កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទាត់ស៊ីហ្គេម៖ កម្ពុជា ប៉ះគូប្រជែងចាស់ហ្វីលីពីន ឯទីម័រខាងកើតត្រូវការពិន្ទុពីមីយ៉ាន់ម៉ា
02, May 2023 , 12:51 pm        
រូបភាព
លោក Keisuke Honda អ្នកចាត់ការកម្ពុជា និង-រូហ្វីលីពីន-លោក-Robert-Jamve-Dazo-Gier
លោក Keisuke Honda អ្នកចាត់ការកម្ពុជា និង-រូហ្វីលីពីន-លោក-Robert-Jamve-Dazo-Gier
ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ កម្ពុជា ត្រូវបន្តជួបហ្វីលីពីនក្នុងការប្រកួតលើកទី២ពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី២ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៧យប់ បន្ទាប់ពីជំនួបរវាងមីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលនឹងធ្វើឡើងនៅម៉ោង៤រសៀល។

 
នៅជំនួបបើកឆាក ម្ចាស់ផ្ទះកម្ពុជាបានបំបាក់ទីម័រខាងកើតក្នុងលទ្ធផល ៤-០ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា។ តាមរយៈជ័យជម្នះនេះ បានជួយគោព្រៃជំទង់កម្ពុជាឈរកំពូលតារាងពូល A បណ្តោះអាសន្ន ដោយមាន៣ពិន្ទុស្មើក្រុមលេខ២ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី បានយកឈ្នះហ្វីលីពីននៅជំនួបទី១របស់ខ្លួនក្នុងលទ្ធផល ៣-០។
 
នៅថ្ងៃទី២ ខែឧសភា ក្រុមពូល A នឹងបន្តប្រកួតគ្នានៅជំនួបទីពីរ ដោយម្ចាស់ផ្ទះត្រូវតតាំងជាមួយហ្វីលីពីននៅម៉ោង៧យប់។ ដោយឡែកមីយ៉ាន់ នឹងចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួនទល់ទីម័រខាងកើតដែលរងបរាជ័យមួយប្រកួតរួមមកហើយនោះ។
 
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះហ្វីលីពីនប្រកួតស្មើជាមួយកម្ពុជាក្នុងលទ្ធល ១-១ ក្នុងពូល A។ កាលនោះកម្ពុជាបានកៅអីបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយទទួលបានចំណាត់ថ្នាក់ទី២ ស្របពេលហ្វីលីពីនហាលអាវក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ដោយមាន៧ពិន្ទុស្មើគ្នា ខុសតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ។ 
 
តើការជួយគ្នានៅយប់នេះ ម្ចាស់ផ្ទះកម្ពុជាអាចរកបាន៣ពិន្ទុពីគូប្រជែងចាស់ហ្វីលីពីនបាន ឬយ៉ាងណា?
 
សម្រាប់ជំនួបក្នុងពូល A រសៀលនេះរវាងមីយ៉ាន់ម៉ា និងទីម័រខាងកើតកើត ក៏ជាការជួបគ្នាជាថ្មីម្តងទៀត​ និង៣លើកជាប់ៗគ្នាផងដែរ ក្រោយក្រុមទាំងពីរស្ថិតក្នុងពូលជាមួយគ្នាកាលពីឆ្នាំ ២០១៩ នៅហ្វីលីពីន និងឆ្នាំ ២០២២ នៅវៀតណាម។
 
ក្នុងពូល A ជាមួយគ្នាឆ្នាំ២០១៩ មីយ៉ាន់ម៉ាធ្លាប់ឈ្នះទីម័រខាងកើតក្នុងលទ្ធផល ៣-១ និងឆ្នាំ២០២២ មីយ៉ាន់ម៉ា បានបន្តឈ្នះទីម័រខាងកើតក្នុងលទ្ធផល ៣-២។ តើទីម័រខាងកើត អាចបញ្ចប់ភាពចាញ់របស់ខ្លួនជាមួយមីយ៉ាន់ម៉ានៅលើទឹកដីកម្ពុជាបានដែលឬទេ?៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com