កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ហ៊ុន សែន ឱ្យប្រយ័ត្នម្ហូបហាឡាល់សម្រាប់អត្តពលិកស៊ីហ្គេមនៅកម្ពុជា
01, May 2023 , 5:49 pm        
រូបភាព
សម្តេច ហ៊ុ​ន សែន ប្រាប់អ្នករៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ប្រយ័ត្នបញ្ហាម្ហូបអាហាអាឡាល់ សម្រាប់អត្តពលិកអ៊ីស្លាម ដែលមកចូលរួមប្រជែងមេដាយនៅកម្ពុជា។ សម្តេច មិនចង់លឺពាក្យថា រកមេដាយមិនបានដោយសារគ្មានកម្លាំង ព្រោះបញ្ហាម្ហូបអាហារបស់ម្ចាស់ផ្ទះកម្ពុជាឡើយ។


នាពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រាប់ឱ្យអ្នករៀបចំយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះមុខម្ហូប ហាឡាល់ សម្រាប់អត្តពលិកអ៊ីស្លាមដែលមកពីបណ្តាប្រទេសចូលរួមទាំង១១ប្រទេសរួមទាំងកម្ពុជាផង។
 
សម្តេចលើកឡើងបែបនេះ ក្រោយមានកាសែតភាសាចិននៅប្រទេសម៉ាឡេស៊ីបានចុះផ្សាយដោយបង្ហាញក្តីបារម្ភចំពោះបញ្ហាម្ហូបហាឡាល់របស់ម្ចាស់ផ្ទះកម្ពុជា។
នៅចំពោះមុខអត្តពលិកកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បើឆ្លើយតបទៅកាសែតនោះ ដោយបានធានាចំពោះស្តង់ដាម្ហូបអាហាគ្រប់ប្រភេទនៅស៊ីហ្គេមលើកទី៣២ ជាពិសេសម្ហូបហាឡាល់សម្រាប់អត្តពលិកកាន់សាសនាអ៊ីស្លាម។
 
« សូមប្រយ័ត្នធឱ្យបានហ្មត់ចត់អំពីម្ហូបហាឡាល់។ បានជាធ្វើម្ចាស់ផ្ទះហើយត្រូវតែធ្វើឱ្យច្បាស់ ទោះបីត្រូវចំណាយច្រើនជាងនេះប៉ុន្មានដងក៏ត្រូវតែចាយ ដើម្បីធានាឱ្យអត្តពលិកទទួលបានសមភាពម្ហូបអាហា»។​ នេះជាការអះអាងរបស់សម្តេច ហ៊ុន សែន មុនបន្ថែមថា សម្តេច​មិនចង់លឺពាក្យលេសរបស់អត្តពលិកណាមួយដែលមិនអាចដណ្តើមមេដាយស៊ីហ្គេម ឬបានមេដាយតិច ព្រោះគ្មានកម្លាំងប្រកួត ដោយសារបញ្ហាម្ហូបអាហានោះឡើយ។
 
គិតត្រឹមថ្ងៃទី១ ខែឧសភានេះ កម្ពុជានៅសល់រយៈពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ពិធីបើកផ្លូវការការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com