អន្តរជាតិ
រុស្ស៊ី​សន្យា​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ ក្រោយ​ប៉ូឡូញ​រឹបអូសសាលា​របស់ស្ថានទូតខ្លួនក្នុងក្រុងវ៉ាសូវី
30, Apr 2023 , 8:39 pm        
រូបភាព
រុស្ស៊ីបានសន្យាឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះអ្វីដែល ខ្លួនចាត់ទុកជាការរឹបអូសដោយខុសច្បាប់របស់​ប៉ូឡូញនូវសាលាស្ថានទូតរបស់ខ្លួននៅទីក្រុងវ៉ាសូវី។ ក្រុងមូស្គូរិះគន់ទង្វើនេះ​ជាការរំលោភ​អនុសញ្ញា​ទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។

បើតាមប៉ុស្តិ៍ព័ត៌មានរដ្ឋប៉ូឡូញ TVP Info ប៉ូលិសប៉ូឡូញបានបង្ហាញខ្លួននៅខាងក្រៅសាលា​ដែល​ជា​កម្មសិទ្ធិរបស់ស្ថានទូតរុស្ស៊ីនៅលើផ្លូវ Kielecka ក្នុងទីក្រុងវ៉ាសូវីកាលពីព្រឹកថ្ងៃទី២៩ ខែមេសា។ នៅ​ពេលសួរអំពីឧបទ្ទវហេតុនេះ អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ  លោក Lukasz Jasina បា​ន​ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាអគារស្នាក់នៅសាលាស្ថានទូតរុស្ស៊ីជារបស់រដ្ឋ ប៉ូឡូញ។
 
ចំណែកឯក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរប៉ូឡូញ​បាន​សម្រុកចូលសាលាស្ថានទូតក្នុងគោលបំណងរឹបអូសដោយខុសច្បាប់។
 
«យើងចាត់ទុកទង្វើអរិភាពចុងក្រោយបង្អស់របស់អាជ្ញាធរប៉ូឡូញជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងជាការរំលោភទ្រព្យសម្បត្តិ​ការ​ទូត​របស់​រុស្ស៊ី​នៅប៉ូឡូញ»។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់បែបនេះ ហើយបន្តថា ជំហាន​ដ៏​ឃោរឃៅ​បែប​នេះ​របស់ទីក្រុងវ៉ាសូវីដែលហួសពីក្របខណ្ឌនៃទំនាក់ទំនងរដ្ឋស៊ីវិល័យ នឹងទទួលទៅវិញ​ផល​វិបាក​សម្រាប់​អាជ្ញាធរប៉ូឡូញ ហើយក៏ប៉ះពាល់ដល់ផលប្រយោជន៍ប៉ូឡូញនៅរុស្ស៊ី។
 
ឯគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបញ្ជាក់នៅល្ងាចថ្ងៃដដែលតាមប្រព័ន្ធបញ្ជូនសារអេឡិចត្រូនិក Telegram ថា នឹងផ្តល់ការវាយតម្លៃផ្លូវច្បាប់នៃការរឹបអូសនេះ។
ស្របពេលជាមួយគ្នានេះ អគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំប៉ូឡូញ Sergei Andreyev ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋរុស្ស៊ីថា អគារសិក្សារបស់ស្ថានទូតជាអគារការទូតដែលអាជ្ញាធរប៉ូឡូញមិ​នមាន​សិទ្ធិរឹប​អូស​ឡើយ។
 
គួរបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អក់កកររបស់ប្រទេសទាំងពីរបានហក់ឡើងបន្ថែមទៀតជុំវិញសង្រ្គាម​នៅ​អ៊ុយក្រែនដោយទីក្រុងវ៉ាសូវីបានដាក់ខ្លួនជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ក្រុងកៀវហើយ​ដើរ​តួនាទី​ឈានមុខគេក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនទៀត៕
 

Tag:
 រុស្ស៊ី
  ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com