អន្តរជាតិ
ទីភ្នាក់ងារជនភៀសខ្លួន UN ព្រមានថា មនុស្សជាង៨០ម៉ឺននាក់អាចភៀសខ្លួនចេញពីស៊ូដង់ឆាប់ៗ
02, May 2023 , 3:13 pm        
រូបភាព
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១ ខែឧសភា ព្រមានថា ពលរដ្ឋនៅស៊ូដង់ប្រមាណ៨០​ម៉ឺននាក់ អាចនឹងភៀសខ្លួនទៅប្រទេសជិតខាង ខណៈដែលជម្លោះយោធាក្នុងប្រទេសដែលផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសាហាក់គ្មានភាពធូរស្បើយ។



លោក Raouf Mazou ជំនួយការស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន (UNHCR) របស់អង្គការសហប្រជាជាតិបានលើកឡើងក្នុងសន្និសីទមួយទៅកាន់រដ្ឋសមាជិកនៅទីក្រុងហ្សឺណែវថា ក្នុងការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ UNHCR បានរៀបចំផែនការសម្រាប់ផ្ដល់ជំនួយដល់ពលរដ្ឋប្រមាណ៨១ម៉ឺន៥ពាន់នាក់ដែលអាចភៀសខ្លួនចេញពីស៊ីដង់ចូលប្រទេសជិតខាង។ 
 
បើតាមលោក Raouf Mazou ប្រជាជន​ប្រមាណ៧៣ម៉ឺននាក់បាន​ភៀសខ្លួនចេញ​ពី​ស៊ូដង់​រួច​ហើយ។ បើតាមការប៉ាន់ប្រមាណរបស់លោក Mazou ពលរដ្ឋទាំង៨០​ ម៉ឺននាក់ដែលអាចភៀសខ្លួនចេញពីប្រទេសនាពេលឆាប់ៗនេះ អាចមានជនជាតិស៊ូដង់ប្រមាណ៥៨ ម៉ឺននាក់ ខណៈអ្នកផ្សេងទៀតគឺជាជនភៀសខ្លួនដែលបានភៀសទៅនៅស៊ូដង់ដើម្បីសុវត្ថិភាពកន្លងមក។
«​យើង​សង្ឃឹម​ថា​វានឹង​មិន​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​អំពើ​ហិង្សា​មិន​ឈប់​ទេ យើង​នឹង​ឃើញ​មនុស្ស​ជា​ច្រើន​ទៀត​ត្រូវ​បង្ខំ​ឱ្យ​ភៀស​ខ្លួនចេញ​ពី​​ស៊ូដង់​ដើម្បី​ស្វែង​រក​សុវត្ថិភាព»។ ប្រធាន UNHCR លោក Filippo Grandi បានលើកឡើងបែបនេះក្នុងសារតាមបណ្ដាញសង្គម Twitter ។ 
 
តាមការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិនានា ស្ថានភាពមនុស្សធម៌នៅស៊ូដង់កំពុងប្រែកាន់តែអាក្រក់ ចាប់តាំងពីការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាកន្លងមក។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងស៊ូដង់ដឹកនាំដោយលោកឧត្តមសេនីយ៍កងទ័ព Abdel Fattah al-Burhanនិងលោក Mohamed Hamdan Daglo ដែលជាមេបញ្ជាការកងកម្លាំងយោធាប៉ារ៉ា RSF ។
 
ទន្ទឹមនឹងការប៉ះទង្គិចគ្នានេះ ប្រជាជនស៊ូដង់រាប់លាននាក់ ដែលមិនអាចមានលទ្ធភាពគេចខ្លួន ត្រូវជ្រកកោននៅក្នុងផ្ទះដើម្បីគេចពីការប្រយុទ្ធ ទាំងគ្មានអាហារ និងទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ លើសពីនេះ UN និងអង្គការជំនួយផ្សេងទៀតបានកាត់បន្ថយសេវាកម្មផ្ដល់ជំនួយរបស់ខ្លួន​ ថែមទៀត។ ប៉ុន្តែកម្មវិធីស្បៀងអាហារពិភពលោកបានបញ្ជាក់ថាខ្លួនកំពុងបន្តប្រតិបត្តិការនៅក្នុងតំបន់ដែលមានសុវត្ថិភាព៕
 

Tag:
 ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com