អន្តរជាតិ
ចិន កែប្រែច្បាប់រើសទាហានថ្មី ស្របពេលមានក្តីបារម្ភពីការវាយប្រហារលើកោះតៃវ៉ាន់
02, May 2023 , 8:29 pm        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព AFP
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព AFP
ចិន នៅថ្ងៃទី១ ខែឧសភា បានអនុម័តការកែប្រែច្បាប់បំពេញកាតព្វកិច្ចយោធា ដែលអនុញ្ញាតឱ្យយោធាដែលចូលនិវត្តន៍អាចបំពេញការងារជាថ្មី ដើម្បីបន្ថែមទាហានដែលមានបទពិសោធ។ បន្ថែមពីនេះ ច្បាប់ថ្មីនោះ ក៏ផ្តោតលើការរើសទាហានថ្មី ដែលមានជំនាញវិស្វកម្ម និងបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនក្នុងសង្រ្គាមបែបថ្មីពាក់ព័ន្ធនឹងអវកាសក៏ដូចជាអ៊ីនធឺណិតផងដែរ។

 
ប៉ុន្មានឆ្នាំមកនេះ ចិនបានពង្រឹងសមត្ថភាព ក៏ដូចជាធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងខ្លាំង ដើម្បីការពារសន្តិសុខជាតិ ក៏ដូចជាអធិបតេយ្យរបស់ខ្លួន។ យ៉ាងណាមិញ ការលេចឡើងនៃអំណាចយោធាចិន បានធ្វើឱ្យប្រទេសមួយចំនួនមានក្តីបារម្ភយ៉ាងខ្លាំង ជាពិសេសពាក់ព័ន្ធនឹងការវាយប្រហារលើកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងតែងព្រមានពីការប្រើប្រាស់កម្លាំងយោធា ប្រសិនមានការប្រកាសឯករាជ្យណាមួយ។ 
 
ជុំវិញការពង្រឹងសមត្ថភាពយោធាបែបនេះ ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មការយោធាមជ្ឈិម បានអនុម័តការកែប្រែបទបញ្ញត្តិពាក់ព័ន្ធនឹងការរើសទាហានថ្មី ដោយផ្អែកលើច្បាប់បំពេញកាតព្វកិច្ចយោធា។ 
 
«យើងនឹងកសាងប្រព័ន្ធរើសយោធាថ្មីមួយ ដែលអាចឆ្លើយតបពីសម័យសន្តិភាពទៅស្ថានភាពអាសន្នឱ្យបានរហ័ស និងមានភាពរលូន»។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបញ្ជាក់បែបនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។ 
 
ក្នុងការធ្វើវិសោធនកម្មនេះផងដែរ ចិននឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ទាហានចូលនិវត្តន៍អាចត្រលប់មកកាន់អង្គភាពចាស់របស់ខ្លួនបាន ឬអាចបំពេញការងារចាស់របស់ខ្លួនបាន។ ជាប្រទេសដែលមានយោធាសកម្មប្រមាណ២នាក់ ចិនក៏បានផ្តោតលើការចុះឈ្មោះសម្រាប់និស្សិតផ្នែកវិស្វកម្ម និងវិទ្យាសាស្រ្ត សម្រាប់ហ្វឹកហាត់ក្នុងបច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត និងមនុស្សយន្តផង។ ពេលនេះ យោធាចិន កំពុងផ្តោតលើការស្រាវជ្រាវសង្រ្គាមបញ្ញាសិប្បនិម្មិត ដែលប្រើដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាផ្សេងទៀត។ 
 
បន្ថែមពីនេះ ការកែប្រែបទបញ្ញត្តិរើសទាហានថ្មី ក៏អនុញ្ញាតឱ្យចិនងាយស្រួលរើសទាហានថ្មី ក្នុងស្ថានភាពអាសន្នផងដែរ។ ត្រង់ចំណុចនេះ វាអនុញ្ញាតឱ្យរដ្ឋាភិបាលមានសិទ្ធិកែប្រែលក្ខខណ្ឌ និងវិធីសាស្រ្តរើសទាហាន ដោយផ្អែកលើប្រភេទទាហានតម្រូវ ស្ថានភាពនិងការផ្គត់ផ្គង់៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com