អន្តរជាតិ
ប្រទេស​ ៥ នៃ EU សម្រេចបានកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ ធញ្ញជាតិអ៊ុយក្រែន
29, Apr 2023 , 5:42 pm        
រូបភាព
គណៈកម្មការអឺរ៉ុបបាននាថ្ងៃទី២៨ ខែមេសាបានលើកឡើងថា បានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនចាប់​ផ្តើមឡើងវិញតាមរយៈប្រទេសចំនួនប្រាំនៃសហភាពអឺរ៉ុប (EU)។

 
អនុប្រធានគណៈកម្មការអឺរ៉ុបលោក Valdis Dombrovskis បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា នាយកប្រតិបត្តិ EU បានឈានដល់ កិច្ចព្រមព្រៀងជាគោលការណ៍ ជាមួយប្រាំ ប្រទេសក្នុងប្លុកដើម្បីដោះស្រាយកង្វល់របស់កសិករទាំងនៅក្នុងប្រទេសជិតខាង EU និង នៅអ៊ុយក្រែន។
 
លោក​បាន​បន្តថា ​កិច្ច​ព្រម​ព្រៀង​នេះ​រួម​មានវិធានការ​ការពារសម្រាប់​ផលិតផល​បួន​គឺ​ស្រូវ ​សាលី ពោត គ្រាប់​រ៉េស និង​គ្រាប់​ផ្កាឈូករ័ត្ន។​ យ៉ាងណាមិញ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​​ លម្អិត​បន្ថែម​ចំពោះចំនួន ឬដំណើរការបញ្ជូនឡើយ។
 
កិច្ចព្រមព្រៀងនេះ បើតាមលោក Dombrovskis ក៏រួមបញ្ចូលទាំងកញ្ចប់ជំនួយដែលមានតម្លៃ ១១០, ២៥ លានដុល្លារសម្រាប់កសិករក្នុងស្រុក។
 
យ៉ាងណាមិញ​ ប៊ុលហ្គារី ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ដែលជាប្រទេសទាំងប្រាំបាន លើកឡើងពីការព្រួយបារម្ភថា គ្រាប់ធញ្ញជាតិពីអ៊ុយក្រែនដែលចង់នាំចេញទៅកាន់ប្រទេស ផ្សេងទៀតកន្លងមកបានពោរពេញក្នុងទីផ្សារក្នុងស្រុករបស់ពួកគេដែលកំពុងតែជំរុញឱ្យតម្លៃ ផលិតផលកសិកម្មក្នុងស្រុកធ្លាក់ចុះរួចមកហើយ។
 
ប្រទេសទាំងប្រាំបានក្លាយជាផ្លូវឆ្លងកាត់សម្រាប់គ្រាប់ធញ្ញជាតិអ៊ុយក្រែន ខណៈដែលមិន​ អាចនាំចេញតាមរយៈកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសដោយសារតែការឈ្លានពានរបស់រុស្ស៊ី។
 
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា កិច្ចព្រមព្រៀង ខាងលើអាចជួយរក្សាសមត្ថភាពនាំចេញរបស់អ៊ុយក្រែន ដូច្នេះវាបន្តផ្គត់ផ្គង់អាហារដល់ពិភព លោក និងព្រមទាំងការពារជីវភាពកសិករ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com