សេដ្ឋកិច្ច
អន្តរជាតិ
ប្រាក់យ័ន បានវ៉ាដាច់ប្រាក់ដុល្លារក្នុងប្រតិបត្តិការឆ្លងប្រទេសនៅចិនក្នុងខែមីនា
29, Apr 2023 , 7:29 pm        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
ការប្រើប្រាស់ប្រាក់យ័ននៅក្នុងទូទាត់ឆ្លងព្រំដែនរបស់ចិន បានកើនឡើងដល់ ៤៨ភាគរយកាលពីខែមីនា បើធៀបនឹងឆ្នាំ ២០១០ មានស្ទើរតែក្បែរសូន្យភាគរយ។

 
ចិន បានព្យាយាមកាត់បន្ថយយ៉ាងខ្លាំងលើការពឹងផ្អែករបស់ខ្លួនជុំវិញការទូទាត់ប្រាក់ដុល្លារឆ្លងប្រទេស។ ជាលើកដំបូង ការទូទាត់ប្រាក់យ័ន បានលើសប្រាក់ដុល្លារ ដោយក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតនៅចិនសម្រាប់ប្រតិបត្តិការឆ្លងព្រំដែ នកាលពីខែមីនាកន្លងទៅ។
 
បើតាម Bloomberg Intelligence ដែលដកស្រង់ទិន្នន័យពីរដ្ឋបាលចិន ការប្រើប្រាស់ប្រាក់យ័នរបស់ចិនក្នុងប្រតិបត្តិការឆ្លងដែនបានកើនឡើងដល់កំណត់ត្រា ៤៨ភាគរយនៅក្នុងខែមីនា។ ចំនួននេះ គឺកើនឡើងយ៉ាងគំហុក បើធៀបនឹងឆ្នាំ២០១០ ដែលការទូទាត់លុយយ័នឆ្លងប្រទេស គឺមានស្ទើរតែក្បែរសូន្យភាគរយ។ ចំណែកប្រតិបត្តិការប្រាក់ដុល្លារបានថយចុះពី ៨៣ភាគរយទៅ ៤៧ភាគរយក្នុងរយៈពេលដូចគ្នា​។
 
អត្រានេះ គឺផ្អែកលើបរិមាណនៃចំនួនប្រតិបត្តិការគ្រប់ប្រភេទ រួមទាំងការជួញដូរមូលបត្រតាមរយៈការតភ្ជាប់បណ្តាញរវាងការផ្លាស់ប្តូរនៅក្នុងប្រទេសចិនដីគោក និងហុងកុង។ បរិមាណនៃប្រតិបត្តិការឆ្លងដែន រួមមានទាំងគណនីដើមទុន និងប្រតិបត្តិការគណនីចរន្ត។
 
តម្លៃនៃប្រតិបត្តិការឆ្លងព្រំដែនដែលកំណត់ដោយប្រាក់យ័នរបស់ចិនបានកើនឡើងដល់ចំនួន ៥៤៩,៩ពាន់លានដុល្លារក្នុងខែមីនា បើធៀបនឹងខែមុនមានត្រឹមតែ ៤៣៤,៥ពាន់លានដុល្លារ។ 
 
លោក Stephen Chiu ប្រធានផ្នែកប្តូរប្រាក់បរទេសរបស់ Bloomberg និងជាប្រធានផ្សារហ៊ុនហុងកុងបានលើកឡើងថា ៖ « ការកើនឡើងនៃការប្រើប្រាស់ប្រាក់យ័នរបស់ចិននៅក្នុងប្រតិបត្តិការឆ្លងព្រំដែនអាចមកពីការពង្រីកគណនីមូលធន ជាមួយនឹងការកើនឡើងនៃលំហូរចូលទៅក្នុងមូលបត្របំណុលរបស់ចិន និងលំហូរចេញមូលធនពីភាគហ៊ុនហុងកុង» ។ 
 
ការធ្វើអន្តរកម្មនៃប្រាក់យ័នកំពុងបង្កើនល្បឿន ខណៈដែលប្រទេសផ្សេងទៀតកំពុងស្វែងរករូបិយប័ណ្ណទូទាត់ជំនួសដើម្បីធ្វើពិពិធកម្មហានិភ័យ ស្របពេលដែលភាពជឿជាក់នៃធនាគារកណ្តាលអាមេរិក (Fed) មិនសូវល្អដូចពីមុន។ 
 
ប្រទេសចិនបានផ្សព្វផ្សាយជាយូរយារណាស់មកហើយនូវការប្រើប្រាស់ប្រាក់យ័នក្នុងប្រតិបត្តិការឆ្លងព្រំដែនដើម្បីធ្វើអន្តរកម្មរូបិយប័ណ្ណក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ រូបិយប័ណ្ណចិន នៅតែជាចំណែកតូចមួយនៃពាណិជ្ជកម្មសកល។ ទិន្នន័យពី SWIFT បានបង្ហាញថា ក្នុងខែមីនា ប្រាក់យ័នមានត្រឹមតែប្រហែល ៤,៥ភាគរយនៃទំហំពាណិជ្ជកម្មសកលសរុប ខណៈដែលប្រាក់ដុល្លារមានរហូត ៨៣,៧ភាគរយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com