កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ គ្រូបង្វឹកបាល់ទាត់ទាំង៥ក្នុងពូល A រអាគ្នា
29, Apr 2023 , 1:22 pm        
រូបភាព
 (រាប់ពីឆ្វេងទៅស្តាំ) លោក RYU Hirose គ្រូកម្ពុជា, លោក Indra Sjafri គ្រូឥណ្ឌូណេស៊ី, លោក Michael Feichtenbeiner គ្រូមីយ៉ាន់ម៉ា, គ្រូហ្វីលីពីន លោក Robert Jamve Dazo Gier និង លោក Park Soon Tea គ្រូទីម័រខាងកើត។
(រាប់ពីឆ្វេងទៅស្តាំ) លោក RYU Hirose គ្រូកម្ពុជា, លោក Indra Sjafri គ្រូឥណ្ឌូណេស៊ី, លោក Michael Feichtenbeiner គ្រូមីយ៉ាន់ម៉ា, គ្រូហ្វីលីពីន លោក Robert Jamve Dazo Gier និង លោក Park Soon Tea គ្រូទីម័រខាងកើត។
គ្រូបង្វឹកក្រុមកីឡាបាល់ទាត់អាយុក្រោម២០ឆ្នាំទាំង៥រូប ដែលនឹងត្រូវប្រជែងមេដាយស៊ីហ្កេមលើកទី៣២ ក្នុងពូល A បានបង្ហាញការគោរព និងរអាដៃគូប្រកួតទៅវិញទៅមក។ ទោះក្នុងពូលមានក្រុមខ្លាំង និងខ្សោយ ប៉ុន្តែគ្រូបង្គោលទាំង៥ មិនបង្ហាញទំនុកចិត្ត និងភាពជឿជាក់ណាមួយឡើយ។

ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើកទី៣២ វិញ្ញាសាបុរសនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដោយជំនួបដំបូងរវាងឥណ្ឌូណេស៊ី ទល់ហ្វីលីពីន វេលាម៉ោង៤រសៀល មុនការប៉ះគ្នារវៀងម្ចាស់ផ្ទះកម្ពុជានិងទីម័រខាងកើតនៅម៉ោង៧យប់។ ក្នុងពូល A នេះ មានម្ចាស់ផ្ទះកម្ពុជា ទីម័រខាងកើត ហ្វីលីពីន មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ដែលត្រូវបានចាត់ទុកជាក្រុមខ្លាំងក្នុងពូល។

នាសន្និសិទសារព័ត៌មានមុនប្រកួតពូល A នៅថ្ងៃទី២៨ ខែមេសា មានការចូលរួមពីគ្រូបង្វឹករបស់ម្ចាស់ផ្ទះកម្ពុជា លោក RYU Hirose លោក Park Soon Tea គ្រូទីម័រខាងកើត លោក Indra Sjafri គ្រូឥណ្ឌូណេស៊ី លោក Michael Feichtenbeiner គ្រូគ្រូមីយ៉ាន់ម៉ា និងគ្រូហ្វីលីពីន លោក Robert Jamve Dazo Gier។ គ្រូបង្គោលទាំង៥ សុទ្ធតែគោរពគូប្រកួតរៀងៗខ្លួន ដោយមិនបង្ហាញអំនួតរបស់ក្រុមឡើយ។

លោក Hirose គ្រូ U22 កម្ពុជា យល់ឃើញថាក្រុមទាំង៥ក្នុងពូល A សុទ្ធតែមានកម្រិតប្រហាក់ប្រហែលគ្នា ដូច្នេះក្រុមលោកត្រូវគិតចំណុចសំខាន់របស់ក្រុម តាមរយៈការគ្រប់គ្រងស្ថានការ និងប្រុងប្រយ័ត្ធក្នុងការប្រកួត ជាពិសេសជំនួបបើកឆាក។ គ្រូសញ្ជាតិជប៉ុន ចាត់ទុកប្រកួតដំបូងទល់ទីម័រខាងកើតជាប្រកួតដ៏លំបាកសម្រាប់ម្ចាស់ផ្ទះកម្ពុជា។

ដោយឡែកសម្រាប់គ្រូទីម័រខាងកើតលោក Soon Tea បានបង្ហាញក្តីរីករាយ សម្រាប់វត្តមានក្នុងទឹកដីកម្ពុជា នាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ។ សម្រាប់ជំនួបទល់ម្ចាស់ផ្ទះកម្ពុជា គ្រូបង្វឹកសញ្ជាតិកូរ៉ខាងត្បូងអះអាងថាក្រុមទីម័រខាងកើត នឹងប្រឹងប្រែងអស់ពីកម្លាំកាយ តាមរយៈការពង្រឹងក្រុមជាច្រើនខែមុនព្រឹត្តិការណ៍។

សម្រាប់គ្រូប U22ឥណ្ឌូណេស៊ី លោក Sjafri ទោះមានការចោទសួរពីអ្នកសារព័ត៌មានវៀតណាមជុំវិញលទ្ធភាពឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែលោកមិនបង្ហាញក្តីរំពឹងនោះឡើយ ទោះខ្លួនជាក្រុមខ្លាំងក្នុងពូល។ គ្រូសញ្ជាតិឥណ្ឌូណេស៊ីរូបនេះ បង្ហាញការគោរពក្រុមគូប្រកួត និងចាត់ទុកប្រកួតនីមួយក្នុងពូលជាប្រកួតសំខាន់ទាំងអស់។

មីយ៉ាន់ម៉ា ដែលជាក្រុមមិនធម្មតាក្នុងពូលដែលនោះ តាមរយៈគ្រូបង្គោលលោក Feichtenbeiner បានសរសើរម្ចាស់ផ្ទះកម្ពុជាទទួលភ្ញៀងបានល្អនៅស៊ីហ្គេមនេះ។ គ្រូសញ្ជាតិអាល្លឺម៉ង់ដែលទើបចូលដឹកនាំមីយ៉ាន់ម៉ាមិនទាន់បាន២ខែស្រួលបួលផងនោះ បានបង្ហាញក្តីរីករាយសម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅស៊ីហ្គេមក្នុងអាជីពគ្រូបង្វឹក។ លោក Feichtenbeiner អះអាងថាការប្រជែងគ្នាក្នុងពូល A ពិតជាពិបាក ព្រោះសុទ្ធជាក្រុមមានសមត្ថភាព ស្របពេលកូនក្រុមខ្លួនទាំង២០ ភាគច្រើនជាកីឡាករក្មេងៗ។

មិនខុសពីលោក Feichtenbeiner ឡើយ គ្រូហ្វីលីនលោក Robert Jamve Dazo Gier កូនក្រុមខ្លួនភាគច្រើនជាកីឡាករក្មេងៗ និងមិនធ្លាប់មានពិសោធន៍នៅស៊ីហ្គេមឡើយ។ អតីតកីឡាករហ្វីលីពីនរូបនេះបន្ថែមថា ទោះមានកីឡាករតែពីរទៅបីនាក់ធ្លាប់ប្រកួតនៅស៊ីហ្គេម និងមានពេលខ្លីហ្វឹកហាត់ ប៉ុន្តែក្រុមលោកនឹងព្យាធ្វើឱ្យបានល្អតាមដែលអាចធ្វើទៅបាន។

វិញ្ញាសាកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមលើទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានសិទ្ធិរៀបចំលើកដំបូងនេះ តម្រូវឱ្យសមាជិកក្រុមមានគ្នា២០នាក់ប៉ុណ្ណោះ និងមិនមានជម្រើសកីឡាករលើសអាយុ២២ឆ្នាំចូលរួមឡើយ៕


Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com