អន្តរជាតិ
អាម៉េរិក រំពឹងទំនាក់ទំនងពាណិជ្ជកម្មអាជីវកម្មនិងយោធាកាន់តែរឹងមាំពេលជួបប្រធានាធីបតី​ហ្វីលីពីន
30, Apr 2023 , 11:39 am        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ​ បៃឌិន​​ និងសមភាគីហ្វីលីពីន Ferdinand Marcos Jr. ត្រូវរំពឹងថា នឹង​ឈាន​ដល់កិច្ចព្រមព្រៀងស្តីពីការពង្រឹងអាជីវកម្មកាន់តែច្រើនក៏ដូចជាការពង្រឹងផ្នែក​យោធាទៅវិញទៅមកចំ​ពេលមានការព្រួយបារម្ភរួមគ្នាអំពីចិន។ មន្ត្រីរដ្ឋបាលអាមេរិកបានប្រាប់​ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះនាថ្ងៃទី២៩ ខែមេសា។

លោក Marcos Jr. ធ្វើដំណើរទៅដល់អាមេរិកនៅថ្ងៃទី៣០ ខែមេសាសម្រាប់ដំណើរទស្សនកិច្ចរយៈ​ពេលបួនថ្ងៃ។ បើតាមមន្ត្រីហ្វីលីពីន ទស្សនកិច្ចនេះមានគោលបំណងបញ្ជាក់ឡើងវិញពី​ទំនាក់​ទំន​ង​ពិសេសរវាងហ្វីលីពីន និងអាមេរិកដែលជាសម្ព័ន្ធមិត្តយូរអង្វែង។
 
​បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក និយាយថា អាម៉េរិកមិនអាច​មាន​ការ​មើលស្រាលសារសំខាន់ជាយុទ្ធសាស្ត្ររបស់ខ្លួន​ជាមួយហ្វីលីពីនបើទោះបីជាទំនាក់ទំ​នងនេះគឺ​លើស​ពី​សន្តិសុខក៏ដោយ។
 
«យើងនឹងដាក់ចេញមុខទំនិញមួយចំនួនក្នុងសប្តាហ៍ក្រោយដែលនឹងបង្ហាញពីការចូលរួមអាជីវកម្ម ប៉ុន្តែក៏មានការពង្រឹងផ្នែកយោធាមួយចំនួនផងដែរ»។ មន្ត្រីរដ្ឋបាលរូបនោះបានបញ្ជាក់បែបនេះ​រួច​បន្ត​ថា ជាផ្នែកមួយនៃការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Gina Raimondo នឹង​ដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ហ្វីលីពីនផងដែរ។
 
បើតាមមន្រ្តីដដែល ខណៈពេលដែលលោក Marcos Jr. កំពុងស្វែងរកទំនាក់ទំនងល្អជាមួយចិនផង និងអាមេរិកផង ទីក្រុងម៉ានីលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការបង្ក​ហេតុដោយ​ទីក្រុង​ប៉េកាំង និងស្វែងរកទំនាក់ទំនងកាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្ត៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com