ជាតិ
កម្ពុជា-ចិន សហការគ្នាទប់ស្តាត់ «ចលនាបដិវត្តពណ៌»
02, May 2023 , 7:59 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា និងលោក វ៉ាង សៀហុង រដ្ឋមន្រ្តីសន្តិសុខចិន ស្ថិតក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីការបន្តអនុវត្តកិច្ចសហប្រតិបត្តិការ កាលពីចុងខែមេសា ឆ្នាំ២០២៣ (រូបពីក្រសួងមហាផ្ទៃកម្ពុជា)។
សម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា និងលោក វ៉ាង សៀហុង រដ្ឋមន្រ្តីសន្តិសុខចិន ស្ថិតក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីការបន្តអនុវត្តកិច្ចសហប្រតិបត្តិការ កាលពីចុងខែមេសា ឆ្នាំ២០២៣ (រូបពីក្រសួងមហាផ្ទៃកម្ពុជា)។
ដោយ៖ ទេពញាណ 
 
ដំណើរទស្សនកិច្ចរបស់សម្តេច ស ខេង ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា​ ទៅកាន់មហាអំណាចចិន ធ្វើឲ្យមានការបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដោយក្នុងនោះ ក៏មានកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ចលនាបដិវត្តពណ៌ផងដែរ។



ឯកសារស្តីពីការបន្តអនុវត្តកិច្ចសហការប្រតិបត្តិការជាមួយគ្នា ត្រូវបានចុះហត្ថលេខាដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង សៀហុង (Wang Xiaohong) រដ្ឋមន្រ្តីក្រសួងសន្តិសុខចិន។ 
 
ឯកសារនោះ កំណត់ថា ភាគីទាំង២ សម្រេចបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ឲ្យបានដាច់ខាតនូវ «ការប៉ុនប៉ងបង្កើតចលនាបដិវត្តពណ៌» ឬសកម្មភាពដែលបង្កអសន្តិសុខ និងអស្ថិរភាពសង្គម ដើម្បីធានាដល់ការអភិវឌ្ឍ និងប្រយោជន៍នៃប្រជាជាតិទាំង២។ 
 
កិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន គឺ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដូចជា ឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការជួញដូរមនុស្ស ការរត់ពន្ធអាវុធ និង ការជួញដូរគ្រឿងញៀន ជាដើម។ 
 
បន្ថែមពីនេះ ក្រសួងទាំង២នេះ សម្រេចគាំទ្រគ្នាទៅវិញទៅមកលើការកសាងធនធានមនុស្ស និងគាំទ្រគ្នាលើផ្នែកបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពក្នុងការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបបទល្មើសឲ្យកាន់តែមានប្រសិទ្ធភាព។ 
 
ខ្លឹមសារអំពីដំណើរទស្សនកិច្ចរបស់សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង ទៅកាន់ប្រទេសចិន ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងមហាផ្ទៃកម្ពុជា។ ដំណើរទស្សនកិច្ចរបស់សម្តេចនៅចិន មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃ២៨ ដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៣៕ 
 
 

Tag:
 កម្ពុជា-ចិន
  កិច្ចសហការ
© រក្សាសិទ្ធិដោយ thmeythmey.com