អន្តរជាតិ
រុស្ស៊ី​ និងកូរ៉េខាងជើងរិះគន់ផែនការ​នុយក្លេអ៊ែររបស់​អាម៉េរិកនិង​កូរ៉េ​ខាង​ត្បូង​
29, Apr 2023 , 4:29 pm        
រូបភាព
ក្រសួងការបរទេសរុស្ស៊ី នៅពីថ្ងៃទី២៨ ខែមេសា បានរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអាម៉េរិក និងកូរ៉េខាងត្បូងថា នឹងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ឯកូរ៉េខាងជើងបានព្រមានដែរថា ផែនការនេះ នឹងរឹតតែ​ឱ្យប្រទេសទាំងពីរ​ប្រឈមនឹងគ្រោះថ្នាក់​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត​។

 
អាម៉េរិក នៅពីថ្ងៃទី២៦ ខែមេសា បានសន្យាផ្តល់ឱ្យកូរ៉េខាងត្បូងនូវការយល់ដឹងបន្ថែមទៀតអំពីផែន​ការនុយក្លេអ៊ែររបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការទប់ទល់ការគំរាមរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ រុស្ស៊ី និងកូរ៉េខាងជើង បានប្រតិកម្មនឹងផែនការនេះយ៉ាងខ្លាំង។
 
«ការវិវត្តនេះពិតជាធ្វើឱ្យមានអស្ថិរភាព ហើយនឹងមានផលវិបាកអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ​តំបន់ដែលនឹងប៉ះពាល់ដល់ស្ថិរភាពពិភពលោក» ។ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍មួយបែបនេះ រួចបន្តថា ការជំរុញរបស់អាម៉េរិក និងសម្ព័ន្ធយោធាណាតូនឹងនាំ​ឱ្យ​មាន​ភាពតានតឹងកើនឡើង និងអាចបង្កឱ្យមានការប្រណាំងសព្វាអាវុធផងដែរ។
 
ចំណែកឯកូរ៉េខាងជើងវិញ ប្អូនស្រីមេដឹកនាំរបបក្រុងព្យុងយ៉ាង លោកស្រី គីម យ៉ូចុង បាននិយាយថា កាលណាអាម៉េរិក និងកូរ៉េខាងត្បូងកាន់តែរៀបចំសមយុទ្ធនុយក្លេអ៊ែរ និងដាក់ពង្រាយ​សព្វាវុធនុយ​ក្លេអ៊ែរនៅឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើង វានឹងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ​មិនខាន។ នេះ​បើ​តាម​ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា។
 
បើតាមលោកស្រី គីម ​កូរ៉េខាងជើងនៅតែជឿជាក់ថា ការពង្រឹងនុយក្លេអ៊ែររបស់​ខ្លួនគួរតែត្រូ​វបន្ត​ទៅ​មុខ​បន្ថែមទៀត៕
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី​
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com