កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាហុកគី៖ ក្រុមបុរសកម្ពុជាជួបសិង្ហបុរី ឯក្រុមនារីកម្ពុជាប៉ះថៃ សម្រាប់ជំនួបលើកទី២
02, May 2023 , 10:19 am        
រូបភាព
ក្រុមកីឡាហុកគីក្នុងសាលបុរសកម្ពុជា បន្តជួបសិង្ហបុរី ស្របពេលក្រុមនារីត្រូវតតាំងថៃ សម្រាប់ជំនួបលើកទី២ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភានេះ។ ក្រៅពីនេះ មានការជួបគ្នា៤គូផ្សេងទៀត ដោយការប្រកួតចាប់ផ្តើមពីម៉ោង១១និង៤៥នាទីតទៅ នៅទីលាន Dinasaur Park Hall  ជ្រោយចង្វា។



នៅជំនួបបើកឆាកនាថ្ងៃទី១ ខែឧសភា ក្រុមហុកគីទាំងបុរសនារីកម្ពុជាបានរងបរាជ័យរៀងខ្លួន។ ក្រុមនារីបានប្រកួតចាញ់ម៉ាឡេស៊ី ៧-១ ស្របពេលបុរសចាញ់ឥណ្ឌូណេស៊ី ៩-១។ ដោយឡែកគូផ្សេងទៀតផ្នែកបុរស ឥណ្ឌូណេស៊ីឈ្នះសិង្ហបុរី ៧-០ ស្របពេលក្រុមថៃឈ្នះហ្វីលីពីន ១៣-០។ ឯក្រុមនារីថៃបានយកឈ្នះហ្វីលីពីន ៨-០ និងម៉ាឡេស៊ីឈ្នះសិង្ហបុរី ៨-០។
 
សម្រាប់ជំនួបលើកទី២ វិញ្ញាសាក្នុងសាលនារី នឹងចាប់ផ្តើមនៅម៉ោង១១និង៤៥នាទីរវាងហ្វីលីពីននិងម៉ាឡេស៊ី មុនឥណ្ឌូណេស៊ីតទល់សិង្ហបុរីនៅម៉ោង២និង១៥នាទីរសៀល។ ជំនួបចុងក្រោយកម្ពុជាត្រូវប៉ះថៃនៅម៉ោង៤និង៤៥នាទី។
 
សម្រាប់ក្រុមបុរស ម៉ាឡេស៊ី បន្តជួបហ្វីលីពីននៅវេលាម៉ោង១រសៀល មុនការជួបគ្នារវាងថៃនិងឥណ្ឌូណេស៊ីនៅម៉ោង៣និង៣០នាទីរសៀល។ ក្រុមបុរសកម្ពុជា ត្រូវជួបសិង្ហបុរីនៅម៉ោង៦ល្ងាច​ សម្រាប់ជំនួបជើងទី២។
 
ប្រភេទកីឡាហុកគី ដែលត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជាមានវិញ្ញាសាចំនួន៤ ក្នុងនោះវិញ្ញាសានារី២វិញ្ញាសារួមមានវិញ្ញាសាក្រៅសាល (Field Hockey) និងវិញ្ញាសានារីក្នុងសាល (Indoor Hockey)។ ឯផ្នែកបុរស ក៏ប្រកួតក្នុងពីរវិញ្ញាសានេះដូចគ្នា។
 
កីឡាហុកគី ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ចំនួន ២លើក រួចមកហើយ ពោលគឺក្នុងស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី មាន ៣ វិញ្ញាសា (ក្នុងសាល ក្រៅសាល និងលើទឹកកក) ខណៈលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មាន ២ វិញ្ញាសា (ក្នុងសាល និងលើទឹកកក)។ ចំពោះកម្ពុជា ចូលរួមលើកដំបូងនៅឆ្នាំ ២០១៩ លើវិញ្ញាសានារីក្នុងសាល ក្នុងចំណោម ៥ ប្រទេស ខណៈលទ្ធផលប្រកួតបញ្ចប់ទៅដោយឈរនៅលេខ៥ ក្រោយប្រកួត៤ ដង មិនដែលឈ្នះ ស្មើ១ និងចាញ់៣៕
 
 

Tag:
 ស៊ីហ្គេម២០២៣
  ហុកគី
© រក្សាសិទ្ធិដោយ thmeythmey.com