោយនេះ បានបញ្ជូនយន្តហោះចម្បាំងខ្លួនចំនួន ១៩ គ្រឿងចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់។ 
 
យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ជាដ្រូនប្រភេទ TB-001 ជាប្រភេទថ្មីដែលចិនបានអះអាងថាអាចផ្ទុកអាវុធធុនធ្ងន់បាន។ យន្តហោះទាំងនេះ​បានហោះកាត់ដែនទឹកដែលចែករវាងតៃវ៉ាន់ពីហ្វីលីពីន បន្ទាប់មកបានហោះឆ្ពោះទៅភាគខាងកើតនៃកោះតៃវ៉ាន់ មុនពេលឆ្លងកាត់ត្រលប់ទៅឆ្នេរសមុទ្រចិនវិញ។ 
 
លើសពីនេះ កម្លាំងទ័ពអាកាសរបស់ចិន បានធ្វើសកម្មភាពក្រោមបេសកកម្មដែលខ្លួនហៅថា ការឡោមព័ទ្ធកោះជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ។
 
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានហៅដ្រូន TB-001 ថាជា «ខ្យាដំរីកន្ទុយភ្លោះ» ​និងបានបញ្ជេញរូបភាពដែលដ្រូននោះ បានបំពាក់ដោយមីស៊ីល។ លើសពីនេះប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្ថែមថា ដ្រូននេះ មានសមត្ថភាពខ្ពស់ក្នុងការបំពេញបេសកកម្មរយៈចម្ងាយឆ្ងាយ។
 
ដ្បិតមានការហោះហើរបង្កការគំរាមគំហែងនេះ ប៉ុន្តែគ្មានការបាញ់ប្រហារណាមួយបានផ្ទុះឡើងឡើយ។ យន្តហោះយោធាចិនតាំងពីឆ្នាំមុនមក បានឆ្លងកាត់បន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ជាហូរហែរ ដែលជាធម្មតាមានមុខងារជារបាំងរវាងភាគីទាំងពីរ ទោះបីជាចិននិយាយថាខ្លួនមិនទទួលស្គាល់នេះក៏ដោយ៕
 

Tag:
 ចិន
  តៃវ៉ាន់
  ដ្រូន
© រក្សាសិទ្ធិដោយ thmeythmey.com