អន្តរជាតិ
ប្រមុខការពារជាតិអូស្រ្តាលីថា នឹងឱ្យមានតម្លាភាពចំពោះការចំណាយលើនាវាមុជទឹកក្នុងAUKUS
28, Apr 2023 , 9:29 pm        
រូបភាព
លោក Richard Marles រដ្ឋមន្រ្តីការពារជាតិ និងជាឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព AFP
លោក Richard Marles រដ្ឋមន្រ្តីការពារជាតិ និងជាឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព AFP
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី នៅថ្ងៃទី២៨ ខែមេសា បានលើកឡើងថា រដ្ឋាភិបាលកំពុងគិតទុកជាមុន និងធ្វើឱ្យមានតម្លាភាពអំពីតម្លៃនៃកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ នៅក្នុងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីការិយាល័យថវិកាសភា ប៉ាន់ប្រមាណថា ការចំណាយលើនាវាមុជទឹកមានទំហំ ៨១ពាន់លានដុល្លារ។

 
តាមការវិភាគថ្មីនៃកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ AUKUS ការិយាល័យថវិកាសភា (PBO) បានរាយការណ៍ថា ការចំណាយលើនាវាមុជទឹកក្នុងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ក្នុងរយៈពេល ៣ទសវត្សរ៍ ដោយរួមទាំងការចំណាយពេលអនាគត មានប្រមាណ ៨១ពាន់លានដុល្លារ (១២៣ពាន់លានដុល្លារអូស្រ្តាលី) ។ ការិយាល័យថវិកាបានបន្ថែមផងដែរថា ក្រសួងការពារជាតិមិនបានបញ្ចេញតម្លៃលក់នាវាមុជទឹកថ្នាក់ US Virginia ដែលអូស្ត្រាលីនឹងទិញដំបូងឡើយ ។
 
ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បាន បញ្ជាក់ថា ផែនការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ ២០៤០ ជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេស ហើយរដ្ឋាភិបាលកំពុងរៀប ចំថវិកាយ៉ាងប្រុងប្រយ័ត្នសម្រាប់បញ្ហាណាមួយដែលមិនបានរំពឹងទុកជាមុន។
 
«យើង​បាន​ព្យាយាម​ធ្វើ​ឱ្យ​មាន​តម្លាភាព​ដូច​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​»។ លោកMarles បានប្រាប់វិទ្យុ ABC បែបនេះ។
 
ជុំវិញរឿងនេះ សមាជិកព្រឹទ្ធសភាបក្សបៃតង លោក David Shoebridge បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ទំហំនៃមូលនិធិសង្គ្រោះបន្ទាន់ គឺមិនធ្លាប់មានពីមុនមក ហើយបាន គូសបញ្ជាក់កម្រិតនៃភាពមិនច្បាស់លាស់ដ៏ធំនៅក្នុងកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS ផងដែរ។
 
គួររំលឹកឡើងវិញថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានីស និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានបង្ហាញព័ត៌មាន លម្អិតកាលពីខែមីនាអំពីផែនការផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដោយថាមពល នុយក្លេអ៊ែរដែលជាជំហានដ៏សំខាន់មួយដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ 
 
នៅក្រោមកិច្ចព្រមព្រៀងនេះអាមេរិកមានបំណងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ Virginia របស់អាមេរិកចំនួន ៣ គ្រឿង ដែលផលិតដោយក្រុមហ៊ុន General Dynamics នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ជាមួយនឹងជម្រើសសម្រាប់ការផ្គត់ផ្គង់ពីរគ្រឿង បន្ថែមទៀត។
 
ក្នុងដំណាក់កាលទីពីរ អូស្ត្រាលី និងអង់គ្លេសនឹងសាងសង់នាវាមុជទឹកថ្នាក់ AUKUS ដោយ អូស្ត្រាលីទទួលបាននាវាមុជទឹកដំបូងរបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ ២០៤០។ នាវា​ទាំង​នោះ ​នឹង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន BAE Systems និង Rolls-Royce៕
 

Tag:
 អាម៉េរិក
  អូស្រ្តាលី
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com